ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ជិត ៤,៥ ​លាន​តោន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កើនឡើង​ជិត ៨៥ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង​ទទួលបាន​ចំណូល​ជាង ២,៥៧ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

យោងតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់លោក វេង សាខុន ដែល​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​ ៣០ ខែ​មិថុនា ឱ្យដឹងថា តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) គឺ​ក្នុង​រយៈពេល ៦ ​ខែ ដើមឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​សរុប ៤ ៤៥៤ ៥០៥,៣៣ ​តោន​កើនឡើង ៨៤,៦៤​ ភាគរយ ឬ​ស្មើនឹង ២ ០៤១ ៩៨២,៧២ ​តោន​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ២ ៤១២ ៥២២,៦១ ​តោន​។

ការនាំចេញ​កសិផល​ក្នុងអំឡុង​ពេលនេះ គឺ​ទៅ​ប្រទេស ៦២ ក្នុងតម្លៃ ២ ៥៧១ ១៦៩ ៦៣៩,៣៩ ​ដុល្លារ (​ឯកតា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​)​។

បើតាម​របាយការណ៍​ខាងលើ​កសិផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​មាន​ដូចជា អង្ករ ស្រូវ ចេក​ស្រស់ ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែក​សៀង សណ្តែកបាយ ប្រេងដូង ថ្នាំជក់ ម្ទេស និង​បន្លែ​ចម្រុះ ជាដើម​។

លោក វេង សាខុន បាន​និយាយថា ទន្ទឹមនឹង​កំណើន​នៃ​ការនាំចេញ​ផលិតផល​កសិផល​ជា​បន្តបន្ទាប់​នេះ ក្រសួង​កសិកម្ម​ក៏​កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត​វិធាន CamGAP និង​ប្រើប្រាស់ QR Code ដើម្បី​ជំរុញ និង​លើកកម្ពស់​គុណភាព​កសិកម្ម​កម្ពុជា សម្រាប់​ជា​គុណប្រយោជន៍​ដល់​គុណភាព និង​សុវត្ថិភាព​អ្នក​បរិភោគ​ក្នុងស្រុក និង​នាំចេញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​ការជំរុញ​ការអនុវត្ត CamGAP មិន​ត្រឹមតែ​កំពុង​ចូលរួម​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​លើកកម្ពស់​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​»​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​កំពុង​វិនិយោគ​លើ​ការដាំដុះ និង​នាំចេញ​ផ្លែ​ចេក​ស្រស់​ទៅ​ក្រៅ​ប្រទេស​លើ​ផ្ទៃដី​សរុប ១ ០០០ ​ហិកតា​នៅ​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ១ ខែកក្កដាថា លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ អាកាសធាតុ និង​គោលនយោបាយ​ជំរុញ​លើក​ទឹកចិត្ត​របស់​រដ្ឋាភិបាល​បាន​ធ្វើឱ្យ​កំណើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មាន​សម្ទុះ​កើនឡើង​ជា​បន្តបន្ទាប់ ពិសេស​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា ស្ថានភាព​ទីផ្សារ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​នៅពេលនេះ គឺ​មាន​តែ​ផលិតផល​កសិផល​ប៉ុណ្ណោះ​ដែលមាន​តម្រូវការ​រឹងមាំ និង​ចាំបាច់​ជាងគេ​។

លោក​បន្ថែមទៀត​ថា​៖ «​ជាមួយនឹង​កំណើន​នៃ​ការវិនិយោគ​ជា​បន្តបន្ទាប់ ខ្ញុំ​គិតថា ការនាំចេញ​កសិផល​កម្ពុជា​ទៅ​ក្រៅប្រទេស​នឹងមាន​អត្រា​ខ្ពស់​បន្ថែមទៀត​នៅក្នុង​ឆមាស​ទី​ ២ នេះ​»​។

លោក​លើកឡើងថា ដើម្បី​រក្សាបាន​នូវ​កំណើន​នៃ​ការនាំចេញ​នេះ​បន្តទៀត អ្នកវិនិយោគ ឬ​ប្រជាកសិករ​ក៏ត្រូវ​ចេះ​ជ្រើសរើស​កសិផល​មក​ដាំដុះ​ឱ្យ​សមស្រប​នឹង​តម្រូវការ​ទីផ្សារ ព្រមទាំង​ត្រូវ​ស្វែងរក​បច្ចេកទេស​ដាំដុះ ប្រមូល​ផល និង​វេចខ្ចប់​ប្រកបដោយ​អនាម័យ ស្រប​នឹង​ការចង់បាន​របស់​អ្នកបញ្ជា​ទិញ​។

កំណើន​នៃ​ការនាំចេញ​កសិផល​របស់​កម្ពុជា​នៅពេលនេះ​ត្រូវបាន​គេ​ដឹងថា ក៏​កំពុង​ទទួលបាន​ចំណែក​ពី​ការចុះកិច្ចព្រមព្រៀង​លើ​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ទៅ​ទីផ្សារ​ប្រទេស​ចិន និង​កូរ៉េ​ជាដើម​។

បើ​យោងតាម​ក្រសួងកសិកម្ម ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​រកចំណូល​បាន​ប្រមាណ ៣ ៤៣៣ ​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​៕ LA