ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ប្រកាស​អនុវត្ត​ជំហាន​ទី​២ នៃ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ដែល​បញ្ចេញ​កាបូន​តិច ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា​អំណោយផល​ល្អ​ដល់​បរិស្ថាន​ (TEST) ​នៅក្នុង​ឧស្សាហកម្ម​កម្ពុជា​។

TEST គឺជា​វិធីសាស្ត្រ​រួមបញ្ចូល​គ្នា​មួយ​ផ្តល់ឱ្យ​ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​ជាមួយ​នឹង​ឧបករណ៍​រួមបញ្ចូល​គ្នា​ដើម្បី​កែលម្អ​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម ការគ្រប់គ្រង និង​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព​។

លោក ឆែម គាតរិទ្ធី រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ តំណាង​ក្រសួងបរិស្ថាន អង្គការ UNIDO បាន​ដឹកនាំ​ការសំណេះសំណាល​ជាមួយ​តំណាង​រោងចក្រ និង​សហគ្រាស​ដែលជា​ភាគី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង TEST កាលពី​ថ្ងៃទី​ ២៩ មិថុនា តាមរយៈ​ប្រព័ន្ធ​អនឡាញ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម​កាលពី​ថ្ងៃទី​ ៣០ មិថុនា ឱ្យដឹងថា កាកសំណល់​មួយចំនួន​របស់​រោងចក្រ និង​សហគ្រាស​ត្រូវបាន​បង្ហូរ​ចូល​ប្រព័ន្ធ​លូ និង​ទន្លេ ដោយ​មិន​បានធ្វើ​ប្រព្រឹត្តិកម្ម​គ្រប់គ្រាន់ ឬ​ត្រឹមត្រូវ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវការ​វិធីសាស្ត្រ​ ដើម្បី​វាយតម្លៃ និង​កំណត់​អាទិភាព​នូវ​ដំណោះស្រាយ​ផលប៉ះពាល់​បរិស្ថាន​។

នាយក​គម្រោង TEST លោក ទឹង ស៊ីនី ឱ្យដឹងថា តាម​ផែនការ​គម្រោង​នេះ​ត្រូវអនុវត្ត​ចាប់ពី​ឆ្នាំ ២០១៨ ដល់​ ២០២១ ដែលមាន​រយៈពេល ៤៨ ​ខែ ប៉ុន្តែ​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ទើប​គម្រោង​ត្រូវបាន​ពន្យារពេល​រហូតដល់​ចុងឆ្នាំ​ ២០២២​។

លោក​បន្តថា TEST នឹង​អនុវត្ត​នៅតាម​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស ដែលជា​ដៃគូ​សរុប ៥០ ​មូលដ្ឋាន​នៅតាម​បណ្តា​ខេត្ត​ជុំវិញ​រាជធានី​ភ្នំពេញ​ដូចជា ព្រះសីហនុ និង​បាត់ដំបង ប៉ុន្តែ​មកដល់ពេលនេះ​ទើបតែ​ចុះ​ហត្ថលេខា​អនុវត្ត​ជាមួយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ចំនួន ៣៥ ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​បានបង្ហាញ​នូវ​ប្រសិទ្ធភាព​របស់​វិធីសាស្ត្រ​ចម្រុះ TEST ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​វត្ថុធាតុ​ដើម គ្រឿងផ្សំ ថាមពល​អគ្គិសនី ទឹក ប្រេងឥន្ធនៈ និង​កាកសំណល់​បាន​បញ្ចេញ ដើម្បី​បង្កើន​ផលិតភាព និង​គុណភាព​ផលិតផល ព្រមទាំង​ធ្វើការ​ការពារ​បរិស្ថាន​ផងដែរ​»​។

អង្គការ UNIDO បាន​លើកឡើងថា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ឧស្សាហកម្ម​បៃតង និង​សម្រេចបាន​ផែនការ​យុទ្ធសាស្ត្រ​ជំរុញ​សេដ្ឋកិច្ច​​វិលជុំ UNIDO ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​ក្រសួងបរិស្ថាន​បាន​រៀបចំ​កម្មវិធី​ទទួល​ស្វាគមន៍​ក្រុមទី​២ នៃ​រោងចក្រ​កាត់ដេរ និង​សហគ្រាស​កែច្នៃ​ចំណីអាហារ​ដែលមាន​ចំនួន ២០ ​រោងចក្រ និង​សហគ្រាស ដើម្បី​ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​ការអនុវត្ត​វិធីសាស្ត្រ​ចម្រុះ​ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ផ្នែក​ធនធាន និង​ផលិតកម្ម​ស្អាត​។

UNIDO ឱ្យដឹងថា​ «​ជំនួយ​បច្ចេកទេស​នេះ​អាចធ្វើ​ទៅបាន​ ដោយសារ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​មូលនិធិ​បរិស្ថាន​ពិភពលោក​ (GEF)​។ ជំនួយ​ផ្នែក​បច្ចេកទេស​នេះ​នឹង​ជួយ​ដល់​រោងចក្រ​ក្នុង​ការបង្កើន​ផលិតភាព និង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។ គម្រោង​នឹង​បន្ត​ជ្រើសរើស​រោងចក្រ និង​សហគ្រាស​បន្ថែមទៀត​»​។

TEST គឺជា​វិធីសាស្ត្រ​ចម្រុះ​ដែលមាន​រួមបញ្ចូល​វិធីសាស្ត្រ​មួយចំនួន​ដូចជា ការជ្រើសរើស​បច្ចេកវិទ្យា​សមស្រប​ដើម្បី​ប្រាស់​ធនធាន​ឱ្យមាន​ប្រសិទ្ធភាព និង​ផលិតកម្ម​ស្អាត​រួមជាមួយ​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​ចំនួន ៣ ​ទៀត​គឺ គណនេយ្យភាព​គ្រប់គ្រង​បរិស្ថាន​, ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន និង​ការទទួលខុសត្រូវ​សង្គម​របស់​សាជីវកម្ម​។

ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស ក្រសួង​នេះ​បាន​បង្កើត​ «​កម្មវិធី​ពានរង្វាន់​ឧស្សាហកម្ម​បៃតង​កម្ពុជា​» សម្រាប់​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ចូលរួម​ប្រកួតប្រជែង​ដណ្តើមយក​ពានរង្វាន់​ដែលមាន ៣ ​កម្រិត គឺ ពានមាស ពានប្រាក់ និង ពាន​សំរឹទ្ធ​ដែល​នឹង​ប្រកាស​ទទួល​ដាក់ពាក្យ​ពី​ពេលនេះ​រហូត​ដល់​ដំណាច់ខែ​កក្កដា ឆ្នាំ​ ២០២១៕ LA