ទីក្រុងប្រ៊ុចសែលៈ ការស្ទង់មតិ​ដែល​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​កើនឡើង​ក្នុង​អត្រា​លឿន​បំផុត​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ​នៅ​ខែ​នេះ ដោយសារតែ​ការបើក​ជាថ្មី​នូវ​សេដ្ឋកិច្ច​ដែលមាន​សន្ទុះ​តម្រូវការ​។

IHS Markit ជា​ក្រុមហ៊ុន​ទិន្នន័យ​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ការចាក់​វ៉ាក់សាំង ដែលមាន​ការរីកចម្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍ កំពុង​ចាប់ផ្ដើម​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ដែល​បាន​ជំរុញ​ដោយ​ការបន្ធូរបន្ថយ​ការរឹតបន្តឹង​ដែល​កំពុងស្ថិត​នៅក្នុង​កម្រិត​ទាប​បំផុត​របស់​ពួកគេ​ចាប់តាំងពី​ខែកញ្ញា​។

លោក Chris Williamson ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន IHS Markit បាន​ថ្លែងថា​៖ «​ជីវិត​កាន់តែ​ភ្លឺ​ថ្លា​ដែល​ត្រឡប់​ទៅរក​ប្រក្រតីភាព​កាន់តែ​ខ្លាំង​ឡើងៗ បាន​ជំរុញ​ទំនុកចិត្ត​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន ដែល​បាន​ជំរុញ​ដោយ​ការចំណាយ​កាន់តែ​ច្រើនឡើង និង​ជំរុញ​ការជ្រើសរើស​បុគ្គលិក​»​។

ដោយហេតុនេះ សន្ទស្សន៍​គ្រប់គ្រង​ការទិញ​របស់​ក្រុមហ៊ុន​មួយ​នេះ ដែល​ចង្អុលបង្ហាញ​និន្នាការ​ក្នុង​ការផលិត និង​វិស័យ​សេវាកម្ម​បាន​ឲ្យ​ដឹងថា សកម្មភាព​បាន​កើនឡើង​ពី​ ៥៧,១ ​កាលពី​ខែឧសភា ដល់​កំណើន​ ៥៩,២​ កាលពី​ខែមិថុនា លើសពី​កម្រិត ​៥០ ​ពិន្ទុ​ដែល​ចង្អុលបង្ហាញ​កំណើន​។

ក្រុមហ៊ុន​បាន​បន្តថា ទិន្នន័យ​នឹង​ត្រួសត្រាយ​សម្រាប់​កំណើន​សំខាន់ៗ​នៅ​ត្រីមាស​ទី​ ២ និង​ត្រីមាស​ទី​ ៣ ដែល​បិទ​រយៈពេល​ការដើរថយក្រោយ​យ៉ាងខ្លាំង​នៃ​សេដ្ឋកិច្ច ដែល​បាន​កើតឡើង​ដោយសារ​តែ​ការបិទខ្ទប់​នៅ​សរទរដូវ​មុន និង​រដូវរងារ​។

កំណើន​ដ៏ខ្លាំង​នេះ​កំពុង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ផ្ទាល់​របស់ខ្លួន ជាមួយ​នឹង​ចង្វាក់​ផ្គត់ផ្គង់​ស្ថិតក្រោម​សម្ពាធ និង​តម្លៃ​ដែល​ឆ្លុះបញ្ចាំង​ការកើនឡើង​យ៉ាងខ្លាំង​នៃ​តម្រូវការ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន IHS Markit ។

លោក Williamson បាន​ថ្លែងថា​៖ «​ភាពខ្លាំង​នៃ​ការកើនឡើង​នេះ​ទាំង​នៅក្នុង​អឺរ៉ុប និង​ទូទាំង​ពិភពលោក​មាន​ន័យថា ក្រុមហ៊ុន​ជាច្រើន​កំពុង​ជម្នះ​ក្នុង​ការឆ្លើយតប​តាម​តម្រូវការ ដែល​ទទួលរង​កង្វះខាត​ទាំង​វត្ថុធាតុដើម និង​បុគ្គលិក​»​។

លោក​លើកឡើងថា​៖ «​ស្ថិតក្រោម​លក្ខខណ្ឌ​ទាំងនេះ អំណាច​កំណត់​តម្លៃ​របស់​ក្រុមហ៊ុន នឹង​បន្ត​បង្កើន​ដែល​ទីបំផុត​ដាក់​សម្ពាធ​កើនឡើង​បន្ថែមទៀត​លើ​អតិផរណា​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខនេះ​»៕ LA