ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ លោក ថោង ថុន ក្នុង​រយៈពេល ១ ខែ​មិថុនា​ពេញ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង ៣ សែន​នាក់​បាន​ដើរកម្សាន្ត​នៅ​ទូទាំង​ប្រទេស​កើន ៧៨,៥៨ ភាគរយ បើ​ធៀប​នឹង​ខែ​ឧសភា​ឆ្នាំ​នេះ។

កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​នេះ បន្ទាប់​ពី​រដ្ឋាភិបាល កាល​ពី​ថ្ងៃទី ២៥ ខែមេសា ឆ្នាំនេះ បាន​សម្រេច​បញ្ចប់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរនិង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស លើក​លែង​តែ​រមណីយដ្ឋាន​នៅ​ក្នុង​ខេត្ត-ក្រុង​ដែល​ត្រូវ​បាន​បិទ​ខ្ទប់។

លោក​រដ្ឋមន្រ្តី ឱ្យ​ដឹង​ថា ក្នុង​ខែ​មិថុនា​នេះ ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣៤៦ ៥១៨ នាក់ ក្នុង​នោះ ភ្ញៀវជាតិ ៣៤២ ១០៩ នាក់ និង​ភ្ញៀវបរទេស​ផ្ទៃ​ក្នុង ៤ ៤០៩ នាក់។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ធៀប​នឹង​ខែ​ឧសភា ប៉ុន្តែ​បើ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ​មុន ធ្លាក់​ចុះ ៤៣,៤ ភាគរយ។

លោកថ្លែងថា៖ «គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរ ពិសេស​ខេត្ត​កំពត ខេត្តកែប និង​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​គោលដៅ​អេកូ​ទេសចរណ៍ ទេសចរណ៍​ធម្មជាតិ និង​កសិ​ទេសចរណ៍​គឺជា​គោល​ដៅ​សំខាន់​ដែល​បាន​ស្រូប​ទាញ​ចរន្ត​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​បាន​ច្រើន»។

រដ្ឋាភិបាលកម្ពុជា​រំពឹង​ថា នឹង​បើក​ទេសចរណ៍​ជា​បណ្តើរៗ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០២១ ដោយ​ផ្តោត​អាទិភាព​ការ​អនុវត្ត​គម្រោង​ក្នុង​ជំហាន​ទី ១ នៅ​តំបន់​អង្គរ​នៃ​ខេត្ត​សៀមរាប៕