ភ្នំពេញៈ កម្ពុជា​កំពុង​ជំរុញ​ការកសាង​អគារ​រដ្ឋបាល​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់​ (​កម្ពុជា​) ​បាន​ណងអៀង​ (​ថៃ​) ​ឱ្យ​បាន​លឿន​ ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល​។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល នៅក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​ក្រុមការងារ​បច្ចេកទេស​ចុះទៅពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់​បានណងអៀង កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា បានឱ្យដឹងថា ការសាងសង់​គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា ២៦,៨៥ លាន​ដុល្លារ ដែលជា​ឥណទាន​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិតខាង​ (NEDA)​។

លោក ចាន់ថុល បាន​និយាយថា​៖ «​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យបាន​សម្រេច​តាម​ផែនការ​គ្រោងទុក​ដែល​វា​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​កាន់តែ​ងាយស្រួល​ និង​រួមចំណែក​លើកស្ទួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​»​។

លោក វ៉ា ស៊ីមសុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ថា ការសាងសង់​នៅពេលនេះ​ទើបនឹង​សម្រេច​ប្រហែល​ ១២ ​ភាគរយ​ប៉ុណ្ណោះ ខណៈ​ការសាងសង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទំនិញ​បណ្តោះអាសន្ន និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បាននិង​កំពុង​ដំណើរការ​ជា​បន្តបន្ទាប់​។

លោក​បន្តថា​៖ «​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ ​នៅ​ក្រុង​ប៉ោយប៉ែត​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​គម្រោង​ខ្លះៗ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ចុះទៅ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅពេលនេះ គឺ​ដើម្បី​អាចឱ្យ​ដំណើរការ​បណ្តោះអាសន្ន​សិន​នៅ​ច្រក​ស្ទឹង​បត់បាណង់អៀង​»​។

បើតាម​លោក សុរិយា ការរៀបចំ​បើក​ច្រក​នេះ​បណ្តោះអាសន្ន​គឺ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរខេត្ត​ស្រះកែវ​របស់​ថៃ​។

យោងតាម​កាសែត Bangkok Post ចេញផ្សាយ​កាលពី​ខែ​មុន​បានឱ្យដឹងថា ការសាងសង់​ផ្លូវ​ពី​ខេត្ត​ស្រះកែវ​របស់​ថៃ​តភ្ជាប់​មក​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​សម្រេច​បាន​ ៧០ ​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២២​។ ផ្លូវនេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦៣,៧១ ​លាន​ដុល្លារ​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ មានតម្លៃ​សរុប ២ ០៩៧, ៣៤ លាន​ដុល្លារ ធ្លាក់ចុះ ២១,៣៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ កម្ពុជា​បាន​នាំចេញ​ទៅ​ថៃ​មាន​ចំនួន ៣២៩,៥៤ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៨,៩២ ​ភាគរយ ហើយ​កម្ពុជា​នាំចូល​វិញ​មានតម្លៃ ១ ៧៦៧,៨ លាន​ដុល្លារ ធ្លាក់ចុះ ១២,៥៧ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​ការបរទេស​ប្រទេស​ថៃ​៕ LA