ភ្នំពេញៈ ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា​​បានអនុម័ត​កញ្ចប់ ឥណទាន​មាន​តម្លៃ​ទឹកប្រាក់​ចំនួន ២០០ ​លាន​ដុល្លារ​អាមេរិក​របស់​សមាគមន៍ អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​គម្រោង​រៀបចំ​គោលនយោបាយ ហិរញ្ញប្បទាន​ ដើម្បី​ជួយសង្គ្រោះ ការរើប​ឡើងវិញ និង​ការកសាង​ភាពធន់​របស់​កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ទៅនឹង​ជំងឺ​កូវីដ​ ១៩ ​ដែល​កំពុងតែ​កើតមានឡើង និង​ការចាប់​ផ្តើម​ឈាន​ទៅ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​។

ធនាគារ​ពិភពលោក​ថា​៖ "​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ​ ១៩ តាមរយៈ​កិច្ចអន្តរាគមន៍​សង្គ្រោះ​ទាន់​ពេលវេលា និង​ចំគោលដៅ សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ​, ការសម្រួល​ឱ្យ​សេដ្ឋកិច្ច​រើប​ឡើងវិញ​ដោយ​ស្វាហាប់ តាមរយៈ​ការកែទម្រង់​ជា​រចនាសម្ព័ន្ធ និង ការកសាង​ភាពធន់​សម្រាប់​ទប់ទល់​ទៅនឹង​ស្ថានភាព​អង្រួន​ផ្នែក​សេដ្ឋកិច្ច​នាពេល​អនាគត​"​។

ធនាគារ​នេះ​បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​កំពុងតែ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ និង​សង្គម​ដែល​មិន​ធ្លាប់មាន​។ ជា​លើកដំបូង​ហើយ​ក្នុង​រយៈពេល ៣០ ​ឆ្នាំ​ ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ​នៅក្នុង​ឆ្នាំ ២០២០ បាន​រួញ​ទំហំ​អស់ ៣,១ ​ភាគរយ ហើយ​ពេលនេះ​កម្ពុជា​កំពុង​ស្ថិតនៅ​កណ្តាល​ស្ថានភាព​ដ៏អាក្រក់​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ចាប់​តាំងពី​មាន​ការ​ផ្ទុះឡើង​នៃ​ការរាតត្បាត​ជំងឺ​នេះ​ដំបូង​មក​។

វិស័យ​ដែល​រង​ផល់ប៉ះពាល់​ខ្លាំង​បំផុត​រួមមាន ផ្នែក​កាត់ដេរ ទេសចរណ៍ និង សំណង់​ហើយ​វិស័យ​ទាំងនេះ សុទ្ធតែ​បាន​ផ្តល់​ការងារ​ច្រើន​ជាងគេ​នៅ​កម្ពុជា ដែល​វា​បាន​បង្កើត​បន្ថែម​នូវ​បញ្ហា​ប្រឈម​សម្រាប់ ការស្តារ​សេដ្ឋកិច្ច​ឱ្យ​មាន​និរន្តរភាព​ឡើងវិញ​។ ខណៈ​ដែល​វិធាន​ទប់ស្កាត់​បញ្ហា​ប្រឈម​សំខាន់ៗ​បំផុត​នៅ​មិនទាន់​មាន​ការរាតត្បាត​ជំងឺ​នេះ​អាច​នឹង​បណ្តាលឱ្យ​ភាពអត់​ការងារ​ធ្វើ និង​ភាពក្រីក្រ​កាន់តែ​កើនឡើង​ថែម​ទៀត ដែល​ក្នុងនោះ​ពលរដ្ឋ​ជិត​មួយ​លាន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាពក្រីក្រ​វិញ​។

" ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្ថានភាព​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ឆ្លើយតប​បន្ទាន់​នានា ហើយ​បច្ចុប្បន្ន​ក៏​កំពុងតែ​រៀបចំ​ផែនការ​សម្រាប់ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​វិបត្តិ​កូវីដ​ ១៩ (Post-COVID-19 Economic Recovery Plan) ផងដែរ​។

គម្រោង DPF នេះ​នឹង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ស្ថានការណ៍​អាក្រក់​ណាមួយ​ ដែល​កើតចេញពី​ការរាតត្បាត​របស់​ជំងឺ​នេះ ដោយ​ជួយ​ទ្រទ្រង់​ដល់​ចំណាត់ការ​នានា​ក្នុង​ការផ្តល់​ជំនួយ​សង្គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ និង ក្រុមហ៊ុន​ដែល​រងផលប៉ះពាល់​។ ចំណាត់ការ​ទាំងនោះ​រួមមាន​ការធ្វើ​កំណែទម្រង់ ដើម្បី​កែលម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច ព្រមទាំង​វិធានការ ដើម្បី ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង សមត្ថភាព​របស់​ស្ថាប័ន​ប្រមូល​ចំណូល​របស់ រដ្ឋ​"​។ នេះ​បើ​យោង​តាម​ធនាគារ​ពិភពលោក​។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ “​ច្បាស់​ណាស់ ប្រទេស​កម្ពុជា ពិតជា​ត្រូវការ​ធនធាន​ដែល​អាច​យក​ទៅ​បញ្ចេញ​ឱ្យ​បាន​រហ័ស សម្រាប់​ទ្រទ្រង់​ដល់​កម្មវិធី​គ្រប់​ជ្រុងជ្រោយ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​ជន​ក្រីក្រ​បំផុត​ពី​ផលប៉ះទង្គិច​របស់​វិបត្តិ​នេះ និង​ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច និង សង្គម​របស់​ប្រទេស​ឱ្យ​ងើបឡើង​វិញ​”​។

គម្រោង​នេះ​ជា​ផ្នែក​ស្នូល​មួយ​នៃ​អន្តរាគមន៍​ទូលំទូលាយ​មួយ​របស់​ធនាគារពិភពលោក​ក្នុង​ការឆ្លើយតប​ទៅ​នឹង​វិបត្តិ​កូវីដ​ ១៩ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ប្រតិបត្តិការ​ទ្រទ្រង់​ថវិកា​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​កម្ពុជា​មាន​ដូចជា​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB), សហភាព​អឺរ៉ុប (EU), និង ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA)៕