ភ្នំពេញៈ ដោយ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ នៅតែ​បន្ត​វិវឌ្ឍ​ខ្លួន​គួរឱ្យ​បារម្ភ​ដែល​បាន​បង្កើន​នូវ​សម្ពាធ​ផ្នែក​សង្គម​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ជា​បន្តទៀត ដើម្បី​ជួយ​លំនឹង​អាជីវកម្ម ធុរកិច្ច​ក្នុង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​បាន​ផ្សាយ​នៅ​ថ្ងៃទី​ ៣០ ខែមិថុនា​។

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ​ដុល្លារ ​ក្នុង​ ១ ​ខែ​សម្រាប់​កម្មករ​និយោជិត​ម្នាក់​ក្នុង​វិស័យ​កាត់ដេរ​វាយនភណ្ឌ ស្បែកជើង ផលិតផល ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍​សម្រាប់​រយៈពេល​ ៣ ​ខែ​បន្ថែមទៀត​ (​កក្កដា-កញ្ញា​)​។ ម្ចាស់​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​រៀបរាប់​ខាងលើ​ត្រូវ​បន្ថែម ៣០ ​ដុល្លារ​ ឱ្យ​កម្មករ​និយោជិត ម្នាក់​ (​សរុប​ចំនួន​ ៧០ ​ដុល្លារ​ក្នុង​ ១ ​ខែ​)​។

សេចក្តី​ប្រកាស​ព័ត៌មានបន្តថា រដ្ឋាភិបាល​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ​ជូន​កម្មករ និយោជិត ១ នាក់​ដែល​បំពេញការងារ​ក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍ សម្រាប់​រយៈពេល​ ៣ ​ខែ​បន្ថែមទៀត​ (​កក្កដា-កញ្ញា​)​។ ​សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង​បន្ថែម​លើ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​។

រដ្ឋាភិបាល​ក៏​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត សម្រាប់​រយៈពេល ៣ ខែ​ទៀត​ (​កក្កដា ដល់​កញ្ញា​)​។

ប៉ុន្តែ​អាជីវកម្ម​ទាំងនេះ នៅតែ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT) ​ជា​រៀងរាល់ខែ​ក្នុង​អំឡុងពេល​នៃ​ការលើកលែង​នេះ​។

ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ឱ្យដឹងថា វិធានការ​ជុំ​ទី​ ៩ នឹង​ជួយ​ដល់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បន្ត​រស់នៅក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​។

អ្នកស្រី​និយាយថា​៖ «​វិធានការ​នេះ​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​បាន​មួយផ្នែក​ពិសេស កម្មករ-និយោជិត​ដែល​បន្ត​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខ្លះ​»​។

វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍​បន្ត​លើកលែង​ការបង់ពន្ធ​អប្បបរមា (Minimum Tax) សម្រាប់​រយៈពេល ៣ ​ខែ​បន្ថែមទៀត​ (​កក្កដា ដល់​កញ្ញា​) ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ព្រមទាំង​បន្ត​ពន្យារ​ការបង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរណ៍​ស៊ីវិល សម្រាប់​រយៈពេល ៣ ​ខែ​បន្ថែមទៀត​ (​កក្កដា ដល់ ខែកញ្ញា​) និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​រៀបចំ​បង់ប្រាក់​ជំពាក់​នោះ​ជា​ដំណាក់កាល ក្រោយពី​រយៈពេល​ពន្យារ​នេះ​។

វិធានការ​នេះ​ក៏​នឹង​ជួយ​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទីក ដោយ​លើកលែង​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសា​គយ​សម្រាប់​ឆ្នាំ​ ២០២១ និង ២០២២​។ ការពន្យារ​ពេលនេះ​នឹងត្រូវ​ផ្អែកលើ​ការវាយតម្លៃ​ជា​បន្តបន្ទាប់​នូវ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ជាក់ស្តែង​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជកម្ម​ដឹកជញ្ជូន​ទំនិញ បាន​ស្វាគមន៍ និង​គាំទ្រ​ដែល​រដ្ឋាភិបាល​បន្ត​ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​ក្នុង​ការជួយ​ដល់​វិស័យ​ឯកជន​ក្នុង​ការសម្រាល​បន្ទុក​ក្នុងអំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។ ការលើកលែង​កម្រៃ​អាជ្ញាប័ណ្ណ​ជើង​សាគយ គឺជា​ការកាត់បន្ថយ​ការចំណាយ​ខ្លះ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​រងផលប៉ះពាល់​នៃ​សកម្មភាព​អាជីវកម្ម​នៅក្នុង​អំឡុង​ពេលនេះ​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា​រដ្ឋាភិបាល​មានការ​គិតគូរ​វែងឆ្ងាយ​ដល់​វិស័យ​ឯកជន​ចាប់តាំងពី​មាន​ជំងឺ​កូវីដ​ ១៩ ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ រហូតមក​បច្ចុប្បន្ន ដូចនេះ​វិធានការ​រដ្ឋាភិបាល​ពិតជា​បាន​ជួយ​កាត់បន្ថយ​ចំណាយ​ផ្សេងៗ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​នានា​ក្នុងអំឡុង​ពេលនេះ​»​។

ទន្ទឹមនឹងនេះ បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុងអំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​នឹង​បន្ត​ពន្យារ​ការចាប់ផ្តើម​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​រយៈពេល ៦ ​ខែ​បន្តទៀត​គឺ​រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១​។ ការពន្យារ​ពេលនេះ​នឹងត្រូវ​ផ្អែកលើ​ការវាយតម្លៃ​ជា​បន្តបន្ទាប់​នូវ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ជាក់ស្តែង​។

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នឹង​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ សម្រាប់​រយៈពេល ៣ ​ខែ​បន្ថែមទៀត (​ខែកក្កដា ដល់​កញ្ញា​)៕ LA