ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​កំពុង​រៀបចំ​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​ស្វាយចន្ទី ដើម្បី​បង្កើន​សក្តានុពល​ក្នុង​ការ​ដាំដុះ និង​នាំចេញ​ផលិតផល​ស្វាយចន្ទី​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​កាន់​តែ​ច្រើន​នៅ​ពេល​អនាគត។

លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុម​ការងារ​ចម្រុះ​រៀបចំ​គោល​នយោបាយ​ស្វាយចន្ទី​កម្ពុជា បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ដើមី្ប​ពិនិត្យ និង​ប្រមូល​ធាតុ​ចូល​លើ​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី កាល​ពី​ថ្ងៃទី ២៤ ខែ​មិថុនា​ថា ស្វាយចន្ទី គឺ​ជា​ទំនិញ​មាន​សក្តានុពល​ដែល​កម្ពុជា​កំពុង​មាន ទាំង​ការ​ដាំដុះ និង​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ស្រុក និង​នាំចេញ។ ដូច្នេះ​ការ​រៀបចំ​ឱ្យ​មាន​នយោបាយ​ជាតិ​ស្តី​ពី​ស្វាយ​ចន្ទី នឹង​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​សម្រេច​បាន​នូវ​មហិច្ឆតា​ពេល​អនាគត​របស់​កម្ពុជា ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ផលិត និង​នាំចេញ។

លោក​លើក​ឡើង​ថា៖ «គោល​បំណង​នៃ​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​ខាង​លើ គឺ​ប្រែ​ក្លាយ​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​ស្រុក តំបន់ និង​ពិភព​លោក»។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម កិច្ច​ប្រជុំ​នេះ គឺ​ការ​ពិភាក្សា ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ខ្លឹមសារ​សំខាន់ៗ​នៃ​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​តែ​ប៉ុណ្ណោះ ដោយ​នឹង​មាន​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់​ទៀត។

លោកស្រី អិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី ជ័យ សំបូរ នៅ​ខេត្ត​កំពង់ធំ បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ថា ដោយសារ​មាន​ទីផ្សារ​ល្អ បច្ចុប្បន្ន​លោកស្រី​កំពុង​សិក្សា​ទីផ្សារ និង​ស្វែងរក​ថវិកា​មួយ​ចំនួន​យក​មក​ពង្រីក​ចង្វាក់​ផលិតកម្ម​ពី ១០ តោន ក្នុង ១ ខែ ដល់ ២០ តោន ដើម្បី​ត្រៀម​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​ទីផ្សារ។ លោកស្រី​បន្ត​ថា ទោះ​ពេល​នេះ សិប្បកម្ម​លោកស្រី​ទទួល​បាន​ប្រាក់​ចំណេញ​ទាប ប៉ុន្តែ​លោកស្រី​នៅ​តែ​រីករាយ ព្រោះ​វា​អាច​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុង​សហគមន៍ ក៏​ដូចជា​អ្នក​ដាំដុះ​ផង​ដែរ។

លោកស្រី​បញ្ជាក់​ថា៖ «បើ​និយាយ​ពី​ប្រាក់​ចំណេញ​នៅ​មាន​កម្រិត​ទាប​ណាស់ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​មាន​ទីផ្សារ​អន្តរជាតិ​បញ្ជា​ទិញ​ច្រើន គ្រប់​សង្វាក់​ផលិតកម្ម​រាប់​តាំង​ពី​ប្រជាកសិករ​ដាំដុះ រហូត​ដល់​អ្នក​កែច្នៃ​នឹង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​នៅ​ពេល​នេះ»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាកសិករ​ត្រូវ​ខំ​ស្វែងរក​ដៃគូ​ឱ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​បច្ចេកទេស​ដាំដុះ បច្ចេកទេស​កែច្នៃ និង​ទីផ្សារ​ថ្មីៗ​បន្ថែម​ទៀត។ នៅ​ពេល​ផលិតផល​មាន​ទីផ្សារ នឹង​នាំ​ឱ្យ​ផលិតកម្ម​មាន​ការ​កើន​ឡើង ដែលនាំ​ឱ្យ​មាន​កំណើន​ប្រាក់​ចំណូល​បង្កើត​ឱកាស​ការងារ​ថ្មីៗ។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ចំនួន ២១៨ ៩៨១ តោន កើន​ឡើង ៨,២៤ ភាគរយ ពី​ចំនួន ២០២ ៣១៨ តោន ក្នុង​ឆ្នាំ ២០១៩។ គ្រាប់​ស្វាយចន្ទី​ត្រូវ​បាន​នាំ​ទៅ​ប្រទេស​វៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ តួកគី និងឡាវ។ សព្វថ្ងៃ​នៅ​កម្ពុជា​មាន​ផ្ទៃដី​ចម្ការ​ស្វាយចន្ទី​ប្រមាណ​ជាង ៥០ ម៉ឺន​ហិកតា ដោយ​ក្នុង ១ ហិកតា អាច​ផ្តល់​ផល​ជា​មធ្យម ១,៥ តោន ក្នុង ១ ឆ្នាំ៕