ភ្នំពេញៈ Huy Yun Agriculture Co.,Ltd ដែលជា​ក្រុមហ៊ុន​ផលិត​ជីធម្មជាតិ​កំពុងមាន​ផែនការ​ពង្រីក​ខ្សែចង្វាក់​ផលិតកម្ម​ខ្លួន​ឱ្យ​បាន​ប្រមាណ ១០០ ​តោន​ក្នុង​ ១ ​ថ្ងៃ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុង​កើនឡើង​ជា​លំដាប់​។

ក្រុមហ៊ុន​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៣ ស្ថិតនៅ​ភូមិ​តាឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

លោក យុន សុផាត នាយក​ក្រុមហ៊ុន Huy Yun Agriculture បាន​រាយការណ៍​ជូន លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ដំណើរ​ទស្សនកិច្ច​ខ្សែចង្វាក់​ផលិតកម្ម​ក្រុមហ៊ុន កាលពី​ថ្ងៃទី ២៦ ខែមិថុនា​ថា សព្វថ្ងៃនេះ​សិប្បកម្ម​ផលិត​ជី​របស់លោក​មាន​សមត្ថភាព​ផលិត​ជី​ចន្លោះ​ពី ២០-៣០ តោន​ក្នុង ១ ​ថ្ងៃ​។ លោក​បន្តថា ដោយសារ​មាន​តម្រូវការ​កើនឡើង ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សក្តានុពល​ផលិត​ជី​ឱ្យ​បាន ៥០-១០០ តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក​និយាយថា​៖ «​កម្មករ និយោជិត​ភាគច្រើន គឺ​អ្នក​រស់នៅក្នុង​តំបន់​នេះ​តែម្តង​ដែល​បាន​បម្រើ​ការងារ​នៅក្នុង​សិប្បកម្ម​ផលិត​ជីធម្មជាតិ​»​។

លោក សុផាត បានឱ្យ​ដឹង​ទៀតថា វត្ថុធាតុដើម​ដែល​ក្រុមហ៊ុន​យកមកប្រើ​មានដូចជា លាមក​មាន់ គោ ជ្រូក កន្ទក់ ផេះ​អង្កាម ឆ្អឹង​គោ និង​ថ្មកំបោរ ជាដើម​។ ដោយឡែក វត្ថុធាតុដើម​សម្រាប់​ផលិត​ជី​ទឹក រួមមាន​សំណល់​បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ ស្បែក​គោ និង​សំណល់​ត្រី​សមុទ្រ​។

ក្នុង​ឱកាស​នោះ​លោក​ក៏​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​សិប្បកម្ម​ជី​ឱ្យ​បាន​ដំណើរការ​តាំងពី​ថ្ងៃ​ចាប់ផ្តើម រហូត​មក​ទល់​ពេលនេះ​ពិសេស​កិច្ចអន្តរាគមន៍​របស់​រដ្ឋាភិបាល​លើ​ការបញ្ចុះ​តម្លៃ​អគ្គិសនី​ដែល​បាន​ចូលរួម​កាត់បន្ថយ​តម្លៃ​ដើម​ផលិត​បាន​មួយកម្រិត​។

លោក វេង សាខុន បាន​លើកឡើង​ថា ក្រសួង​នឹង​គាំទ្រ​ក្រុមហ៊ុន​ឱ្យ​ពង្រីក​សក្តានុពល​ផលិត​ជីធម្មជាតិ ដើម្បី​ចូលរួម​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ក្នុងស្រុក​តប​តាម​កំណើន​នៃ​ការប្រើ​ជី​ធម្មជាតិ​ព្រមទាំង​ចូលរួម​ថែរក្សា និង​កែលម្អ​គុណភាព​ដី​កសិកម្ម កាត់បន្ថយ​ហានិភ័យ​ដោយសារ​ការប្រើ​ជីគីមី​លើ​កសិផល កាត់បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ កាត់បន្ថយ​ការនាំ​ចូល និង​ប្រើប្រាស់​ជីគីមី ពិសេស​ចូលរួម​ប្រើប្រាស់​វត្ថុធាតុដើម​ផលិត​ក្នុង​ស្រុក​ឱ្យអស់​ពី​លទ្ធភាព​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ការកែច្នៃ​​វត្ថុធាតុដើម​ទាំងអស់​នេះ ក្រសួង​សូម​ធ្វើការ​គាំទ្រ និង​រង់ចាំ​ផ្តល់​កិច្ចសហការ​បន្ថែម​ទាំង​បច្ចេកទេស​កែច្នៃ វេចខ្ចប់ និង​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ការប្រកួតប្រជែង បរិយាប័ន្ន និង​ការប្រែប្រួល​អាកាសធាតុ ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកប​ដោយ​ចីរភាព និរន្តរភាព និង​វិបុលភាព​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ចូលរួម​សហការ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​ផលិតភាព​ផលិតកម្ម​។

កាលពី​ឆ្នាំ​ ២០២០ ក្រុមហ៊ុន​ផលិត​ជី​បាន​ចំនួន ២ ៥០៧ តោន ហើយ​ក្នុង​រយៈពេល ៦ ​ខែ​ដើមឆ្នាំ​ ២០២១ នេះ​ក្រុមហ៊ុន​ផលិត​បាន ១ ០៣៥ តោន (​ជីគ្រាប់ ទឹក និង​ម្សៅ​កំបោរ​) ដែល​លក់​ក្នុងតម្លៃ ២៥០ ដុល្លារ​ក្នុង ១ តោន​ (​តម្លៃ​នេះ​អាស្រ័យ​ទៅតាម​ថ្លៃ​សេវា​ដឹកជញ្ជូន​)​។ នេះ​បើតាម លោក យុន សុផាត​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចូល​ផលិតផល​ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត និង​ស្មៅ​ក្នុង​ទឹកប្រាក់​សរុប ៣២៧,៥៧ លាន​ដុល្លារ​កើន ១,២៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៣២៣,៥៤ ​លាន​ដុល្លារ​៕ LA