
ភ្ញៀវទេសចរដើរលេងកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី។ ហុង មិនា
ភ្នំពេញៈ កម្ពុជាមានមហិច្ឆតាទាក់ទាញភ្ញៀវទេសចរឱ្យបានប្រមាណ ៣ លាននាក់នៅត្រឹមឆ្នាំ ២០៣៥ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ ២០២១-២០៣៥ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។
ផែនការនេះត្រូវបង្ហាញក្នុងកិច្ចប្រជុំដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ ២០២១-២០៣៥ កាលពីថ្ងៃទី ២៨ ខែមិថុនា តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេផងដែរ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ផែនការមេនេះ គឺផ្តោតលើគោលបំណងសំខាន់ៗដូចជា ខេត្តមណ្ឌលគិរី គឺជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ឧត្តមានុវត្តន៍ មជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិតនៃតំបន់ភាគឦសាន និងជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស»។
សេចក្តីប្រកាសព័ត៌មានបន្តថា ផែនការមេនេះបានកំណត់ចក្ខុវិស័យសំខាន់ៗដោយអភិវឌ្ឍខេត្តមណ្ឌលគិរីឱ្យក្លាយជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញ។
នៅត្រឹមឆ្នាំ ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ខណៈចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង ព្រមទាំងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងប្រយោលប្រមាណ ១ ០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន ២ ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។
សេចក្តីប្រកាសព័ត៌មានបន្តថា ជាមួយគ្នានេះផែនការមេនេះនឹងចូលរួមចំណែកធ្វើឱ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូលនៃប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្រុមការងារបច្ចេកទេសត្រូវបញ្ចូលបន្ថែមធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះដើម្បីរៀបចំជាសេចក្តីព្រាងចុងក្រោយ ដើម្បីគោរពជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានស្វាគមន៍ចំពោះការរៀបចំផែនការមេនេះ ប៉ុន្តែលោកព្រួយបារម្ភថា ការអភិវឌ្ឍនឹងធ្វើឱ្យប្រឈមនឹងផលប៉ះពាល់ដល់ការបាត់បង់អត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី។
លោកនិយាយថា៖ «យើងពិតជា ត្រូវការមានផែនការមេ ដើម្បីឱ្យការអភិវឌ្ឍត្រឹមត្រូវតាមទិសដៅ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ប្រសិនបើយើងអនុវត្តឱ្យលឿនតាមតែអាចធ្វើទៅបានវាជារឿងល្អ ព្រោះខេត្តមណ្ឌលគិរីកំពុងរងការហានិភ័យនៃអត្តសញ្ញាណដែលត្រូវបានបំផ្លាញដោយមិនដឹងខ្លួនព្រោះតំបន់ស្នូលនៃទេសចរណ៍សំខាន់ៗត្រូវបានលក់ដូរ ទិញ ពុះចែកគ្នាអភិវឌ្ឍផ្ទះថ្ម។ យើងមិនប្រឆាំងនឹងការអភិវឌ្ឍទេ ប៉ុន្តែការអភិវឌ្ឍត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់ខេត្តនេះ»។
លោក ងិន វិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈផែនការមេនេះនឹងជួយអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យកាន់តែរីកចម្រើន។
លោកប្រាប់ថា៖ «ខ្ញុំគិតថា ផែនការមេនេះក្រៅពីវិស័យទេសចរណ៍ វិស័យផ្សេងទៀតក៏នឹងមានការរីកចម្រើន ព្រោះវិស័យទេសចរណ៍ត្រូវពឹងផ្អែកលើវិស័យផ្សេងទៀតផងដែរ»។
តាមរយៈផែនការមេនេះ តំបន់អាទិភាពសំខាន់ៗចំនួន ៦ ត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី គឺតំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរលំផាត់ កែវសីមា និងស្រែពក) ត្រូវបានអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ ដែលគិតគូរច្បាស់លាស់អំពីបរិស្ថាន៕ LA