ភ្នំពេញៈ អ្នក​តំណាង​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​សភា​ពាណិជ្ជកម្ម​បរទេស​នៅ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​បន្ធូរបន្ថយ​វិធានការ​មួយចំនួន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជុំវិញ​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ នៅតាម​បណ្ដា​រោងចក្រ និង​សហគ្រាស ដែល​វិធានការ​នេះ​អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​ទៅលើ​ការផលិត និង​ដាក់បន្ទុក​បន្ថែម​លើ​និយោជក ដែល​កំពុង​ប្រឈម​នឹង​ការពិបាក​ផ្នែក​ហិរញ្ញវត្ថុ​ ដោយសារ​ការរីករាលដាល​កូវីដ​ ១៩​។

យោងតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២១ ស្ដីពី​វិធានការ​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ ១៩ នៅតាម​បណ្ដា​រោងចក្រ សហគ្រាស​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ដែល​ភាគច្រើន​បណ្ដាល​មកពី​ការរស់នៅ​រួមគ្នា​របស់​បុគ្គលិក និង​កម្មករ​និយោជិត​រោងចក្រ​សហគ្រាស​នៅក្នុង​បន្ទប់​ជួល ឬ​អគារ​ជួល ការធ្វើ​ដំណើរ​រួមគ្នា ការទិញ​អាហារ​ពី​ស្ដង់​លក់​អាហារ​ ដែល​មិន​បាន​រៀបចំ​ឱ្យ​បាន​ល្អ មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រោងចក្រ​ជាច្រើន​ទៀត​។​ល​។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ «​ការដាក់ចេញ​ផែនការ​ស្ដីពី​វិធានការ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ នៅតាម​បណ្ដា​រោងចក្រ​សហគ្រាស​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ មាន​គោលបំណង​ធានា​សុខុមាលភាព សុវត្ថិភាព និង​ការរស់នៅ​របស់​បុគ្គលិក និង​កម្មករនិយោជិត ព្រមទាំង​ស្ថិរភាព​ការផលិត​របស់​រោងចក្រ​សហគ្រាស​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​តាមរយៈ​ការកំណត់​វិធានការ​ចាំបាច់​នានា​»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា GMAC ពេញចិត្ត​ចំពោះ​វិធានការ​ទាំងនេះ (​វិធានការ​ចំពោះ​កិច្ច វិធានការ​រយៈពេល​មធ្យម និង​វិធានការ​រយៈពេល​វែង​) ដើម្បី​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ នៅតាម​បណ្ដា​រោងចក្រ សហគ្រាស​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។ ទោះយ៉ាងណា លោក​បានឱ្យ​ដឹងថា វិធានការ​មួយចំនួន​ដែល​បាន​ដាក់ចេញ​មាន​កម្រិត​លើសពី​សមត្ថភាព​ផ្នែក​រដ្ឋបាល ហិរញ្ញវត្ថុ និង​បច្ចេកទេស​របស់​រោងចក្រ សហគ្រាស​ក្នុង​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​លើកឡើងថា បញ្ហា​ប្រឈម​ទី​ ១ គឺ​លើ​វិធានការ​ចំណុច​ ខ.៥ (​ចំពោះ​និយោជក​) ​ត្រៀម​ទីតាំង​សមស្រប​សម្រាប់​ធ្វើតេស្ដ​យក​សំណាក អនុវត្ត​វិធាន​ចត្តាឡីស័ក ឬ​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

លោក​លើកឡើងថា​៖ «​រោងចក្រ​សហគ្រាស​ភាគច្រើន​មិនមាន​ទីតាំង​សមស្រប​ដើម្បី​អនុវត្ត​វិធានការ​ចត្តាឡីស័ក ឬ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល​ឱ្យ​បាន​ត្រឹមត្រូវ​ទៅនឹង​វិធានការ​សុខាភិបាល​របស់​រដ្ឋាភិបាល​ឡើយ​»​។

