ភ្នំពេញៈ ស្ថាប័នរដ្ឋ ឯកជន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​សំខាន់ៗ បានរួម​គ្នា​បង្កើត​លេខាធិការដ្ឋាន​ថ្នាក់ជាតិ​ ដើម្បី​តម្រង់ទិស​ផលិតកម្ម​ស្រូវ​ប្រកប​ដោយ​និរន្តរភាព​ (SRP)​។

តាមរយៈ​សេចក្តី​ប្រកាស​រួម​ស្ថាប័នរដ្ឋ មាន​អគ្គនាយកដ្ឋាន​កសិកម្ម​ (GDA) វិស័យ​ឯកជន​មាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) និង​អង្គការ​អន្តរជាតិ​មានដូចជា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) អង្គការ CIRAD និង​អង្គការ Swisscontact បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ (MoA) ដើម្បី​គាំទ្រ​ការបង្កើត​លេខាធិការដ្ឋាន​ថ្នាក់ជាតិ​ថ្មី​នេះ​។

MoA នេះ​នឹង​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​គំរូ​ក្នុង​សហគមន៍​ដែល​ជំរុញ​ឱ្យ​មាន​ការទទួល​យក​ទ្រង់ទ្រាយ​ធំ​នៃ​ការអនុវត្ត​អាកាសធាតុ​វៃឆ្លាត​ល្អ​បំផុត ជាមួយ​ការចូលរួម​ដ៏ទូលំទូលាយ និង​ថ្នាក់ដឹកនាំ​មកពី​គ្រប់​ស្ថាប័ន​តាមរយៈ​ចង្វាក់​តម្លៃ តាម​ភ្នាក់ងារ​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល​មិន​រកប្រាក់​ចំណេញ​។

ក្នុង​អំឡុងពេល​ចុះហត្ថលេខា លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ (GDA) បាន​សម្គាល់ថា SRP ស្របគ្នា​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​ ២០១៩-២០២៣ ស្ដីពី​ការលើកកម្ពស់​ផលិតភាព​កសិកម្ម ការធ្វើ​ពិពិធកម្ម សមត្ថភាព​ប្រកួតប្រជែង និង​ការដាំដុះ​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ស្ដង់ដា​ SRP គួរតែ​ត្រូវបាន​អនុវត្ត​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​នូវ​គ្រប់​ប្រព័ន្ធ​អេកូស៊ីស្ដែម​ ដើម្បី​លើកកម្ពស់​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា ធានា​សុវត្ថិភាព​ស្បៀង​ និង​បង្កើន​ប្រាក់ចំណេញ​»​។

លោក Wyn Ellis នាយកប្រតិបត្តិ SRP បាន​សាទរភាព​ជា​ដៃគូ​នេះ ដោយ​លើកឡើង​ថា កម្ពុជា​មាន​ឱកាសល្អ​ក្នុង​ការជំរុញ​ការអនុវត្ត​នេះ​។

លោក​បន្តថា ការទទួល​ពានរង្វាន់​អង្ករ​ផ្ការំដួល​របស់​កម្ពុជា​ផ្ដល់​ភាពត្រឹមត្រូវ​ល្អ​បំផុត​សម្រាប់​ស្ដង់ដា​ពិភពលោក និង​ក្រុមហ៊ុន​លក់រាយ​ជាមួយ​នឹង​អង្ករ​ដែល​បញ្ជាក់​ពី​ SRP ​រួចហើយ​នៅលើ​ទីផ្សារ​នៅ​អឺរ៉ុប​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្ហាញ​ការគាំទ្រ​របស់​លោក​ចំពោះ​ការសម្រេច​បាន​កិច្ចព្រមព្រៀង​នេះ​។

លោក​បន្តថា​៖ «​តាមរយៈ​កិច្ចព្រមព្រៀង​នេះ វា​នឹង​ជំរុញ​បន្ថែមទៀត​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ និង​ពិពិធកម្ម​ការផលិត​ទៅជា​ពូជ និង​ក្រុម​។ ជាពិសេស​អង្ករ​នឹង​ទទួល​បាន​ទីផ្សារ​បន្ថែម​សម្រាប់​កសិករ​ខ្នាតតូច​នៅ​កម្ពុជា ដើម្បី​បង្កើន​តម្លៃ​ស្រូវ​»៕ LA