ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ដោយ​មាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​បានដាក់​ឱ្យ​ដំណើរការ​ផែនការ​សកម្មភាព​ជាតិ​សេដ្ឋកិច្ច​វិលជុំ និង​ផ្លេតហ្វម​ដើម្បី​ជំរុញ​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​អន្តរកាល​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​វិលជុំ ខណៈ​ដែល​ការអភិវឌ្ឍ​ដ៏ឆាប់​រហ័ស​នៃ​កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រជាជន​នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​នេះ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ក្នុង​ការគ្រប់គ្រង​ធម្មជាតិ បរិស្ថាន ថាមពល និង​សំណល់​ប្រកប​ដោយ​និរន្តរភាព​។

ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (NCSD) ក្រសួងបរិស្ថាន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​ស៊ុយអែត ជប៉ុន និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP) កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា​បាន​ដាក់ឱ្យ​ដំណើរការ​ផែនការ​សកម្មភាព​ជាតិ​សេដ្ឋកិច្ច​វិលជុំ ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រជាជន​នៅ​កម្ពុជា​បាន​នាំឱ្យ​មាន​ការកើនឡើង​នូវ​ការប្រើប្រាស់​វត្ថុធាតុដើម និង​ថាមពល ហើយ​ស្រដៀង​គ្នា​នឹង​ប្រទេស​នានា​ដែល​កំណើន​នេះ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ក្នុង​ការគ្រប់គ្រង​ធម្មជាតិ បរិស្ថាន ថាមពល និង​សំណល់​។

លោក សាយ សំអាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន បាន​ប្រាប់ថា ការអនុវត្ត​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​វិលជុំ​ប្រកប​ដោយ​ចីរភាព នឹង​ធានា​ឱ្យ​យើង​ទាំងអស់​គ្នា​នៅ​កម្ពុជា​អាច​ទទួលបាន​អនាគត​ដែល​មាន​ភាពបៃតង ស្អាត និង​មាន​សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​យុទ្ធសាស្ដ្រ និង​ផែនការ​សេដ្ឋកិច្ច​វិលជុំ​មាន​គោលបំណង​បង្កើត​នូវ​ដំណោះស្រាយ​ឈ្នះ-ឈ្នះ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​នាពេល​បច្ចុប្បន្ន​។ យុទ្ធសាស្ដ្រ​មាន​គោលបំណង​លុបបំបាត់​ការខ្ជះខ្ជាយ​ធនធាន​នៅក្នុង​វដ្ដសេដ្ឋកិច្ច​ទាំងមូល និង​បន្ត​រក្សា​នៃ​សម្ភារ​នានា​ឱ្យមាន​យូរ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​ជំនួស​ឱ្យ​ការប្រើប្រាស់​រួចហើយ​បោះចោល​តែម្ដង​»​។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​ក៏​បាន​ចង្អុល​បង្ហាញថា សេដ្ឋកិច្ច​វិលជុំ​មាន​សក្ដានុពល​នាំមក​នូវ​ការផ្លាស់ប្តូរ​សង្គម និង​បរិស្ថាន​ជា​វិជ្ជមាន ដើម្បី​បង្កើត​នូវ​តម្លៃ​សេដ្ឋកិច្ច​ថ្មីៗ និង​ឱកាស​ការងារ​កាន់តែច្រើន​។ លោក​បន្តថា​៖ «​គំរូ​សេដ្ឋកិច្ច​នេះ​អាច​តម្រង់ទិស​ដល់​ការឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​នានា​នៅក្នុង​កម្រិត​ប្រាក់ចំណូល​ទាំងអស់ ដែល​រួមទាំង​កម្ពុជា​ផងដែរ​»​។

លោកស្រី Moeko Saito-Jensen អ្នកឯកទេស​គោលនយោបាយ​បរិស្ថាន​នៃ UNDP បានឱ្យដឹង​នៅក្នុង​អំឡុងពេល​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ «​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​វិលជុំ និង​ផែនការ​សកម្មភាព​» ​កាលពី​ថ្ងៃទី​ ២១ ​ខែ​កញ្ញា ឆ្នាំ ២០២០ ថា ដោយសារ​តែ​ការកើនឡើង​គ្រោះ​ទឹកជំនន់ និង​ភាពរាំងស្ងួត កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​ងាយ​នឹង​ទទួលរង​គ្រោះ​បំផុត​ ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​។ ​

