ភ្នំពេញៈ កម្ពុជា​បាន​ប្រារព្ធ​ទិវា​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ​លើកដំបូង​នៅ​ក្របខ័ណ្ឌ​ថ្នាក់ជាតិ​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ពី​តម្រូវការ​សម្រាប់​គាំទ្រ​ពួកគេ​ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ការអភិវឌ្ឍ​។

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំ​កាលពី​ថ្ងៃ​ទី​ ២៧ ខែមិថុនា តាមរយៈ​ប្រព័ន្ធ Zoom ក្រោម​ប្រធានបទ​ «​ការស្ទុះ​ងើប​ឡើងវិញ និង​ភាពធន់​នៃ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩» ដែលមាន​អ្នកចូលរួម​ប្រហែល ២០០ ​នាក់ មកពី​អន្តរក្រសួង ពាណិជ្ជករ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ​ថា ដោយមាន​ការអភិវឌ្ឍ​នូវ​គោលនយោបាយ និង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ដូចជា ច្បាប់ SME គោលនយោបាយ​ជាតិ​លើកកម្ពស់ SME និង​បទប្បញ្ញត្តិ​បណ្ដុំ SME ក្រសួង​រំពឹងថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​ដែល​នឹង​ទាញយក​សក្ដានុពល​ពិតប្រាកដ​របស់ MSMEs កម្ពុជា​។

កាលពីដើម​ខែមិថុនា ដោយមាន​ការគាំទ្រ​ពី GIZ ក្រសួង​នេះ​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​គេហទំព័រ KhmerSME ដែលជា​ថ្នាល​ព័ត៌មានវិទ្យា​ថ្នាក់ជាតិ ហើយ​គេហទំព័រ​នេះ​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ទៅ «ASEAN Access» ក្នុង​គោលបំណង​ផ្សារភ្ជាប់​សហគ្រាស​ជាមួយ​ទីផ្សារ​អាស៊ាន​។

លោក ចម ប្រសិទ្ធ បាន​បន្ថែមថា​៖ «​យើង​មិន​គ្រាន់តែ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​ដែល MSMEs នៅ​កម្ពុជា​កំពុង​ប្រឈម និង​ក្រោយពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំពុង​ស្វែងរក​ការផ្ដល់​ប្រព័ន្ធ​អេកូស៊ីស្ដែម​ដែល​ត្រូវការ​បំផុត ហេដ្ឋារចនាសម្ព័ន្ធ និង​ការគាំទ្រ​ដល់​សហគ្រាស​ទាំងនេះ​ឱ្យមាន​សមត្ថភាព​ប្រកួតប្រជែង​បន្ថែម សមត្ថភាព​នវានុវត្តន៍​បន្ថែម និង​ភាពធន់​កាន់តែខ្លាំង​ជាងមុន​ក្នុង​ការរៀបចំ​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​ក្រោយ​ជំងឺ​កូវីដ​ ១៩ ដែល​គេ​ហៅថា​ «​ពិភពលោក​តាម​គន្លង​ថ្មី​» ​និង​ក្នុងពេល​ឆាប់ៗ​ត្រូវគេ​ហៅថា «​ពិភពលោក​មិន​វិល​តាម​គន្លង​ធម្មតា​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ក្រសួង​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ នាយកដ្ឋាន​ខ្សែបណ្ដោយ​នៅក្នុង​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត តំណាង​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​សម្រាប់​ការគាំទ្រ​របស់​ពួកគេ​ដល់ MSMEs យើង​ក្នុងអំឡុងពេល​ដ៏ពិបាក​នេះ និង​ការងារ​ដ៏ពិបាក​របស់​ពួកគេ ក្នុង​ការដាក់ចេញ​ចក្ខុវិស័យ​ដែល​បានបញ្ជាក់​ខាងលើ​ឱ្យក្លាយ​ជា​ការពិត​»​។

លោកស្រី Bettina Gruber នាយក​ស្ដីទី GIZ ប្រចាំ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ទិវា​នេះ​ថា ដូចដែល​បាន​លើកឡើង​ក្នុង​ប្រធានបទ​នៃ​ទិវា MSMEs ថ្នាក់ជាតិ​ឆ្នាំ​ ២០២១ GIZ បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម​មាន​គោលបំណង​មិន​គ្រាន់តែ ដើម្បី​គាំទ្រ​អាជីវកម្ម​ទាំងនេះ​ក្នុងការ​ស្ទុះ​ងើបឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ទទួលបាន​អនាគត​កាន់តែ​មាន​ភាពធន់​។

លោកស្រី​លើកឡើង​ថា​៖ «​ខ្ញុំ​ជឿថា យើង​អាចបង្កើត​បរិយាកាស​អនុគ្រោះ​មួយ​នឹង​អាចឱ្យ​មានការ​អភិវឌ្ឍ​ជំនាញ​ថ្មីៗ និង​ជំរុញ​នវានុវត្តន៍​ដែល​អាចឱ្យ MSMEs នៅ​កម្ពុជា​ដំណើរការ​ទៅមុខ​ហួស​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែល​រង​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​ដ៏ធ្ងន់ធ្ងរ​»​។

លោកស្រី​បន្តថា​៖ «​ភាពល្អ​លើសពី​គន្លង​ធម្មតា​ថ្មី ព្រមទាំង​ការទទួលបាន​សមត្ថភាព​ប្រកួតប្រជែង​កាន់តែខ្លាំង នវានុវត្តន៍​កាន់តែខ្លាំង និង​ភាព​ធន់ខ្លាំង​ជាង​ពីមុន​។ ដោយសារ​ជំងឺ​កូវីដ​ ១៩ ការរឹតបន្តឹង​រូបវន្ត​ដែល​ដាក់​លើ​សេដ្ឋកិច្ច​ពិភពលោក​បាន​ជំរុញ​ការបង្កើន​ល្បឿន​ដំណោះស្រាយ​ឌីជីថល​»​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​សម្រាប់ MSMEs ទាំងនោះ​នឹង​អាច​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​តាម​អនឡាញ ការធ្វើ​ឱ្យ​មាន​លក្ខណៈ​ឌីជីថល​អាច​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ភាពធន់​រយៈពេល​វែង​។ ជាមួយនឹង​ឱកាស​ទាំងនោះ ខ្ញុំ​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ និង​ការប្រារព្ធ​ទិវា​ថ្ងៃនេះ​បង្ហាញ​មួយ​ជំហាន​ដ៏សំខាន់​ឆ្ពោះ​ទៅ​ទំព័រ​ថ្មី​មួយ​នៃ​ការរីកចម្រើន និង​ការអភិវឌ្ឍ​សម្រាប់ MSMEs របស់​ប្រទេស​កម្ពុជា​»៕LA