ភ្នំពេញ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋ​មន្រ្តី អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ថ្លែង​ថា ការវិនិយោគ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd និង​ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ក្នុង​ការ​បង្កើត​រោងចក្រ​ផលិតសម្បក​កង់​យានយន្ត និង​រោងចក្រ​គ្រឿង​សង្ហារិម​នឹង​ជំរុញ​ផលិតកម្ម​កៅស៊ូ និង​ផលិតកសិកម្ម​ផ្សេងៗ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

ការ​លើក​ឡើង​របស់​លោក សុខ ចិន្តាសោភា ធ្វើ​ឡើង​អំឡុង​ពេល​លោក​បាន​ដឹក​នាំ​គណៈប្រតិភូ ក.អ.ក. បំពេញ​ទស្សនកិច្ច​ការងារ​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាង​សង់​រោងចក្រ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd និង​ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដោយ​មាន​ការ​ចូលរួម​ពី​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង និង​តំណាង​ក្រសួង ស្ថាប័ន​ប្រចាំ​ការ​នៅ​រដ្ឋបាល​តំបន់សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុចាយ និង​តំបន់​សេដ្ឋកិច្ច ពិសេស ស៊ីន បាវិត កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែ​កក្កដា ឆ្នាំ២០២១។

លោក​បាន​សម្តែង​ការ​ស្វាគមន៍​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​នឹង​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋ​មន្រ្តី អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​ដឹក​នាំ​គណៈប្រតិភូ ក.អ.ក. បំពេញ​ទស្សនកិច្ច​ការងារ​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាង​សង់​រោងចក្រ​របស់​ក្រុមហ៊ុន Cart Tire Co., Ltd និង​ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd។ រូបថត សហការី

លោកថា៖«ក្រុមហ៊ុន Cart Tire Co., Ltd ដែល​នឹង​បញ្ជា​ទិញ​កៅស៊ូ​ក្នុង​ស្រុក ១០០% សម្រាប់​ប្រើប្រាស់​ជា​វត្ថុ​ធាតុដើម​ក្នុង​ការ​ផលិតសម្បក​កង់​យាន​យន្ត ដោយ​នៅ​ឆ្នាំ​ទី​១ ក្រុមហ៊ុន​នឹង​ត្រូវ​ការ​កៅស៊ូ​ប្រមាណ ៥០០០០តោន ហើយ​នៅ​ឆ្នាំ​ទី​៥ តម្រូវការ​នឹង​កើន​ឡើង​រហូតដល់ ១៥០០០០​តោន ស្មើ​នឹង​ប្រមាណ ៤៣% នៃ​ផលិតកម្ម​កៅស៊ូ​ក្នុង​ស្រុក​សរុប​ឆ្នាំ ២០២០»។

ជាមួយគ្នានោះដែរ លោក បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ពិចារណា​ទិញ​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ព្រោះការ​ប្រើប្រាស់​វត្ថុ​ធាតុដើម​ក្នុង​ស្រុក​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាច​នាំ​ចេញ​ដោយ​បង់​ពន្ធ​ក្រោម​អត្រា ០% ឬអត្រាទាប។

លោក​ក៏​បាន​សំណូមពរ​ក្រុមហ៊ុន​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​ចៀសវាង​ឱ្យ​ខាង​តែ​បាន​នូវ​ផល​ប៉ះពាល់​បរិស្ថាន តាម​រយៈការ​សាង​សង់​អាង​ប្រព្រឹត្តិកម្មទឹក​កខ្វក់ ក៏​ដូចជា​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​សំណល់​គ្រប់​ប្រភេទ។

តំណាង​ក្រុមហ៊ុន Cart Tire Co., Ltd ថ្លែងថា ក្រុមហ៊ុន​បាន​មាន​កិច្ច​សហការ​ល្អ​ជាមួយ​គ្រឹះស្ថាន​អប់រំ ក៏ដូចជា​សាកល​វិទ្យាល័យ​ស្វាយរៀង​រួច​ហើយ ដើម្បី​ស្វែង​រក​សិស្ស/និស្សិត ឱ្យ​មក​បម្រើការងារ​នៅ​ក្នុង​រោងចក្រ។

ក្រុមហ៊ុន Cart Tire Co., Ltd ​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន និង​ធ្លាប់​បាន​វិនិយោគ​នៅ​ប្រទេស​វៀតណាម​តាំង​ពី​ឆ្នាំ ២០១១ ហើយ​នៅ​ឆ្នាំ២០២១ នេះ ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា បង្កើត​រោងចក្រ​ផលិត​សម្បក​កង់​យាន​យន្ត​ក្នុង​ទុន​វិនិយោគប្រមាណ ៣៥០ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃ​ដី​ទំហំ ៥០​ហិកតា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុចាយ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​អាច​បង្កើត​ការងារ​រហូត​ដល់​ជាង ៤០០០​កន្លែង​ជូន​ដល់​កម្មករ​និយោជិត។

ក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០២១ បង្កើត​រោងចក្រ​ផលិតគ្រឿង​សង្ហា​រិម​គ្រប់​ប្រភេទ ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​នាំ​ចូល ក្នុង​ទុនវិនិយោគ​ប្រមាណ ៤៧,៧ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃ​ដី​ទំហំ ៣៥ហិកតា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​អាច​បង្កើត​ការងារ​រហូត​ដល់​ជាង ២០០០​កន្លែង៕