ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា ក្រោម​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប ការអនុវត្ត​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ផ្នែក​នេសាទ និង​ផ្នែក​វារីវប្បកម្ម​ (CAPFISH Programme) បានសម្រេច​តាម​ផែនការ និង​កំពុង​ពិនិត្យ​លទ្ធភាព​បន្តសកម្មភាព និង​វិធានការ​ថ្មីៗ​ទៀត​ដើម្បី​ជំរុញ​វិស័យនេះ​ឱ្យ​រីកចម្រើន​។

ការលើកឡើង​នេះ​ត្រូវធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ ២០២១ តាម​ប្រព័ន្ធ Zoom​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​ដៃគូ​មួយចំនួន​ដូចជា អង្គការ FAO, UNESCO, AFD និង UNIDO​។

ការពិភាក្សា​គ្នា​ផ្តោតលើ​កម្មវិធី​ចំនួន ២ គឺ​កម្មវិធី​ស្តីពី​ «​ការជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ផ្នែក​នេសាទ និង​កម្មវិធី​ស្តីពី​ «​ការជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន ផ្នែក​វារីវប្បកម្ម​»​។

កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ភាពធន់​នឹង​អាកាសធាតុ និង​បរិយាប័ន្ន ធនធាន​ជលផល​ទឹកសាប និង​សមុទ្រ​នៅ​កម្ពុជា​។

កម្មវិធី​នេះ​ក៏​ចូលរួមចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមាន​ក្នុង​វិស័យ​ជលផល ពិសេស​បញ្ហា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​នេសាទ​ខុសច្បាប់ និង​គ្មាន​របាយការណ៍ (IUU) នៅ​កម្ពុជា​។

លោក វេង សាខុន បានឱ្យ​ដឹងថា ភាគី​ទាំង ២ បាន​ពិនិត្យ​លើ​លទ្ធផល​ដែល​បានសម្រេច​កំណត់​ចំណុចខ្លាំង និង​ខ្សោយ​រួច​ឈានទៅ​ដាក់ចេញ​ផែនការ​សកម្មភាព និង​វិធានការ​ថ្មីៗ​ថែមទៀត​សម្រាប់​អនុវត្ត​បន្ត​ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ​ឱ្យ​ឈាន​ទៅមុខ​ស្របតាម​ទិសដៅ​ដែល​បានកំណត់ ជាពិសេស​ឆ្លើយតប​ទៅនឹង​ផែន​ការដែល​កំពុងមាន​។

លោក​រដ្ឋមន្ត្រី បានឱ្យ​ដឹងថា ទោះបី​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ដ៏លំបាក​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ការអនុវត្ត​កម្មវិធី​ទាំង​ ២ ​ខាងលើនេះ​នៅតែ​សម្រេច​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។

លោក​បន្តថា​៖ «​យើង​សូម​កោតសរសើរ​ចំពោះ​កិច្ចសហការ និង​គាំទ្រ​ពី​សហភាព​អឺរ៉ុប ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​បង្កើន​ជំរុញ​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ធ្វើឱ្យ​វិស័យនេះ​រីកចម្រើន​»​។

លោកស្រី Carmen Moreno បានឱ្យដឹងថា វិស័យ​វារីវប្បកម្ម​កំពុង​ចូលរួម​យ៉ាងសកម្ម និង​ចាំបាច់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការរក្សាបាន​នូវ​និរន្តរភាព​ស្បៀងអាហារ និង​បង្កើន​កម្រិតជីវភាព​ក្នុង​ស្ថានភាព​ដ៏លំបាក​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩​។

លោកស្រី​បាន​សន្យាថា​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យនេះ ធ្វើយ៉ាងណា​ជំរុញ​កំណើន​វិស័យ​ជលផល ធានាបាន​សន្តិសុខ​ស្បៀង ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំង​ទឹកសាប និង​សមុទ្រ​ប្រកបដោយ​ចីរភាព​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា តាមរយ:​កម្មវិធី​ដែល​កំពុង​អនុវត្ត​គឺ​ពិតជា​បាន​ជួយ​ដល់​អ្នកនេសាទ វារីវប្បករ​កម្ពុជា សហគមន៍​នេសាទ​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​»​។

គម្រោង CAPFISH-Capture ត្រូវបាន​អនុវត្ត​សម្រាប់​រយៈពេល ៥ ឆ្នាំ​ ចាប់ពី​ខែកក្កដា ឆ្នាំ​ ២០១៩ ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ ដែលជា​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប​សរុប​ចំនួន ៨៧ ​លាន​អឺរ៉ូ​ (​ប្រហែល ១០៤ លាន​ដុល្លារ​) ​និង​ថវិកាបដិភាគ ១១ លាន​អឺរ៉ូ​ទៀត​ពី​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​៕ LA