ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ពិនិត្យ​វាយតម្លៃ​ទៅលើ​ «​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​គាំពារ​សង្គម​» ​ដែល​បង្កើតឡើង​ក្នុង​បំណង​ ដើម្បី​ធានា​សុខុមាលភាព និង​កាត់បន្ថយ​ភាពរងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

សេចក្តី​ព្រាងច្បាប់​នេះ​ក៏​ដើម្បី​ពង្រឹង​សន្តិសុខ​ប្រាក់ចំណូល​របស់​ប្រជាជន និង​លើកកម្ពស់​សមភាព​សង្គម​តាមរយៈ​ការបង្កើត និង​គ្រប់គ្រង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកប​ដោយ​បរិយាប័ន្ន វឌ្ឍនភាព និង​ចីរភាព​ហិរញ្ញវត្ថុ​។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដែល​បាន​ដឹកនាំ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ «​សេចក្តី​ព្រាង​ច្បាប់​ពី​ប្រព័ន្ធ​គាំពារ​សង្គម​»​ កាលពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​អនឡាញ​បាន​លើកឡើងថា រដ្ឋាភិបាល​ទទួលស្គាល់​ថា​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ពិតជា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការធានា​សុខុមាលភាព​ផ្នែក​ហិរញ្ញវត្ថុ​ប្រជាពលរដ្ឋ​ខ្មែរ​។ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​លទ្ធភាព​ទទួលបាន​សេវា​ការគ្របដណ្តប់​ពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​សាធារណៈ និង​វិស័យ​ឯកជន​។

លោក​បន្ថែមថា ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ «​ប្រព័ន្ធ​គាំពារ​សង្គម​» គឺ​ស្រប​នឹង​ទស្សនៈ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅក្នុង​ឆ្នាំ​ ២០៣០ និង​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

សេចក្តី​ព្រាងច្បាប់​នេះ​មាន ១០ ​ជំពូក និង ៩១ ​មាត្រា​។

លោក​ថ្លែងថា​៖ «​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល​ប្រជាពលរដ្ឋ រដ្ឋាភិបាល​បានកំណត់​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម ដែលជា​ឧបករណ៍​បម្រើ​ដល់​ការ​កាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាពងាយ​រងគ្រោះ និង​វិសមភាព​សង្គម​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) ​បាន​ឱ្យដឹងថា បើ​ច្បាប់​នេះ​ត្រូវបាន​បង្កើតឡើង​វា​នឹង​មាន​អត្ថប្រយោជន៍​យ៉ាងសំខាន់​ទៅលើ​ការការពារ​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ ដូចជា​ជំងឺ ឬ​រោគរាតត្បាត​កាច​សាហាវ និង​ប្រធាន​ស័ក្តិ​មួយចំនួន​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា កិច្ចការ​ទាំងអស់នេះ​នឹង​ផ្តោតលើ​ការចាយវាយ​ថវិកា​របស់​រដ្ឋ​ប្រកប​ដោយ​តុល្យភាព​រវាង​ចំណូល និង​ចំណាយ​សម្រាប់​សង្គ្រោះ​ទៅលើ​ហានិភ័យ​ដែល​នឹង​កើតមាន​ជាយថាហេតុ​។ វា​ក៏​អាច​គ្របដណ្តប់​ទាំងអស់​ទៅលើ​ការចំណាយ​របស់​រដ្ឋ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ដល់​ជន​ងាយ​រងគ្រោះ​ដូចជា ក្រុមហ៊ុន សហគ្រាស​ធុន​តូច និង​មធ្យម អ៊ីចឹង​ច្បាប់​នេះ​គេ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ការការពារ​ពួកគេ​»​។

ជាក់ស្តែង​ដោយ​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅតែ​បន្ត​វិវឌ្ឍ​ខ្លួន​គួរឱ្យ​បារម្ភ រដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី​ ៩ ដើម្បី​ជួយ​លំនឹង​អាជីវកម្ម ធុរកិច្ច​ក្នុង​វិស័យ​មួយចំនួន​។

រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ និង​ម្ចាស់​រោងចក្រ សហគ្រាស​បន្ថែម ៣០ ​ដុល្លារ​ទៀត​សម្រាប់​កម្មករនិយោជិត​ ១ ​នាក់​នៅក្នុង​វិស័យ​កាត់ដេរ ស្បែកជើង ផលិតផល ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍ រដ្ឋ​បន្ត​ឧបត្ថម្ភ ៤០ ​ដុល្លារ​ក្នុង ១ ​ខែ​។ ជាមួយ​គ្នា​នេះ​រដ្ឋ​ក៏មាន​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​ផងដែរ ខណៈ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវបាន​បន្ត​អនុវត្ត​ក្នុង​រយៈពេល ៣ ​ខែ​ទៀត​ដូចៗ​គ្នា​គឺ​ចាប់ពី​ខែ​កក្កដា-កញ្ញា ឆ្នាំ​ ២០២១៕ LA