ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​និយាយ​ថា ប្រព័ន្ធ​ឌីជីថល​មាន​តួនាទី​សំខាន់​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ និង​ជា​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ទ្រទ្រង់​សកម្មភាព​សាធារណៈ និង​ពាណិជ្ជកម្ម​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្រោម​ប្រធានបទ​ «​ការងើប​ឡើងវិញ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​៖ ការលើកកម្ពស់​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​ជាមួយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​ភាពធន់​» តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា​។

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា កម្ពុជា​បានកំណត់​អាទិភាព​របស់ខ្លួន​នៅក្នុង​ការជំរុញ​ប្រព័ន្ធ​ឌីជីថល ដើម្បី​ធានាបាន​នូវ​លំហូរ​ដោយ​រលូន​នៃ​ទំនិញ សេវា ការងារ​ជំនាញ មូលធន និង​ទិន្នន័យ ដូចនេះ​កម្ពុជា​ចាំបាច់​ត្រូវ​ផ្តោតជា​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ច្បាប់ និង​ស្ថាប័ន ដើម្បី​សម្រប​ខ្លួន​នឹង​បដិវត្តន៍​ឌីជីថល សម្រាប់​ពាណិជ្ជកម្ម ការវិនិយោគ កិច្ច​សម្រួល​ពាណិជ្ជកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម និង​ការអភិវឌ្ឍ​ជំនាញ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

លោកស្រី ជុំ ម៉ូនីកា នាយិកា​ក្រុមហ៊ុន Visa Inc ប្រចាំ​កម្ពុជា ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល កាលពីពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា ចាប់តាំងពី​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​តាម​បណ្តា​ប្រទេស​តំបន់​អាស៊ាន​មាន​ការកើន​គួរឱ្យ​កត់សម្គាល់ ដោយ​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​បាន​កាត់បន្ថយ ៤៤ ​ភាគរយ ធៀប​នឹង​មុនពេល​មាន​ជំងឺ​កូវីដ​ ១៩​។ លោកស្រី​បាន​បន្ថែមថា​៖ «​សុវត្ថិភាព និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ គឺជា​ហេតុផល​ចម្បង​សម្រាប់​ការប្រើប្រាស់​ការទូទាត់​តាម​ឌីជីថល​»​។

បើតាម​លោក ចាន់ថុល ដើម្បី​សម្រេច​ចក្ខុវិស័យ​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​តំបន់ កម្ពុជា​បាន​ប្តេជ្ញា​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​គយ ASYCUDA គម្រោង​តភ្ជាប់​ប្រព័ន្ធ​ស្វយ័ត​ប្រវត្តិកម្ម Port EDI ជាមួយនឹង​ប្រព័ន្ធ ASYCUDA ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន និង​ពាណិជ្ជកម្ម ប្រកបដោយ​ប្រសិទ្ធភាព​។

ជាមួយ​គ្នា​នេះ កម្ពុជា​ក៏បាន​អនុម័ត​ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​អនឡាញ​តាម​ច្រកចេញចូល​តែ​ ១ ​របស់​អាស៊ាន ពិសេស​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥​។

លោក​បន្ថែមថា​៖ «​ឌីជីថល​អាចជួយ​ឱ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​អាស៊ាន​ជា​សហគមន៍​តភ្ជាប់​ប្រព័ន្ធ​ឌីជីថល​តែ​ ១ និង​ជំរុញ​ការតភ្ជាប់​ខ្លួន ដើម្បី​ពន្លឿន​ការងើប​ឡើងវិញ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​»​។

បច្ចុប្បន្ន​មាន​ប្រជាជន​ខ្មែរ​ច្រើនជាង ៥៩ ​ភាគរយ​បាន​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ឆ្លុះបញ្ចាំង​អំពី​ការលើកកម្ពស់​សេវា​ទូទាត់​ឌីជីថល​ស្រប​នឹង​កិច្ចការងារ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​៕ LA