ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​បញ្ចេញ​ទំនិញ​ពី​គយ​មុន​ពេល​បញ្ចប់​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចុះ​ថ្ងៃទី ២៩ មិថុនា ឆ្នាំ​នេះ។

ការ​អនុញ្ញាត​នេះ ស្រប​តាម​បទប្បញ្ញាត្តិ​នៃ​ប្រកាស​លេខ សហវ.ប្រក​ ចុះ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​ការ​អនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុន​ពេល​បញ្ចប់​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

សេចក្តី​ណែនាំ​បាន​ឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុន​ពេល​បញ្ចប់​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនញ​ពី​គយ ឬ​ការ​ជំពាក់​បែបបទ​គយ​ដោយ​អាច​តម្រូវ​ឱ្យ​តម្កល់​និមុត្តិ​ធានា​ជា​សាច់ប្រាក់ ឬ​ជា​ទម្រង់ ផ្សេង ស្រប​តាម​បទប្បញ្ញាត្តិ​នៃ​ប្រកាស​និមុត្តិធានា។

ទំនិញ​ដែល​អាច​អនុញ្ញាត គឺ​ទំនិញ​នាំចូល​ក្រសួង ស្ថាប័ន​រដ្ឋ និង​ទំនិញ​នាំចូល​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ និង​ទំនិញ​នាំចូល​របស់​គម្រោង​វិនិយោគ​សាធារណៈ ដែល​នឹង​ត្រូវ​ទទួល​បាន​ការ​អនុម័ត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង/ឬ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការ​ដាក់​ពន្ធ និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ។

ទំនិញ​នាំចូល​ជា​សម្ភារ​សាងសង់ បរិក្ខារ​សំណង់ សម្ភារ​បរិក្ខារ​ផលិតកម្ម និង​ធាតុ​ចូល​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ឯកជន​នានា។ ទំនិញ​នាំចូល​ជា​កម្មវត្ថុ​នៃ​ការ​បង់​ពន្ធ​អាករ​ ដែល​មាន​តម្រូវ​ការ​បន្ទាន់ ឬ​ចាំបាច់ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឯកភាព​គ្នា​លើ​ទិដ្ឋ​ភាព​បច្ចេក​ទេសគយ ដូចជា​តម្លៃ​គិត​ពន្ធ​គយ ចំណាត់​ថ្នាក់​ទំនិញ ឬ​ដើម​កំណើត​ទំនិញ​ជាដើម។

ទំនិញ​ដែល​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​លើ​ការ​តវ៉ា ឬ​ទំនិញ​ដែល​ត្រូវ​បាន​ឃាត់​ទុក​បណ្តោះអាសន្ន និង​ទំនិញ​ផ្សេងៗ​ទៀត ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លើកលែង​តែ​មាន​ការ​សម្រេច​ដោយ​ឡែក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​អនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុន​ពេល​បញ្ចប់​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ មិន​ត្រូវ​អនុញ្ញាត​ចំពោះ​ការ​នាំចូល​ទំនិញ​មួយ​ចំនួន រួមមាន​ទំនិញ​ហាម​ឃាត់ និង​ជាប់​កម្រិត​កំណត់​ដែល​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នាំចូល​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច។

ការ​អនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុន​ពេល​បញ្ចប់​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​រយៈពេល​ចំនួន ៩០ ថ្ងៃ ក្រោយ​ពេល​ទទួល​ទំនិញ ឬ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​បញ្ជិកា​ប្រតិវេទន៍​គយ​ចំពោះ​ទំនិញ​នាំចូល​ក្រសួង ស្ថាប័នរដ្ឋ និង​ទំនិញ​នាំចូល​ជា​សម្ភារ​សាងសង់ បរិក្ខារ​សំណង់ សម្ភារ​បរិក្ខារ​ផលិតកម្ម និង​ធាតុ​ចូល​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ឯកជន​នានា។

ការ​អនុញ្ញាត​ក្នុង​រយៈពេល ៤៥ ថ្ងៃ ក្រោយ​ពេល​ទទួល​ទំនិញ ឬ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​បញ្ជិកា​ប្រតិវេទន៍​គយ​ចំពោះ​ទំនិញ​ដែល​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​លើ​ការ​តវ៉ា ឬ​ទំនិញ​ដែល​ត្រូវ​បាន​ឃាត់​ទុក​បណ្តោះ​អាសន្ន និង​ទំនិញ​ផ្សេងៗ​ទៀត​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អាច​ពន្យារ​រយៈពេល​បាន​ចំនួន ២ លើក នៃ​រយៈពេល​ដែល​ត្រូវ​បាន​អនុញ្ញាត​ដំបូង​តាម​ការ​ស្នើសុំ​ជា​លាយលក្ខណ៍​អក្សរ​របស់​ម្ចាស់​ទំនិញ​ក្នុង​ករណី​មាន​ហេតុផល​សម​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញាត្តិ​ជា​ធរមាន។ ការ​ពន្យារពេល​រយៈពេល​បន្ថែម​ទៀត​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សេចក្តី​ណែនាំ​បាន​បញ្ជាក់​ថា ក្នុង​ករណី​មិន​បាន​បញ្ចប់​ការ​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ​លើស​កាល​កំណត់ ៩០ ថ្ងៃ គិត​ចាប់​ពី​រយៈពេល​នៃ​ការ​អនុញ្ញាត​ចុង​ក្រោយ ម្ចាស់​ទំនិញ​ត្រូវ​ទទួល​រង​ការ​ពិន័យ​រដ្ឋបាល និង​ទោសទណ្ឌ​ផ្សេងៗ ស្រប​តាម​បទប្បញ្ញាត្តិ​នៃ​ច្បាប់​ស្តីពី​គយ និង​ច្បាប់​ផ្សេង​ទៀត ហើយ​និមុត្តិធានា​ត្រូវ​បង្វែរ​ចូល​ថវិកា​ជាតិ​បើ​សិន​ជា​មាន៕