ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក NINE ដើម្បី​ដាក់លក់​ជា​ផ្លូវការ​នូវ​ឧបករណ៍​អ៊ីនធឺណិត Internet of Things (IoT) ទំនើប នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​បានឱ្យដឹងថា គេហដា្ឋន​ទាំងអស់​នៅពេលនេះ​អាច​ក្លាយជា​ផ្ទះ​វៃឆ្លាត​ជាមួយនឹង​ឧបករណ៍​អ៊ីនធឺណិត IoT ទំនើប​ដែល​អាច​គ្រប់គ្រង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន ហើយ​អាចឱ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​ពី​ចម្ងាយ និង​រក្សា​សុវត្ថិភាព​ដល់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ ឧបករណ៍ IoT ថ្មីៗ​ទាំងនេះ​ត្រូវបាន​ផលិតឡើង ដើម្បី​ផ្ដល់ជូន​ម្ចាស់ផ្ទះ​នូវ​សន្ដិសុខ ការគ្រប់គ្រង និង​ភាពងាយស្រួល​។

IoT គឺជា​ម៉ាស៊ីន​ថត​សុវត្ថិភាព ឧបករណ៍​ចាប់​ផ្សែង​អំពូល​ភ្លើង​ប្រើ​ជាមួយ Wi-Fi និង​ឧបករណ៍​បញ្ជា Wi-Fi​។ បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​អាចឱ្យ​អតិថិជន​គ្រប់គ្រង​ឧបករណ៍​អេឡិចត្រូនិក​ប្រចាំថ្ងៃ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ Smart Life​។

លោក Thomas Hundt នាយកប្រតិបត្ដិ​ក្រុមហ៊ុន Smart Axiata ថ្លែងថា​៖ «​ឧបករណ៍ IoT ឬ Internet of Things ត្រូវ​រំពឹងថា នឹង​ផ្លាស់​ប្តូរជីវិត​របស់​មនុស្ស និង​របៀប​ដែល​ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​»​។

លោក​បន្ថែមថា​៖ «​ផលិតផល IoT សម្រាប់​គេហដ្ឋាន​ថ្មីៗ​ទាំងនេះ បង្ហាញ​ពី​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ខាង​ផ្នែក​បច្ចេកវិទ្យា​ចល័ត និង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅ​រក​អនាគត​នៃ​បច្ចេកវិទ្យា 5G នៅ​កម្ពុជា​។ ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ចំពោះ​តួនាទី​ដែល​ក្រុមហ៊ុន Smart Axiata កំពុង​ដើរតួ​ក្នុង​កិច្ចប្រឹងប្រែង​នេះ ដើម្បី​ធ្វើ​ទំនើបកម្ម​ឌីជីថល​នៅ​កម្ពុជា​»​។

ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន NINE កំពុង​ដាក់​ដំណើរការ​គំនិត​ផ្តួចផ្តើម IoT នេះ​ឡើង ដោយមាន​ផលិតផល​ចំនួន​ ២ ​ផ្នែក គឺ​ផ្តោតលើ​សន្តិសុខ និង​ស្វ័យប្រវត្តិកម្ម​ដើម្បី​លើកកម្ពស់​សន្តិសុខ​ផ្ទះ​របស់​ពួកគេ អតិថិជន​របស់​ក្រុមហ៊ុន Smart អាច​ទិញ​ឧបករណ៍​នានា​ដូចជា ឧបករណ៍​ចាប់​ផ្សែង សិនស័រ​ទ្វារ និង​ម៉ាស៊ីន​ថត​សុវត្ថិភាព ដែល​ភ្ជាប់​ទៅ​មណ្ឌលកណ្តាល​មួយ​គ្រប់គ្រង​ឧបករណ៍​ទាំងអស់​។

លោក Kenny Yap នាយក​គ្រប់គ្រង​ក្រុមហ៊ុន NINE Cambodia បាន​និយាយថា​៖ «​យើង​យល់ច្បាស់​ពី​សារៈ​សំខាន់​ដែល​អតិថិជន​ចាំបាច់​ត្រូវការ​ក្នុង​ការរស់នៅ​ប្រកប​ដោយ​ផាសុកភាព​នៅក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា អតិថិជន និង​គ្រួសារ​ពួកគេ​សុវត្ថិភាព​។

តាមរយៈ​ការចាប់​ដៃគូ​ជាមួយ Smart Axiata ដើម្បី​ផ្តល់ IoT សម្រាប់​គេហដ្ឋាន ជាមួយ​នឹង​បច្ចេកវិទ្យា​បណ្តាញ​ទំនើប​របស់​ក្រុមហ៊ុន Smart យើង​កំពុង​ផ្តល់ជូន​អតិថិជន​នូវ​ការគ្រប់គ្រង​ផ្ទះ​របស់​ពួកគេ​បន្ថែមទៀត​ដែល​ធ្វើឱ្យ​វា​មាន​ភាពកក់ក្តៅ និង​សន្តិសុខ​កាន់តែខ្លាំង​ឡើង​៕ LA