លោកស្រី​ថ្លែងថា​៖ «​ដើម្បី​គាំទ្រ​បរិស្ថាន​ដ៏សំខាន់​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​នៅពេល​អនាគត និង​ធានា​អនាគត​ប្រកប​ដោយ​សុវត្ថិភាព​របស់​ពួកគេ គឺ​ពិតជា​ចាំបាច់​ក្នុងការ​ផ្លាស់ប្តូរ​មធ្យោបាយ​ដែល​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​មធ្យោបាយ​នានា​ដែល​យើង​ប្រើប្រាស់​សម្ភារ និង​សំណល់​ដែល​បោះចោល​»​។

លោកស្រី​ឱ្យដឹងថា សេដ្ឋកិច្ច​វិលជុំ​ស្វែងរក​កំណើន​សេដ្ឋកិច្ច​ដែល​ដាច់ដោយឡែក​ពីគ្នា​ដោយ​វា​នឹង​ជួយ​លើកកម្ពស់​ការប្រើប្រាស់​សម្ភារ​ប្រកបដោយ​ចីរភាព និង​ថាមពល​កកើត​ឡើងវិញ​ស្អាត​។

លោកស្រី​បានលើកឡើង​ថា​៖ «​នៅក្នុង​ករណី​ការគ្រប់គ្រង​សំណល់​នៅក្នុង​ប្រទេស​កម្ពុជា សំណល់​ជាង ៧០ ​ភាគរយ​គឺជា​វត្ថុធាតុដើម​សរីរាង្គ ឬ​សម្ភារ​ប្លាស្ទិក​។ ទោះបីយ៉ាងណា នៅក្នុង​ពេលនេះ​សំណល់​ដែល​មិន​ស្អាត​ត្រូវបាន​បោះចោល​នៅ​ទីលាន​ចាក់សំរាម ដោយ​មិនមាន​អន្តរាគមន៍​ទ្រង់ទ្រាយ​ធំ​ក្នុងការ​ប្រើប្រាស់​ឡើងវិញ ឬ​ការកែច្នៃ​ឡើងវិញ​សម្ភារ​ទាំងនេះ​»​។

លោកស្រី​បាន​បន្តថា​៖ «​ដោយមាន​ការដាក់​ឱ្យប្រើប្រាស់​សេដ្ឋកិច្ច​វិលជុំ ជំនួស​ឱ្យ​ការបោះចោល​តែម្ដង សម្ភារ​ទាំងនេះ​នឹងត្រូវ​ចាត់ទុកជា «​ផលិតផល ឬ​ថាមពល​ថ្មី​»​។ សម្ភារ​ទាំងនេះ​នឹងត្រូវ​ប្រើប្រាស់​ឡើងវិញ និង​កែច្នៃ​ឡើងវិញ ហើយ​សម្ភារ​ទាំងនេះ​នឹង​បន្ថែម​តម្លៃ​ដល់​សេដ្ឋកិច្ច​ជាមិនខាន​»​។

យោងតាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​អង្គការ​ឧតុនិយម​ពិភពលោក​ (WMO) សីតុណ្ហភាព​ពិភពលោក អាច​លើសពី​ការកំណត់​ទិសដៅ​ត្រឹម​ ១,៥ ​អង្សារសេ​ពី​កម្រិត​មុន​ឧស្សាហកម្ម​ក្នុង​រយៈពេល​ ៥ ​ឆ្នាំក្រោយ​។ នៅ​ទូទាំង​ភពផែនដី ការកើនឡើង​សីតុណ្ហភាព​ណាមួយ​នឹង​បង្កើន​គ្រោះ​មហន្តរាយ​អាកាសធាតុ​យ៉ាងខ្លាំង​ដូចជា​ខ្យល់ព្យុះ​ទីហ្វុង​ធំៗ ទឹកជំនន់​ធំៗ​ភាពរាំងស្ងួត​ខ្លាំង និង​ការបង្កើន​ភ្លើង​ឆេះ​ព្រៃ​។ ធនធានធម្មជាតិ​សំខាន់ៗ​ប្រហែល ៩០ ​លាន​តោន​ត្រូវបាន​ទាញយក​ក្នុង​ ១ ​ឆ្នាំ​៕ LA