ភ្នំពេញៈ កម្ពុជា និង​ចក្រភព​អង់គ្លេស​កំពុង​ពិចារណា​រួមគ្នា​បង្កើត​ឱ្យ​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការសម្របសម្រួល​ពាណិជ្ជកម្ម (MoU on Trade Facilitation) ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យមាន​កំណើន​បន្ថែមទៀត ខណៈ​បច្ចុប្បន្ននេះ​កម្ពុជា​ក៏​កំពុង​ទទួលបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) ​ពី​ចក្រភព​អង់គ្លេស​ផងដែរ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្នុងជំនួប​ជាមួយ​លោក Dominic Raab រដ្ឋមន្ត្រី​ការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​នៅ​ទីស្តីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា ឆ្នាំ​ ២០២១ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើកឡើង​ពី​សារៈសំខាន់ និង​ភាពវិជ្ជមាន​នៃ​ទំនាក់ទំនង​ការទូត​ដែល​កម្ពុជា និង​ចក្រភព​អង់គ្លេស​សម្រេចបាន​ពេលកន្លងមក ជាពិសេស​លោក​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ដែល​បាន​ផ្តល់​មកឱ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដើម្បី​ជួយ​សម្រួល​ដល់​ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ចក្រភព​អង់គ្លេស​។

តាមរយៈ​ជំនួប​នេះ ភាគី​ទាំង​ ២ ក៏បាន​សន្យា​នឹង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​មួយចំនួន​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក ពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការ​បោសសម្អាត​មីន សុខាភិបាល និង​បរិស្ថាន​ជាដើម​។ រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​ក៏បាន​ឯកភាព​គ្នា​លើ​ភាពចាំបាច់​ក្នុង​ការផ្សព្វផ្សាយ​អំពី​ឱកាស​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​វិនិយោគិន​ចក្រភព​អង់គ្លេស​ឱ្យ​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​ជា​គោលដៅ​សម្រាប់​វិនិយោគ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ចក្រភព​អង់គ្លេស​ជា​ទីផ្សារ​នាំចេញ​សំខាន់​របស់​កម្ពុជា ហេតុនេះ​ការបង្កើត​ឱ្យ​មាន MoU ឬ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ទោះ​ក្នុង​លក្ខណៈ​ទ្វេភាគី ឬ​តំបន់ គឺ​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ច្រើន​ឱ្យ​កម្ពុជា​។ ផលិតផល​វាយនភណ្ឌ​កម្ពុជា​ជាច្រើន​ត្រូវបាន​នាំទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​ជា​រៀងរាល់ឆ្នាំ ក្រៅពីនោះ​មានដូចជា កង់ និង​អង្ករ ជាដើម​។ លោក​បន្ថែមថា ម្យ៉ាងទៀត​ដោយសារ​ចក្រភព​អង់គ្លេស មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​សហភាព​អឺរ៉ុប​។ ដូច្នេះ​តាមរយៈ​នេះ​ផលិតផល​ខ្លះ​របស់​កម្ពុជា​ក៏​អាចមាន​លំហូរ​ទៅដល់​ទីផ្សារ​អឺរ៉ុប​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​បើ​កម្ពុជា​មាន MoU ជាមួយ​អង់គ្លេស​បន្ថែមទៀត វា​នឹង​ធ្វើឱ្យ​ទំនិញ​កម្ពុជា​មាន​ទីផ្សារ​កាន់តែ​ធំ ហើយ​អាច​នឹង​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ផងដែរ​»​។

ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ចក្រភព​អង់គ្លេស​មាន​ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត ចំណែក​ការនាំ​ចូលមក​វិញ​មាន​ភាគច្រើន​ជា​រថយន្ត និង​គ្រឿង​ម៉ាស៊ីន​។

បន្ទាប់ពី​ចាកចេញ​ពី​សហភាព​អឺរ៉ុប កាលពី​ចុងឆ្នាំ​ ២០២០ អង់គ្លេស បានប្រកាស​ផ្តល់ឱ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) រួម​ជាមួយ​នឹង​ប្រទេស​ជាង ៤០ ​ផ្សេងទៀត​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ កាលពី​ខែកុម្ភៈ​បាន​និយាយថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​លើកស្ទួយ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ក្នុង​ការអភិវឌ្ឍ​វិស័យ​អាទិភាព​មួយចំនួន ជាពិសេស​វិស័យ​អប់រំ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​តាមរយៈ​ការផ្តល់ GSP ដែល​បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ខែមករា ឆ្នាំ​ ២០២១ ក្រោយពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​កំណែទម្រង់​ស្ថាប័ន និង​បទប្បញ្ញត្តិ​នានា សម្រាប់​ការធ្វើ​សមារណកម្ម​សេដ្ឋកិច្ច និង​បង្ហាញ​ពី​ឆន្ទៈ​ដ៏មោះមុត​ក្នុង​ការពង្រីក​ដៃគូ​ពាណិជ្ជកម្ម តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចក្រភព​អង់គ្លេស​មាន​តម្លៃ​សរុប ៨៧៧,៥៤ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៧ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១ ០៥៧,២៨ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ៨២៦,១៦ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៥,៤៨ ​ភាគរយ និង​នាំចូល មាន ៥១,៣៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៣៥,៦ ​ភាគរយ​៕