ទីក្រុងប៉េកាំងៈ ធនាគារិក​បាន​ឲ្យ​ដឹងថា ការទូទាត់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជា​រូបិយប័ណ្ណ​ប្រាក់​យន់​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ចាប់​តាំងពីដើម​ឆ្នាំនេះ ដោយសារ​តែ​ការកែលម្អ​ប្រព័ន្ធ​អេកូស៊ីស្ដែម ដែល​ជំរុញ​ការប្រើប្រាស់​រូបិយប័ណ្ណ​របស់​ប្រទេស​ចិន​នៅ​បរទេស​។

នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ សន្ទស្សន៍​ការធ្វើ​សាកល​ភាវូបនីយកម្ម​រូបិយប័ណ្ណ​ប្រាក់​យន់ (RGI) ​នៃ​ក្រុមហ៊ុន Standard Chartered ជា​វិធានការ​មួយ​នៃ​ការប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់​យន់​អន្តរជាតិ ដែល​ត្រូវបាន​គណនា​ប្រចាំខែ បាន​កើនឡើង​ ១៣ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ចុងក្រោយ​ឆ្នាំមុន ដែល​កត់ត្រា​ការកើនឡើង​ប្រចាំត្រីមាស​ធំជាងគេ​ក្នុង​រយៈពេល ​៥ ​ឆ្នាំកន្លះ​។ ការកើនឡើង​នេះ​កើតឡើង​ បន្ទាប់ពី​កំណើន RGI ចំនួន ១០,៤ ​ភាគរយ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​ ២០២០​។

សន្ទស្សន៍​នេះ​ត្រូវបាន​ពឹង​ផ្អែកលើ​សមាសធាតុ ​៤ ប្រាក់​បញ្ញើ​រូបិយប័ណ្ណ​ប្រាក់​យន់​នៅក្រៅ​ប្រទេស ការទូទាត់​ពាណិជ្ជកម្ម និង​ការទូទាត់​អន្តរជាតិ​ផ្សេងទៀត មូលបត្រ​បំណុល Dim Sum និង​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ និង​ប្រាក់ចំណូល​ការប្តូរប្រាក់​ទាំងអស់​នេះ​បានមកពី​វិធីសាស្ដ្រ​នៅក្រៅ​ប្រទេស និង​ការគិត​ជា​ប្រាក់​យន់​។

លោកស្រី Jean Lu សហប្រធាន​វិទ្យាស្ថាន​សាជីវកម្ម ពាណិជ្ជកម្ម និង​ធនាគារ​ស្ថាប័ន​នៅក្នុង​ក្រុមហ៊ុន​ Standard Chartered China បាន​ឲ្យ​ដឹងថា ការកើនឡើង RGI មាន​ការជាប់ទាក់ទង​យ៉ាងខ្លាំង​ជាមួយ​នឹង​ការស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​របស់​ប្រទេស​ចិន​ពី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ អត្រា​ប្តូរប្រាក់​ថេរ​ជា​មូលដ្ឋាន​នៃ​រូបិយប័ណ្ណ​ប្រាក់​យន់ និង​ការបើកចំហ​កាន់តែខ្លាំង​ឡើង​ទីផ្សារ​មូលធន​របស់​ប្រទេស​ចិន​។

លោកស្រី​ថ្លែងថា​៖ «​ប្រទេស​ចិន​បាន​បង្កើត​ប្រព័ន្ធ​អេកូស៊ីស្ដែម ដែល​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់យន់​នៅ​បរទេស​។ ការកើនឡើង​ចំនួន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​បរទេស​ដែល​បាន​ចូលរួម​ជាមួយ​ប្រព័ន្ធ​ទូទាត់​អន្តរ​ធនាគារ​ឆ្លងកាត់​ព្រំដែន​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​របស់​ប្រទេស​នេះ ដោយសារ​តែ​ការកែលម្អ​បន្ថែមទៀត​នៃ​ប្រព័ន្ធ​នេះ​បាន​ធ្វើឲ្យ​ការទូទាត់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជា​ប្រាក់​យន់​មាន​ភាពងាយស្រួល​កាន់តែខ្លាំង​។ ក្រៅពីនេះ រូបិយប័ណ្ណ​ប្រាក់យន់​បាន​ក្លាយជា​រូបិយប័ណ្ណ​បម្រុង​ពិភពលោក ស្ថិតក្រោម​យន្តការ​នានា​ដូចជា​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ​របស់​ប្រទេស​ចិន​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​ផ្សេងទៀត​»​។

របាយការណ៍​ក្រុមហ៊ុន Shanghai Securities បាន​រាយការណ៍​ថា គិត​ត្រឹម​ថ្ងៃទី​ ១៧ ​ខែឧសភា ប្រព័ន្ធ​ទូទាត់​អន្តរធនាគារ​ឆ្លងកាត់​ព្រំដែន​មាន​អ្នកចូលរួម​ ១ ១៧១ ​នាក់​មកពី​ប្រទេស និង​តំបន់​ចំនួន​ ១០០​។ អាជីវកម្ម​របស់ខ្លួន​គ្របដណ្ដប់​លើ​ស្ថាប័ន​ធនាគារ​ស្របច្បាប់​ជាង​ ៣ ៤០០ ក្នុង​បណ្ដា​ប្រទេស និង​តំបន់​ជិត​ ២០០៕ China Daily-ANN/LA