ភ្នំពេញៈ ដោយសារ​វិបត្តិ​កូវីដ​ ១៩ បាន​នាំឱ្យ​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ បន្ត​ធ្លាក់ចុះ​ស្ទើរ​ ១០០ ​ភាគរយ ធៀប​នឹង​ឆមាស​ទី១ ​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គ្រឹះស្ថាន​អង្គរ​។

ទិន្នន័យ​បានបង្ហាញ​ថា ពី​ខែ​មករា ដល់ ខែមិថុនា ឆ្នាំ​នេះ គ្រឹះស្ថាន​អង្គរ​បាន​លក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​សរុប​ចំនួន ៥ ៣២៩ នាក់ ដែល​មាន​តម្លៃ​ជា​ប្រាក់​ចំនួន ២១៩ ២១៨ ​ដុល្លារ ធ្លាក់ចុះ ៩៨,៧៩ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ទិន្នន័យ​បាន​ឱ្យដឹង​ទៀតថា សម្រាប់​ខែមិថុនា គ្រឹះស្ថាន​អង្គរ​បាន​លក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ ៥៥៥ នាក់​រកចំណូល​បាន ២២ ០១០ ​ដុល្លារ ថយចុះ ៦៩,៩ ​ភាគរយ ធៀប​នឹង​ខែមិថុនា ឆ្នាំមុន​។

សំបុត្រ​ចូល​ទស្សនា​ក្នុង​រមណីដ្ឋាន​អង្គរ ១ ថ្ងៃ​ មាន​តម្លៃ ៣៧ ដុល្លារ សំបុត្រ ៣ ថ្ងៃ​ មានតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ​មានតម្លៃ ៧២ ដុល្លារ​។ ​នេះ​បើតាម​តារាង​តម្លៃ​នៅ​គេហទំព័រ​របស់​គ្រឹះស្ថាន​អង្គរ​។

ក្នុង​ឆ្នាំ ២០២០ ភ្ញៀវទេសចរ​បរទេស​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរ​សរុប ៤០០ ៨៨៩ នាក់ ​ធ្លាក់ចុះ ៨១,៨២ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩​។ ​ចំណែក ចំណូល​បាន​ពី​ការលក់​សំបុត្រ​បាន​ចំនួន ១៨ ៦៥៤ ៨២៨ ដុល្លារ ធ្លាក់ ៨១,១៧ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​។ ​នេះ​បើតាម​គ្រឹះស្ថាន​អង្គរ​៕