ភ្នំពេញៈ ក្រុមហ៊ុន​កម្ពុជា​ចំនួន ២៧ បាន​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថល ដែល​រៀបចំ​រួមគ្នា​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EuroCham Cambodia) និង​កម្មវិធី​អភិវឌ្ឍន៍ Business Scouts Development របស់​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់​។

ពិព័រណ៍​នេះ​បាន​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២ ​ដល់​ ៥ ខែកក្កដា ក្នុង​គោលបំណង​បង្ហាញ​ពី​ផលិតផល​កម្ពុជា និង​ពី​គំនិត​ផ្ដួចផ្ដើម «​ការទទួល​ផលិតផល​របស់​អ្នក ដល់​អឺរ៉ុប​»​។

យោងតាម EuroCham Cambodia កាលពី​សប្ដាហ៍​មុន ការជ្រើសរើស​ក្រុមហ៊ុន​កម្ពុជា​កំពុងមាន​កម្រិត​ខ្ពស់ ជាពិសេស​ផលិតផល​ពិសេសៗ​ដល់​គណៈវិនិច្ឆ័យ​ចម្រុះ​អាល្លឺម៉ង់ និង​កម្ពុជា​។ គណៈវិនិច្ឆ័យ​នឹង​កំណត់ថា តើ​ក្រុមហ៊ុន​មួយ​ណា​ស័កិ្ដសម​នឹង​ទៅ​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជាមួយ​អ្នកទិញ​អឺរ៉ុប​។ មុនពេល​ជ្រើសរើស​ក្រុមហ៊ុន​ទាំងនោះ​ក៏ត្រូវ​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​យ៉ាង​ទូលំទូលាយ​ក្នុង​ការរៀបចំ​កាន់តែ​ប្រសើរ និង​បង្ហាញ​ផលិតផល​របស់​ពួកគេ​ដល់​គណៈវិនិច្ឆ័យ​។ នេះ​បើតាម EuroCham​។

EuroCham ឱ្យដឹងថា​៖ «​ដោយ​សហការ​រវាង​កម្មវិធី GIZ Business Scouts Development Programme និង EuroCham Cambodia គំនិត​ផ្តួចផ្ដើម​នេះ​មើលឃើញ​ពី​សម័យថ្មី​មួយ​នៃ​ការលើកកម្ពស់​ពាណិជ្ជកម្ម​កម្ពុជា តាមរយៈ​ការផ្ដល់​ដំណោះស្រាយ​ពាណិជ្ជកម្ម​ពិត​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ជាមួយ​នឹង​ផលិតផល​ពិសេសៗ​ដូចជា ផលិតផល​កសិកម្ម វាយនភណ្ឌ និង​ឧបករណ៍​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ប្រកប​ដោយ​និរន្តរភាព​។ ក្រុមហ៊ុន​ជាច្រើន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនេះ​មាន​ភាពលេចធ្លោ​រួចទៅហើយ​។

លោក Christoph Janensch មន្ដ្រី​ផ្នែក​អភិវឌ្ឍន៍​មុខ​ជំនួញ​នៃ​អង្គការ GIZ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការរៀបចំ​ពិព័រណ៍​នេះ ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​ ១៩ ខែឧសភា ក្រុមហ៊ុន​ទាំង​ ២៧ ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​លើ​ជំនាញ​តាម​កម្មវិធី PowerPoint និង​ការធ្វើ​បទបង្ហាញ ដើម្បី​រៀបចំ​ការបង្ហាញ​ផលិតផល​របស់​ពួកគេ​នៅមុខ​គណៈវិនិច្ឆ័យ​ពី​អាល្លឺម៉ង់ និង​កម្ពុជា​។ ការធ្វើ​បទ​បង្ហាញ​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៨ ខែមិថុនា​។

លោក​ថ្លែងថា​៖ «​ការងារ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​តាម​អនឡាញ​តាមរយៈ​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថល ដែល​នឹង​បើកចំហ​ដល់​សាធារណជន​រហូតដល់​យប់​ថ្ងៃ​ចន្ទ​»​។ ក្រុមហ៊ុន​ទាំង ២៧ បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​។

លោក​ប្រាប់ថា​៖ «​គោលបំណង​បទបង្ហាញ​ពិព័រណ៍​ពាណិជ្ជកម្ម​ឌីជីថល​នឹង​គាំទ្រ​ក្រុមហ៊ុន​កម្ពុជា​ក្នុង​ការបាន​ទទួល​លទ្ធភាព​ចូល​ទីផ្សារ​អឺរ៉ុប​»​។

លោក​បន្ថែមថា​៖ «​យើង​រំពឹងថា អ្នកទទួល​លទ្ធផល​ចុងក្រោយ​ទាំង​ ១៦ (​អ្នកឈ្នះ​) ​នឹងចូលរួម​ក្នុង​កម្មវិធី​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដែលមាន​រយៈពេល​ជាច្រើន​ខែ ហើយ​បន្ទាប់មក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​អឺរ៉ុប ដើម្បី​តាំងពិព័រណ៍​ផលិតផល​របស់​ពួកគេ​នៅពេល​ជំងឺ​កូវីដ​ ១៩ ស្ងប់ស្ងាត់​។ ពួកគេ​នឹង​ត្រូវបាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​ការងារ​ទាំងនោះ​»​។

យោងតាម​គណៈកម្មការ​អឺរ៉ុប​ (EC) ឱ្យដឹងថា ប្រមាណ ៤៥ ​ភាគរយ​នៃ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា គឺ​ទៅ​អឺរ៉ុប​ដោយសារ​ទីផ្សារ​នេះ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨​។

ការនាំ​ចេញទៅ​ទីផ្សារ​ចាយប្រាក់​អឺរ៉ូ​របស់​អឺរ៉ុប កើនឡើង​ដល់ ៤,៩ ​ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ជិត​ ២ ​ដង​ពី ២,៥ ​ពាន់​លាន​អឺរ៉ូ ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំ​ ២០១៣​។

EC បញ្ជាក់ថា ភាគច្រើន​នៃ​ការនាំចេញ​ (៩៥,៧ ​ភាគរយ​) បាន​ចូលទៅ​ទីផ្សារ​អឺរ៉ុប​ស្ថិតក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​។ ជារួម​ប្រទេស​កម្ពុជា គឺជា​អ្នកប្រើប្រាស់​កម្មវិធី​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA ឈានមុខ​គេ​ទី​ ២ នៅ​ពីក្រោយ​បង់ក្លាដែស​។

កាលពី​ថ្ងៃទី​ ១២ ខែសីហា EC បាន​ដក​ជា​ផ្លូវការ​ផែនការ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA) ​ពី​កម្ពុជា​។ ការផ្អាក​នេះ​ប៉ះពាល់​ ១ ​ភាគ​ ៥ ឬ​ ១ ​ពាន់​លាន​អឺរ៉ូ​ (១,១៩ ​ពាន់​លាន​ដុល្លារ​) ​នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​កម្ពុជា​ទៅ​ប្លុក ២៧ ​ប្រទេស​របស់​អឺរ៉ុប​៕LA