ភ្នំពេញៈ សហគមន៍​អាជីវកម្ម​បាន​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម ដែល​នឹងត្រូវ​ដើរតួនាទី​នៅក្នុង​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​។ ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្កើន​ទំនុកចិត្ត​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក៏ដូចជា​ទាក់ទាញ​វិនិយោគ​បន្ថែម​។

កាលពី​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២១ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ បាន​ចុះហត្ថលេខា​លើ​ការបង្កើត​គណៈកម្មាធិការ​រៀបចំ​តុលាការ​ពាណិជ្ជកម្ម ហើយ​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ភាគី​ពាក់ព័ន្ធ និង​សភាពាណិជ្ជកម្ម​កម្ពុជា បានរៀបចំ​ការពិគ្រោះ​យោបល់​ដើម្បី​បង្កើនល្បឿន​ការបង្កើត​តុលាការ​ពាណិជ្ជកម្ម​នេះ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​ដឹកនាំ​សមាជិក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ជាមួយ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា​ថា ក្រសួង និង​វិស័យ​ឯកជន​បាន​យល់ព្រម​លើ ៣ ចំណុច គឺ​ទី​១ ការជ្រើសរើស​ទីតាំង​ដែល​នឹងត្រូវ​បង្កើតឡើង​ដំបូង​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ទី​២ ការបង្កើត​សមត្ថភាព​ចៅក្រម និង​ទី​៣ នីតិវិធី​របស់​តុលាការ​ពាណិជ្ជកម្ម​។

លោក​ថ្លែងថា​៖ «​យើង​រំពឹងថា តុលាការ​ពាណិជ្ជកម្ម​នឹង​បង្កើតឡើង​ត្រឹម​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ​។ តុលាការ​នេះ​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការបង្កើន​ភាពជឿជាក់ និង​ទំនុកចិត្ត​ក្នុង​ចំណោម​ពាណិជ្ជករ និង​វិនិយោគិន​នៅពេល​យើង​មាន​តុលាការ​នេះ​ក្នុងស្រុក​»​។

លោក​ អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ស្វាគមន៍​គំនិត​ផ្តួចផ្ដើម​នេះ ដោយ​លោក​លើកឡើងថា​បច្ចុប្បន្ន​ភាគច្រើន​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ត្រូវ​ទៅ​តុលាការ​ស៊ីវិល ដែល​ត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ​។

លោក​លើកឡើងថា​៖ «​នេះ​ជា​ការល្អ​ណាស់​ដែល​រដ្ឋាភិបាល​ (​ដឹកនាំ​ដោយ​ក្រសួង​យុត្តិធម៌ មាន​គំនិត​ផ្ដួចផ្ដើម​ដ៏សំខាន់​នេះ ដើម្បី​ដោះស្រាយ​ដល់​ការអំពាវនាវ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៃ​តម្រូវការ​តុលាការ​ពាណិជ្ជកម្ម​។ បទពិសោធ​ទទួលបាន​មកដល់​ពេល​នេះ ដែល​ប្រើ​តុលាការ​ប្រពៃណី​ជួនកាល​ត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​។ ជម្លោះ​ពាណិជ្ជកម្ម​ចាំបាច់​ត្រូវ​ដោះស្រាយ​នៅ​តុលាការ​ពាណិជ្ជកម្ម​»​។

លោក​បាន​ពន្យល់ថា ដូច​គេ​បានដឹង​រួចហើយ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​ការកើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​វា​បន្ត​កើនឡើង​រៀងរាល់ឆ្នាំ​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management Holding និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ឱ្យដឹងថា ការបង្កើត​តុលាការ​នេះ​ជា​ជំហាន​ដ៏ល្អ​ដែល​បង្កើន​ទំនុកចិត្ត និង មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​វិនិយោគិន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ នឹង​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​បរទេស​កាន់តែច្រើន​។

លោក​ថ្លែងថា​៖ «​វិនិយោគិន​អន្តរជាតិ ជាទូទៅ​បានបង្ហាញ​ការចង់បាន​ចំពោះ​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​សិង្ហបុរី សម្រាប់​ដោះស្រាយ​ជម្លោះ​ក្នុង​កិច្ចសន្យា​ពាណិជ្ជកម្ម​។ បើទោះបី​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម​ជាតិ​ត្រូវបាន​បង្កើត​កាលពី​ឆ្នាំ​ ២០១៣ ​ក៏ដោយ វិនិយោគិន​អន្តរជាតិ​ធំៗ​នៅតែមាន​ទំនោរ​ទៅ​រក​មជ្ឈត្តកម្ម​បរទេស​»​។

ធនាគារ​ពិភពលោក​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា បាន​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៤ ​ភាគរយ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ធ្លាក់ចុះ ៣,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ដោយសារ​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ ១៩ និង​ការរស់​ឡើង​វិញ​នៃ​តម្រូវការ​ពិភពលោក​៕ LA