
ភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរវត្ត កាលពីឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ ប្រទេសកម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន អាណត្តិឆ្នាំ ២០២១ (ASEAN NTOs) បានបង្ហាញការគាំទ្រដល់បណ្តាប្រទេសអាស៊ានទាំងអស់ ដែលមានផែនការក្នុងការពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាឱ្យបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរ និងប្រជាជនក្នុងប្រទេសរៀងៗខ្លួន។
ជំហរគាំទ្រនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន លើកទី៣ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ ១៩ លើវិស័យទេសចរណ៍អាស៊ាន និងស្ដាប់ផែនការអនាគតនៃប្រទេសនីមួយៗ។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានអាណត្តិឆ្នាំ ២០២១ (ASEAN NTOs) បានលើកឡើងថា បន្ទាប់ពីការខិតខំ និងការដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមប្រទេសនីមួយៗរួចមក បច្ចុប្បន្នថ្នាក់ដឹកនាំនៃវិស័យទេសចរណ៍នៅប្រទេសអាស៊ានទាំង ១០ បាននិងកំពុងគិតគូរពីការបើកស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញជាបន្តបន្ទាប់។ ប្រទេសកម្ពុជា សូមគាំទ្រចំពោះគំនិតនេះ ប៉ុន្តែការបើកទទួលភ្ញៀវទេសចរឡើងវិញនេះត្រូវធ្វើឱ្យប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
លោកនិយាយថា៖ «ដើម្បីឱ្យផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញទទួលជោគជ័យ គេត្រូវពិនិត្យទៅលើបច្ចុប្បន្នភាពនៃការរៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ នៅក្រោយវិបត្តិកូវីដ ១៩ និងការរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ដែលនឹងគ្រោងស្នើសុំការអនុម័តពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាពេលខាងមុខ»។
លោកបន្ថែមថា ទន្ទឹមនឹងនេះប្រទេសសមាជិកទាំងអស់ក៏ត្រូវរាយការណ៍អំពីបច្ចុប្បន្នភាពនៃការចាក់វ៉ាក់សាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាផែនការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ ដែលជាទូទៅប្រទេសជាសមាជិកមានគម្រោងបើកទេសចរណ៍ឡើងវិញនៅមុនឆ្នាំ ២០២២»។
យោងតាមក្រសួងទេសចរណ៍ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs) នៃប្រទេសសមាជិកទាំង ១០ លេខាធិការដ្ឋានអាស៊ាន សមាគមន៍ទេសចរណ៍អាស៊ាន (ASEANTA) សមាគមន៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធ្វើដំណើរពិភពលោក (WTTC) ដែលមានសមាសភាពចូលរួម ៧៤ រូប៕