The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមាគម​មួយ​គ្រោង​វិនិយោគ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​ផ្លែស្វាយ

សមាគម​មួយ​គ្រោង​វិនិយោគ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​ផ្លែស្វាយ

Content image - Phnom Penh Post
ចម្ការ​ស្វាយ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល​។ ហេង ជីវ័ន

សមាគម​មួយ​គ្រោង​វិនិយោគ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​ផ្លែស្វាយ

ភ្នំពេញៈ សមាគម​កសិកម្ម​ស្វាយកែវរមៀត​គិរីរម្យ គ្រោង​នឹង​បង្កើត​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​លើ​ផ្លែស្វាយ​ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

ប្រទេស​ចិន​បានផ្តល់​កូតា​ឱ្យ​កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៥០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​ទៅ​ទីផ្សារ​របស់ខ្លួន​។

លោក អ៊ុំ សាវឿន ប្រធាន​សមាគម​កសិកម្ម​ស្វាយកែវរមៀត​គិរីរម្យ ដែលមាន​សមាជិក​ដាំ​ស្វាយ​ជាង ២ ០០០ ហិកតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សមាគម​កំពុង​កៀរគរ​ទុន​ ដើម្បី​ទិញ​សម្ភារ​ដំឡើង​រោងចក្រ​សម្អាត​ផ្លែស្វាយ​។

លោក​ថ្លែងថា​៖ «​យើង​ត្រៀម​ទុនវិនិយោគ​ប្រហែល ៥០ ​ម៉ឺន​ដុល្លារ​។ យើង​នឹង​ខ្ចី​គេ​ប្រហែល ៤០ ​ភាគរយ និង​ ៦០ ​ភាគរយ យើង​កៀរគរ​ពី​សមាជិក​។ យើង​សង្ឃឹមថា នឹង​រៀបចំ​ទាន់ពេល​នៅ​រដូវ​ប្រមូល​ដែល​នឹង​ចាប់ផ្តើម​ពី​ខែសីហា តទៅ​»​។

លោក សាវឿន ឱ្យដឹងទៀតថា ការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​សមាជិកសមាគម​ក្នុង​ការនាំចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​ដែលជា​ទីផ្សារ​ធំ​របស់​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​ដើម្បី​នាំចេញ​បាន​យើង​ត្រូវបំពេញ​តាម​ភូតគាម​អនាម័យ​របស់​ភាគី​ចិន​។ យើង​សង្ឃឹមថា បើ​យើង​មាន​រោងចក្រ​ខ្លួនឯង យើង​នឹង​អាច​នាំ​ចេញទៅ​ទីផ្សារ​ចិន​តាម​តម្រូវការ​ទីផ្សារ​»​។

ប្រទេស​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ចិន​ជា​លើកដំបូង​កាលពី​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២១ ដែលមាន​ប្រមាណ ១០០ ​តោន​។

ការនាំចេញ​នេះ​បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋបាល​គយ​ចិន កាលពី​ថ្ងៃទី​ ២៦ ខែមេសា បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេចខ្ចប់ ៥ អាច​នាំ ចេញ​ស្វាយ​ស្រស់​ទៅ​ចិន​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ចិន​កាលពី​ខែឧសភា ថា កម្ពុជា​អាច​នាំចេញ​ស្វាយ​ស្រស់​ប្រមាណ​ ១០ ​ម៉ឺន​តោន​ក្នុង ១ ឆ្នាំ​ទៅកាន់​ទីផ្សារ​ចិន​។

លោក​បន្តថា​៖ «​មាន​ក្រុមហ៊ុន​ជាច្រើន​នឹង​រៀបចំ​រោងចក្រ​វេចខ្ចប់​ស្វាយ ដូចនេះ​រោងចក្រ​នឹង​កើនឡើង ហើយ​បរិមាណ​នៃ​ការនាំចេញ​ក៏​កើនឡើង​ដែរ​»​។

លោក វេង សាខុន បានឱ្យដឹង​ទៀតថា យោងតាម​ខ្លឹមសារ​នៃ​ពិធី​សារបាន​កំណត់ថា ស្វាយ​ដែល​ដាំដុះ​ក្នុង​គោលបំណង​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន​ត្រូវតែ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទទួលស្គាល់​ដោយ​អគ្គរដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (GACC) ហើយ​គ្រប់​ចម្ការ​ស្វាយ​ត្រូវ​ចុះបញ្ជី និង​អនុវត្ត​ការដាំដុះ​តាម​គោលការណ៍​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​ (GAP) ​។

លោក​រដ្ឋមន្ត្រី​បន្តថា លើសពីនេះ ផ្លែស្វាយ​ដែល​នាំ​ចេញទៅ​ចិន​ត្រូវ​ឆ្លងកាត់​ការធ្វើ​ប្រព្រឹត្តិកម្ម​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ទឹក​ក្តៅ (HWT) ឬ​ចំហាយ​ទឹក​ក្តៅ (VHT)​។

លោក​និយាយថា​៖ «​វិធានការ​អនាម័យ​ និង​ភូតគាម​អនាម័យ​បាននិងកំពុង​ដើរតួនាទី​ដ៏សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ការធ្វើជា​ស្ពាន​ចម្លង​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​បរទេស​»​។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥ ដោយ​ផ្តោត​សំខាន់​លើ​ការជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន​ ១២ ​ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​ ២០២៥​។​នេះ បើតាម លោក វេ​ង សាខុន​។

យោងតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គិត​ត្រឹម​ឆ្នាំ​ ២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​ប្រមាណ ១៣ ម៉ឺន​ហិកតា​ក្នុង​នោះ ផ្ទៃដី​ប្រមូល​ចំនួន ៩១ ១០៤ ហិកតា ដែល​អាច​ផ្តល់​ផល​ជា​មធ្យម​ប្រមាណ​ជាង ១,៣៨ លាន​តោន​ក្នុង ១ រដូវ​៕ LA

អត្ថបទគួរចាប់អារម្មណ៍