ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ថ្ងៃ​ពុធ​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ឱ្យ​ក្រុមហ៊ុន Leisger (Cambodia) Co., Ltd លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ទោចក្រយាន​ (​កង់​) ​ទោចក្រយាន​អគ្គិសនី​ (​កង់​អាគុយ​) ​និង​គ្រឿង​បង្គុំ​ទោចក្រយាន​គ្រប់​ប្រភេទ​ក្រោម​ទុនវិនិយោគ ១៣,៩ ​លាន​ដុល្លារ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ឱ្យដឹង​ទៀតថា គម្រោង​ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ក្នុង​ខេត្តស្វាយរៀង​នេះ និង​ឱកាស​បង្កើត​ការងារ​បាន​ចំនួន ២៥១ ​នាក់​។

អភិបាលរង​ខេត្ត​ស្វាយរៀង​លោក រស់ ផារិទ្ធ បាន​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​នៅក្នុង​ខេត្តស្វាយរៀង​ដែល​តំបន់​មាន​សក្តានុពល​ពាណិជ្ជកម្ម​ខ្ពស់​នៅ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​។ លោក​និយាយថា​៖ «​យើង​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ តែ​យើង​ជឿថា ការវិនិយោគ​នេះ​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ថែមទៀត​»​។

លោក ផារិទ្ធ បន្តថា សមទ្ធិផល​ទាំងអស់​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការកៀរគរ​វិនិយោគិន​ពី​បរទេស​មក​កម្ពុជា​។

លោក​អះអាង​ថា​៖ «​យើង​នឹង​ជួយ​សម្របសម្រួល​ក្នុង​ការផ្តល់​សេវាសាធារណៈ​ដល់​ពួកគេ ដើម្បី​បម្រើឱ្យ​គម្រោង​បង្កើត​រោងចក្រ​នេះ​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ធ្លាប់​បាន​លើកឡើង​ថា ការបង្កើត​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន និង​កម្ពុជា-កូរ៉េ​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​នៅពេល​ខាងមុខ ព្រមទាំង កិច្ចព្រមព្រៀង RCEP ជាដើម បាននិង​កំពុង​ចូលរួមចំណែក​ទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​យើង​នឹងមាន​លំហូរ​វិនិយោគិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​នាពេល​អនាគត​ពិសេស​ បន្ទាប់ពី​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវ​បានបញ្ចប់​ទាំងស្រុង​»​។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​កង់ និង​គ្រឿងបន្លាស់​ក្នុងតម្លៃ​សរុប ៥២៧,៨ ​លាន​ដុល្លារ កើនឡើង ២៧,៧៨ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ​ប្រមាណ ៤១២,៤៩ លាន​ដុល្លារ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ខែ​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​ដែល​នាំចូល​កង់​ច្រើន​ពី​កម្ពុជា​រួមមាន អាមេរិក ចក្រភព​អង់គ្លេស អឺរ៉ុប ជប៉ុន កាណាដា ចិន កូរ៉េខាងត្បូង និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

លោក​និយាយថា​៖ «​កត្តា​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ការនាំចេញ​កង់ និង​គ្រឿងបន្លាស់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង គឺ​ដោយសារ​មាន​ការអំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​អ្នកបញ្ជា​ទិញ​នៅ​បន្ត​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា និង​ការមាន​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​»​។

បើតាម​លោក ស៊ាង ថៃ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ដំឡើង​កង់​ចំនួន ៦ ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្តស្វាយរៀង​។

ក្រុមហ៊ុន​ប្រមាណ​ជាង ៦ ពាន់​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​ទឹកប្រាក់​ជាង​ ២,៦ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​គត់ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ១៥ ខែ​មិថុនា ឆ្នាំ​ ២០២០​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ក្នុង​ឆ្នាំ​ ២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៣៨ ​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប ៨, ២ ​ពាន់​លាន​ដុល្លារ ថយចុះ ១២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ជារួម​ការថយចុះ​នេះ​ស្ថិតក្នុង​កម្រិត​មួយ​ល្អ ប្រសើរ​បើ​ធៀប​នឹង​ការព្យាករ​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD)​។ នេះ​បើ​យោងតាម CDC៕ LA