ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​តម្លៃ​សរុប​ជាង ២២១,៦៧ លាន​ដុល្លារ​ក្នុង​រយៈពេល​ឆមាស​ទី​ ១ ឆ្នាំ ២០២១ កើនឡើង ៣៨,១២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដែលមាន​តម្លៃ​ជាង ១៦០ លាន​ដុល្លារ​។ ​នេះ​បើតាម លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក វេង សាខុន បានឱ្យដឹង​ទៀតថា​ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំនេះ​តម្លៃ​លក់​ជ័រកៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ​មធ្យម​ថ្លៃ ១ ៦៧៧ ដុល្លារ​ក្នុង​ ១ តោន កើន ៣៧៤ ដុល្លារ​ក្នុង​ ១ ​តោន ស្មើនឹង ២៨,៧២ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ដោយឡែក តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ក្នុង​ខែមិថុនា ថ្លៃ ១ ៦៨៥ ដុល្លារ​ក្នុង​ ១ តោន​ថយចុះ ១៥ ដុល្លារ​ក្នុង​ ១ តោន ស្មើនឹង ០,៨៦ ភាគរយ ធៀប​នឹង​ខែ​មុន ប៉ុន្តែ កើនឡើង ៤១៩ ដុល្លារ​ក្នុង​ ១ ​តោន ស្មើនឹង ៣៣,៥ ភាគរយ​ធៀប​នឹង​ខែមិថុនា​ឆ្នាំមុន​។

រីឯ តម្លៃ​ជ័រកៅស៊ូ​គ្រួសារ​នៅ​នឹង​ចម្ការ​ក៏បាន​កើនឡើង​ផងដែរ គឺ​ទឹកជ័រ​ (DRC ១០០%) ​មាន​តម្លៃ​ចន្លោះ​ពី ៥ ៨៥០ ទៅ ៦ ៥០០ រៀល​ក្នុង ១ គីឡូក្រាម កើន ២០៩ រៀល​ក្នុង ១ គីឡូក្រាម​ធៀប​នឹង​ខែ​មុន និង​ជ័រកក (DRC ៥០%) ​ថ្លៃ​ចន្លោះ​ពី ២ ៥០០ ទៅ ៣ ៣០០ ​រៀល​ក្នុង ១ គីឡូក្រាម កើន ១៦៩ រៀល​ក្នុង ១ គីឡូក្រាម ធៀប​នឹង​ខែ​មុន​ (​អាស្រ័យ​តាម​តំបន់​)​។

ផលិតផល​ជ័រកៅស៊ូ​សរុប​រយៈពេល ៦ ខែ​នេះ​សម្រេច​បាន​ចំនួន ១៣៣ ៣៦៧ តោន កើន ៧ ២៧៨ ​តោន ស្មើនឹង​ ៥,៧៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ១៦០ ហិកតា​ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មាន​ចំនួន ២៩២ ៥០០ ហិកតា ស្មើនឹង​ ៧២ ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ១១១ ៦៦០ ហិកតា ស្មើនឹង ២៨ ភាគរយ​៕