លោក​បន្តថា ជាក់ស្ដែង​រោងចក្រ​សហគ្រាស​មិនអាច​ផ្ដល់​ទីតាំង​ស្នាក់នៅ ផ្គត់ផ្គង់​អាហារ និង​ការគាំទ្រ​ផ្សេងៗ​សម្រាប់​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កម្មករនិយោជិត​ដែល​អនុវត្ត​វិធានការ​ចត្តាឡីស័ក ឬ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​ឡើយ​។ ហើយ​កន្លងមកនេះ​ក៏មាន​ការតវ៉ារ​បស់បង​ប្អូន​កម្មករនិយោជិត​ ដើម្បី​ទៅធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​រោងចក្រ​ក៏​មិនអាច​ទទួល​រ៉ាប់រង​បន្ទុក​ចំណាយ​ទាំងស្រុង​លើ​ការធ្វើ​ចត្តាឡីស័ក និង​ព្យាបាល​អ្នកជំងឺ​កម្រិត​ស្រាល​បន្ថែម​លើ​ការទទួល​បន្ទុក​បើកប្រាក់​បៀវត្ស​ជូន​កម្មករនិយោជិត​ដោយ​គ្មាន​ផលិតកម្ម​នោះទេ​»​។

បញ្ហា​បន្ទាប់បន្សំ​ផ្សេង​ទៀត​មានដូចជា វិធានការ​ចំណុច​ ខ.៩ (​ចំពោះ​និយោជក​) មិន​អនុញ្ញាត​ឱ្យមាន​ការលក់​ដូច​អាហារ ភេសជ្ជៈ សម្ភារ​ប្រើប្រាស់ ឬ​គ្រឿងឧបភោគ បរិភោគ​ផ្សេងៗ​ដែល​គ្មាន​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ជុំវិញ​ទីតាំង​រោងចក្រ​សហគ្រាស​នោះទេ​។

លោក ខេន លូ បានឱ្យ​ដឹងថា និយោជក​មិនមាន​សិទ្ធិ​អំណាច ឬ​សមត្ថកិច្ច​ស្របច្បាប់​ទៅ​ហាមឃាត់​បងប្អូន​ប្រជាពលរដ្ឋ​មិនឱ្យ​លក់​អាហារ ភេសជ្ជៈ សម្ភារ​ប្រើប្រាស់ ឬ​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ​នៅ​ជុំវិញ​ទីតាំង​រោងចក្រ​សហគ្រាស​ឡើយ​។ ខណៈ​ដែល​វិធានការ​ចំណុច ខ.១០ របស់​រដ្ឋបាល​រាជធានី​ (​ចំពោះ​និយោជក​) ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក និង​កម្មករនិយោជិត ចេញ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​នោះទេ​។

លោក​ ខេន លូ បន្តថា និយោជក​មិនមាន​សិទ្ធិអំណាច​តាមផ្លូវ​ច្បាប់​ណាមួយ​ក្នុង​ការហាមឃាត់​បងប្អូន​កម្មករ និយោជិត​មិនឱ្យ​ចេញពី​រោងចក្រ​ ដើម្បី​ទៅ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​នោះឡើយ​។ ជាទូទៅ​បងប្អូន​កម្មករ និយោជិត​មាន​សេរីភាព​ពេញលេញ​ក្នុង​ការស្វែងរក​ទីកន្លែង​សមស្រប​ណាមួយ​ ដើម្បី​បរិភោគ​អាហារ នៅពេល​ផុត​ម៉ោង​ការងារ​។

លោក ខេន លូ បញ្ជាក់ថា​៖ «​ជា​កិច្ច​សម្រួល​ដល់​រោងចក្រ​សហគ្រាស​ឱ្យនៅ​បន្ត​និរន្តរភាព​នៃ​ដំណើរការ​ផលិតកម្ម​នាំចេញ ដើម្បី​បន្ត​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា សមាគម​ស្នើសុំ ឯកឧត្តម​អគ្គបណ្ឌិតសភា​ចារ្យ ឯកឧត្តម​សាស្ដ្រាចារ្យ ឯកឧត្តម​បណ្ឌិត និង​ឯកឧត្តម​អភិបាល មេត្តាជួយ​ធានា​បន្ត​នូវ​គោលនយោបាយ​របស់​រដ្ឋ​ដែល​មាន​ពីមុន​លើ​ការចំណាយ​ចំពោះ​ការធ្វើ​តេស្ដ ការធ្វើ​ចត្តាឡីស័ក និង​ការព្យាបាល​រហូតដល់​ជាសះស្បើយ​ ដែល​ជា​បន្ទុក​របស់​រដ្ឋ និង​បន្ធូរបន្ថយ​វិធានការ​មួយចំនួន​ដូចដែល​បាន​រៀបរាប់​ខាងលើ​។

ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុនថៃ បានចង្អុល​បង្ហាញ​ថា វិធានការ​នេះ​នឹង​បន្ថែម​បន្ទុក​លើ​វិស័យ​រោងចក្រ​សហគ្រាស​។ លោក​បន្តថា​៖ «​យើង​ពេញចិត្ត​វិធានការ​រឹតបន្តឹង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ទោះជា​យ៉ាងណា វិធានការ​នេះ​គឺ​អាច​ជា​បន្ទុក​បន្ថែមទៀត​លើ​ពួកយើង ហើយ​វា​នឹង​ប៉ះពាល់​លើ​ផលិតកម្ម​ប្រសិន​វា​ត្រូវបាន​អនុវត្ត​»​។ លោក​បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា រដ្ឋាភិបាល និង​ឯកឧត្តម​អភិបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​ជួយ​បន្ធូរបន្ថយ​ដល់​ពួកយើង​ជុំវិញ​វិធានការ​នេះ​»​។

លោក Neo Schellinck ប្រធាន​ផ្នែក​តស៊ូ​មតិ​របស់ EuroCham Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា វិធានការ​នេះ​ត្រូវបាន​ពិភាក្សា​នៅ​ទីនេះ​ជាមួយ​សមាជិក​ជាច្រើន​។ ទោះយ៉ាងណា លោក​ត្រូវការ​ព័ត៌មាន​លម្អិត​បន្ថែម​ដែល​អនុវត្ត​ការសម្រេចចិត្ត​ស្រប​ទៅ​តាម​ផែនការ​នេះ​។

លោក​ថ្លែងថា​៖ «​មាន​សំណួរ​ជាក់ស្ដែង និង​ការបារម្ភ​ជាច្រើន ដែល​នឹង​ចាំបាច់​ត្រូវឱ្យ​ដោះស្រាយ​។ យើង​ចង់ឱ្យ​រដ្ឋបាល​រដ្ឋធានី រៀបចំ​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​ឯកជន ដើម្បី​លុបបំបាត់​ក្តីបារម្ភ​របស់​ពួកគេ​ជុំវិញ​វិធានការ​នេះ​ជាមុនសិន​»​។

យោងតាម​លិខិត​បាន​ពី​រដ្ឋបាល​រាជធានី គិត​ត្រឹម​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២១ ក្នុង​ភូមិសាស្ដ្រ​ភ្នំពេញ​មាន​រោងចក្រ​ចំនួន​ ៧៤៦ និង ៤ ៩៨៥ ទីតាំង​នៃ​ឧស្សាហកម្ម​ខ្នាតតូច និង​សិប្បកម្ម​ដែល​បាន​បង្កើត​ការងារ​ផ្ទាល់​ចំនួន ៤៧៦ ៣៥០ ​កន្លែង និង​ការងារ​មិនផ្ទាល់​រាប់ម៉ឺន​កន្លែង និង​ក្រុមប្រឹក្សា​វិនិយោគ​រាជធានី​ភ្នំពេញ​បាន​ចុះបញ្ជី​រោងចក្រ​បន្ថែម​ចំនួន​ ៣៤​។

លិខិត​នេះ​បន្តថា​៖ «​ទោះបីជា​កាលៈទេសៈ​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​ក៏ដោយ ក៏​សកម្មភាព​អាជីវកម្ម និង​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស​ស្ទើរតែ​ទាំងអស់​នៅតែ​ប្រតិបត្តិការ​ធម្មតា និង​មាន​មួយចំនួន​ប៉ុណ្ណោះ​បាន​ផ្អាក​ប្រតិបត្តិការ​»៕ LA

វីដេអូ៖