ភ្នំពេញៈ Yugo Global Industries Pte Ltd ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​នៅ​ប្រទេស សិង្ហបុរី ផ្តោត​លើ​ការ​ផ្តល់​ជើង​ហោះហើរ​ឯកជន បាន​ប្រកាស​ពី​ការ​ត​ភ្ជាប់​ជើង​ហោះហើរ​លក្ខណៈ​ជួល (Charter) មក​ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី និង ហ្វីលីពីន ដែល​ជា​សញ្ញា​មួយ​ក្នុង​ការ​ពង្រីក​កំណើន​ជើង​ហោះហើរ​នៅ​តំបន់​អាស៊ាន។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា ដោយ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ និង​យន្ដហោះ​របស់​ខ្លួន (helicopters and jets) Yugo នឹង​ផ្តល់​សេវាកម្ម​ហោះហើរ​ចល័ត​ដែល​ត​ភ្ជាប់​ជើង​ហោះហើរ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​កាន់​ទ្វីប​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល។

លោក Camille Ngo ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Yugo បាន​ឱ្យ​ដឹង​ថា បេសកកម្ម​របស់​ក្រុមហ៊ុន គឺ​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​របស់​យើង​ក្នុង​ការ​ហោះហើរ​ឯកជន​គ្រប់​ទី​កន្លែង គ្រប់​ពេល​តាម​ឧទ្ធម្ភាគចក្រ ឬ យន្ដហោះ​ឯកជន។

លោក Camille បន្ថែម​ថា៖ «យើង​មាន​គោល​បំណង​ដើម្បី​ឈាន​ដល់​ស្ថានភាព​អាកាសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ដោយ​គិត​គូរ​ពី​ទិដ្ឋភាព​បរិស្ថាន និង​ទំនួល​ខុស​ត្រូវ​សង្គម»។

របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា វិបត្តិ​នៃ​ជំងឺ​សកល​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​លក្ខណៈ​អន្តរជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ឆ្នាំ ២០២០ មក។

យោង​តាម​ទិន្នន័យ នៅ​ក្នុង​រយៈពេល ៤​ខែ​ដំបូង​ឆ្នាំ ២០២១ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា មាន​ចំនួន​សរុប ៨២ ៨៣៩នាក់ ធ្លាក់​ចុះ ៩២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០៕