ភ្នំពេញៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន ៧ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដើម្បី​ផ្ដល់​កម្ចី​អាជីវកម្ម​កាន់តែច្រើន ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រួមចំណែក​ដល់​សកម្មភាព​សេដ្ឋកិច្ច​ចំពេល​វិបត្តិ​សុខភាព​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា រវាង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ​នៃ​ជុំ​ទី​ ២ នៃ​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម ដែល​រួមមាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត ធនាគារ​ប្រេដប៊ែង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខេមា ធនាគារពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ធនាគារ​ជេត្រាស់រ៉ូយ៉ាល់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និង​ធនាគារ​ស្ថាបនា​។

ការចាប់​ដៃគូ​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នា​ថ្ងៃនេះ នឹង​ធ្វើឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​សរុប​កើន​ឡើងដល់​ចំនួន ១៥​។ ការចុះហត្ថលេខា​នេះ​អនុញ្ញាតឱ្យ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា និង​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​ទាំងអស់​សហការ​គ្នា​ក្នុង​ការផ្តល់​ឥណទាន​ដែលមាន​ការធានា​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នានា​នៅ​កម្ពុជា​។

លោក រស់ សីល វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​លើកឡើងថា យន្តការ​ធានា​ឥណទាន គឺជា​សេវា​ហិរញ្ញវត្ថុ​ថ្មី​នៅ​កម្ពុជា ដែល​រំពឹងថា អាច​ចូលរួម​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ដល់​ការផ្តល់​ហិរញ្ញប្បទាន និង​នាំមក​នូវ​ទម្លាប់​ថ្មី​នៃ​ការផ្តល់​ឥណទាន​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​ចាប់យក​ឱកាស​នៃ​ភាពជា​ដៃគូ​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ពង្រីក​វិសាលភាព​មូលដ្ឋាន​អតិថិជន និង​ទីផ្សារ​ឥណទាន​របស់ខ្លួន តាមរយៈ​ការផ្តល់​ឥណទាន​ថ្មីៗ​ដែលមាន​ការធានា​ពីសា​ជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។ ទន្ទឹមនឹងនេះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​រួមគ្នា​ក្នុង​រយៈពេល​វែង​ពី​គម្រោង​ធានា​ឥណទាន​នេះ ការប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ និង​ការពង្រឹង​អភិបាលកិច្ច​របស់​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​ក្នុង​ការវាយតម្លៃ និង​ត្រួតពិនិត្យ​ឥណទាន​របស់​ក្រុមហ៊ុន​អាជីវកម្ម គឺ​ពិត​ជាមាន​សារៈសំខាន់​»​។

លោក សុខ រឿន ប្រធាន​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា បន្ទាប់ពី​ចុះហត្ថលេខា​ថា ការចូលរួម​របស់​ស្ថាប័ន​លោក​នឹង​រួមចំណែក​ក្នុង​ការចាក់​បញ្ចូល​មូលនិធិ​បន្ថែមទៀត​ទៅក្នុង​សេដ្ឋកិច្ច ខណៈ​ដែល​អាជីវកម្ម​ជាច្រើន​កំពុង​ត្រូវការ​ដើមទុន​សម្រាប់​ការរស់​ឡើងវិញ ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​អាជីវកម្ម​ជាច្រើន​ផ្សេងទៀត​ក្នុង​វិស័យ​សេវាកម្ម កសិកម្ម ពាណិជ្ជកម្ម និង​ដឹកជញ្ជូន កំពុង​ស្វែងរក​មូលនិធិ​បន្ថែម​ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ​។ ដោយមាន​ការចូលរួម​នេះ យើង​អាច​បង្កើន​ទំហំ​កម្ចី​របស់​យើង ពិសេស​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវបាន​រងផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។ នេះ​គឺជា​ការរួម​ចំណែក​របស់​យើង​សម្រាប់​កំណើន​សេដ្ឋកិច្ច ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​»​។

កាលពីដើម​ខែមិថុនា ធនាគារ កាណាឌីយ៉ា បានក្លាយ​ជា​សមាជិក​ដំបូង​នៃ​ផែនការ​ធានា​ការស្ទុះ​ងើបឡើង​វិញ​អាជីវកម្ម​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចាប់ផ្តើម​ដំណើរការ CGCC ជាមួយ​គ្រោង​ការធានា​អាជីវកម្ម ២០០ ​លាន​ដុល្លារ​ក្នុង​ខែមីនា ឆ្នាំ​ ២០២១ ដើម្បី​គាំទ្រ​អាជីវកម្ម​រួមមាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក៏​ដូចជា​ក្រុមហ៊ុន​ធំៗ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ប្រាក់កម្ចី​ជា​ផ្លូវការ​ពី​ PFI សម្រាប់​ដើមទុន​ធ្វើការ​វិនិយោគ និង​ការពង្រីក​អាជីវកម្ម​។

គ្រោងការ​អាច​ប្រើ​បាន​រហូតដល់​ចុងឆ្នាំ ២០២២ ហើយ​ប្រាក់កម្ចី​ដែល​ត្រូវបាន​ធានា​នឹងត្រូវ​បានផ្តល់​ជូន​តាមរយៈ PFI ដោយ​ផ្អែកលើ​ «​អ្នក​ដែល​មក​មុនគេ និង​ទទួលបាន​សេវាកម្ម​ដំបូង​គេ​»​។ រហូតមកដល់​ពេលនេះ​ការធានា​ចំនួន​ ១៨ ត្រូវ​បានចេញ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ PFI ក្រោម BRGS​។

យោងទៅតាម CGCC ចំនួន​កើនឡើង​នៃ PFI របស់ CGCC នឹង​ផ្តល់ឱ្យ​អ្នក​ខ្ចី​នូវ​ជម្រើស​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ​គ្នា​នៅ​ទូទាំង​ប្រទេស​ដើម្បី​ស្វែងរក​ហិរញ្ញប្បទាន​ក្រោម​គម្រោង​ធានា​របស់ CGCC​។

ការគាំទ្រ CGCC ដើម្បី​ផ្តល់​ប្រាក់កម្ចី​បន្ថែម​ដល់​អ្នក​ខ្ចី​ដែលមាន​លទ្ធភាព​សង​ប្រាក់កម្ចី ប៉ុន្តែ​ខ្វះ​​វត្ថុ​បញ្ចាំ​ដោយ​ផ្តល់​ការធានា​ពី ៧០ ទៅ ៨០ ​ភាគរយ ដែល​អាច​ដើរតួ​ជា​អ្នក​បញ្ចាំ​។ អត្ថិភាព​នៃ CGCC មានន័យថា​អ្នក​ខ្ចី​ឥឡូវនេះ​អាចមាន​ឱកាស​ខ្ពស់​ក្នុងការ​ទទួល​បាន​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បើទោះបី​ខ្វះ​ទ្រព្យ​ធានា​ក៏ដោយ​៕ LA