ភ្នំពេញ: កម្ពុជា-សិង្ហបុរី ប្តេជ្ញា​បន្ត​សហការ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ដើម្បី​ភាពរីកចម្រើន​ពិសេស​ជា​ការរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។

ការប្តេជ្ញា​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​ជាមួយ​លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២៩ ខែ មិថុនា ឆ្នាំ​ ២០២១​។

លោក ជា ចាន់តូ បាន​លើកឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​នានា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សិង្ហបុរី និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី ដែល​កន្លងមក​បានផ្តល់​កិច្ចសហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ពាក់ព័ន្ធ​នឹងន​វានុវត្តន៍​ហិរញ្ញវត្ថុ (Financial Innovation) និង​ជួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការរៀបចំ​កម្មវិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក ក្រោម​រូបភាព​ជា Partner City នៃ​កម្មវិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សិង្ហបុរី​(Singapore FinTech Festival) ឆ្នាំ​ ២០២០ ប្រកប​ដោយ​ជោគជ័យ​។

លោក​ថ្លែងថា​៖ «​រំពឹងថា​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ក្នុង​វិស័យ​ធនាគារ​នឹង​បន្ត​រីកចម្រើន​ទៅមុខទៀត ដើម្បី​ជួយ​គាំទ្រ​ និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ចកម្ពុជា​»​។

លោកស្រី Teo Lay Cheng បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​តែងតែ​ផ្តល់​កិច្ចសហការ​ល្អប្រសើរ​ជាមួយ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី ព្រមទាំង​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក ជា ចាន់តូ ដែល​ត្រូវបាន​ទស្សនាវដ្តី​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស ​បាន​ផ្តល់​ចំណាត់ថ្នាក់​ជា​ថ្នាក់ដឹកនាំ​ធនាគារកណ្តាល​ឆ្នើម​ឆ្នាំ​ ២០២១ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងចំណោម​ទេ​សាភិបាល ៥ ​រូប​ លើ​ពិភពលោក​។

លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ប្រព័ន្ធ​ធនាគារ​កម្ពុជា​សម្រេច​បាន​នាពេល​កន្លងមក ដែល​បានរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​។

លោកស្រី​ក៏បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​បន្តទៀត​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំង ២ និង​បង្កលក្ខណៈ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​រវាង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី និង​ធនាគារជាតិ​នៃ​កម្ពុជា​។

កាលពី​ឆ្នាំ​ ២០១៩ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​នវានុវត្តន៍​ហិរញ្ញវត្ថុ​សំដៅ​បង្កើត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំង​ ២ ​ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​នៅក្នុង​ទីផ្សារ​រៀងៗ​ខ្លួន​។

នៅក្រោម​អនុស្សរណៈ​នោះ NBC និង MAS អាច​ចែករំលែក​ព័ត៌មាន​អំពី​និន្នាការ និង​ការវិវត្ត​នៅក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន​ក៏ដូចជា​បទប្បញ្ញត្តិ​ទាក់ទង​នឹង​ការបង្កើត​ថ្មី​នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​។

កាលពីដើម​ខែឧសភា លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស NBC ក៏ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​អន្តរជាតិ FinTech ដែលមាន​ទីស្នាក់ការ​នៅ​សិង្ហបុរី​ផងដែរ​៕ LA