ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​គ្រោង​នឹង​សម្ពោធ​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​ម៉ាក​សមូហភាព​ «​អំបុក​កំពង់ធំ​» ក្នុង​ឆ្នាំ​ ២០២១ ​នេះ ដើម្បី​ជំរុញ​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ឈានទៅ​ពង្រីក​ខ្លួន​លើ​ទីផ្សារ​អន្តរជាតិ​។

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ ខែ​មករា ឆ្នាំ​ ២០២១​។ «​ទឹកឃ្មុំ​ព្រៃមណ្ឌលគិរី​» ​គឺជា​ទំនិញ​ទី​ ៤ ដែល​ក្រសួង​បាន​ចុះបញ្ជី​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ បន្ទាប់ពី​ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចត្លុង​កោះ​ទ្រង់​។

ចំណែក​ «​អំបុក​កំពង់ធំ​» ត្រូវបាន​ក្រសួង​ទទួលស្គាល់​ក្នុង​មហាសន្និបាត​នៃ​ក្រុម​អ្នក​ផលិត​អំបុក​កំពង់ធំ​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំនេះ​។ អំបុក​កំពង់ធំ ស្ថិត​នៅ​ឃុំ​សាន់គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​នឹង​ត្រូវ​បាន​ការពារ​ដោយ​មាន​ដើមកំណើត​ផ្សារភ្ជាប់​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់​មាន​គុណភាព និង​គុណ​តម្លៃ​ច្បាស់លាស់ ព្រម​ទាំង​ធ្វើឱ្យ​ប្រជាជន និង​ផលិតករ​ក្នុង​តំបន់​អាច​ធ្វើការ​ផ្ទេរ​ចំណេះ និង​ជំនាញ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោម​ការផ្តួចផ្តើម​របស់​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ (GI) «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​ម៉ាក​សមូហភាព «​អំបុក​កំពង់ធំ​» នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំនេះ​។

លោក​បន្ថែមថា កម្ពុជា​នឹង​ទទួល​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ពី​ម៉ាក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ឬម៉ាក​សមូហភាព​តាមរយៈ​ការបង្កើត​តម្លៃបន្ថែម​។ ការចុះបញ្ជី GI ក៏​ជា​ឧបករណ៍​ដ៏សំខាន់​មួយ​សម្រាប់​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ផលិត​នូវ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ និង​ម៉ាក​សមូហភាព​ដែល​មាន​គុណភាព​ខ្ពស់​តាមរយៈ​ការពង្រឹង និង​ពង្រីក​ចង្វាក់​ផលិតកម្ម បង្កើន​ការត្រួតពិនិត្យ​គុណភាព​ជា​ប្រព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ និង​ឈានទៅ​ការនាំ​ចេញទៅ​ទីផ្សារ​បរទេស​។

លោក​បញ្ជាក់ថា​៖ «​ការរីកចម្រើន​នៃ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ និង​ម៉ាក​សមូហភាព​ក៏​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​លើ​វិស័យ​ដទៃទៀត​ដូចជា ទេសចរណ៍ ជាដើម តាមរយៈ​អត្តសញ្ញាណ និង​មុខមាត់​ដែនដី ជួយ​បង្កើន​គុណភាព ឬ​ផលិតផល រចនាសម្ព័ន្ធ​នៃ​ខ្សែចង្វាក់​ផលិតកម្ម​»​។

អ្នកស្រី ស្រូវ ផារី អ្នកទិញ​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​ពី​សហគមន៍​បាន​ស្វាគមន៍​ចំពោះ​ផែនការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ទំនិញ GI នេះ​ដោយ​អ្នកស្រី​សង្ឃឹមថា ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​នឹង​មាន​ទីផ្សារ​ល្អ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។

អ្នកស្រី​និយាយថា​៖ «​យើង​ទន្ទឹង​រង់ចាំ​យូរហើយ ខ្ញុំ​គិតថា នេះ​ជា​រឿង​ល្អ​ដែល​នឹង​ជួយ​បង្កើន​តម្លៃបន្ថែម និង​បង្កើត​ប្រាក់ចំណូល​ដល់​សហគមន៍ ហើយនឹង​ជួយ​ការពារ​ពី​ការក្លែងបន្លំ​ទឹកឃ្មុំ​ពី​តំបន់​ផ្សេង​ផងដែរ​»​។

អ្នកស្រី ផារី មានជំនឿថា ការដាក់​ឱ្យ​ប្រើប្រាស់​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី GI ក៏​នឹង​ជួយ​ទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​មក​បញ្ជា​ទិញ​ទឹកឃ្មុំ​កាន់តែ​ច្រើន​ពី​សហគមន៍​។ ដោយ​មាន​តម្រូវការ​ក្នុង​ស្រុក​កើនឡើង​អ្នកស្រី​ក៏មាន​ផែន​ការទិញ​ទឹកឃ្មុំ ៦០០ ​គីឡូក្រាម​នៅ​ឆ្នាំនេះ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​បើទោះបី​យើង​មិនទាន់​មាន​ការកុម្ម៉ង់​ទិញ​ពី​ក្រុមហ៊ុន​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ក៏​ខ្ញុំ​សង្ឃឹមថា ការដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នឹង​ជំរុញ​មាន​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​សម្រាប់​នាំចេញ​»​។

បើតាម​លោក កើញ បូផាត់ ប្រធាន​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី​កាលពី​ឆ្នាំមុន សមាគម​ប្រមូលផល​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​បាន​ជាង ៦០ ​តោន ហើយ​សព្វថ្ងៃ​សមាគម​ទិញ​ពី​សមាជិក​ក្នុងតម្លៃ ៦ ​ម៉ឺន​រៀល​ក្នុង ១ ​លីត្រ និង​លក់​ចេញពី ៧ ទៅ ៧,៥ ​ម៉ឺន​រៀល​។

លោក​បន្ថែមថា​៖ «​លក្ខណពិសេស​របស់​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី គឺ​រសជាតិ​ផ្អែម​ឆ្ងាញ់ ខាប់ និង​ក្លិនក្រអូប​»​។

លោក ស៊ាង ថៃ បានឱ្យដឹង​ទៀតថា ម៉ាក​សមូហភាព​មួយចំនួន​ទៀត​ក្រសួង​នឹង​ចុះបញ្ជី​បន្ថែមទៀត​ដូចជា នំ​បញ្ចុក​សៀមរាប​ (​ព្រះដាក់​) និង​ចម្លាក់​ប្រាក់​ស្ពាន់​ (​កំពង់​លួង កោះ​ចិន​) ​នៅ​ខេត្តកណ្តាល​។ លោក​បន្តថា ក្រសួង​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាក​សមូហភាព​ដោយ​សង្ឃឹមថា​នឹង​បញ្ចប់​នាពេល​ខាងមុខ​ឆាប់ៗ​។

បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​រៀបចំ​ចងក្រង​សេចក្តី​ព្រាង​បទបញ្ជា​រួម​គ្រប់គ្រង​ការប្រើ​ម៉ាក​សមូហភាព និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​ពងទា​កូន​តាកែវ (​ស្រែ​រនោង​) និង​ក្រូចពោធិ៍សាត់​។ ចំណែក​អំបិល និង​ផ្កាអំបិល​កំពត បាននិង​កំពុង​រៀបចំ​ជាមួយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ (WIPO) និង​ទីភ្នាក់ងារ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ (AFD)​។ នេះ​បើតាម​លោក ស៊ាង ថៃ​៕ LA