ភ្នំពេញៈ វិស័យ​ឯកជន​បាន​ស្វាគមន៍ និង​គាំទ្រ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ដាក់ឱ្យ​អនុវត្ត​នីតិ​វិធី​បញ្ចេញ​ទំនិញ​ពី​គយ​មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ខណៈ​នីតិវិធី​នេះ​នឹង​ជួយ​សម្រួល​កាត់បន្ថយ​ពេលវេលា និង​ថ្លៃដើម ព្រមទាំង​បង្កើន​ភាពប្រកួតប្រជែង​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តី​ណែនាំ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​ ២៩ មិថុនា ឆ្នាំ​ ២០២១​។

ការអនុវត្ត​នីតិវិធី​នេះ​ធ្វើឡើង​ស្របតាម​បទប្បញ្ញត្តិ​នៃ​ប្រកាស​លេខ សហវ.ប្រក ចុះ​ថ្ងៃទី​ ២២ ខែមិថុនា​ឆ្នាំ​ ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការអនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

សេចក្តី​ណែនាំ​ឱ្យដឹងថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ឬ​ការ​ជំពាក់​បែបបទ​គយ​ដោយ​អាច​តម្រូវឱ្យ​តម្កល់​និមុត្តិ​ធានា​ជា​សាច់ប្រាក់ ឬ​ទម្រង់​ផ្សេង​ស្របតាម​បទប្បញ្ញត្តិ​នៃ​ប្រកាស​និមុត្តិ​ធានា​។

ទំនិញ​ដែល​អាច​អនុញ្ញាត គឺ​ទំនិញ​នាំចូល​ក្រសួង ស្ថាប័នរដ្ឋ និង​ទំនិញ​នាំចូល​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ និង​ទំនិញ​នាំចូល​របស់​គម្រោង​វិនិយោគ​សាធារណៈ​ដែល​នឹង​ទទួលបាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ការដាក់​ពន្ធ និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ​។

ប្រភេទ​ទំនិញ​នាំចូល​ជា​សម្ភារ​សាងសង់ បរិក្ខារ​សំណង់ សម្ភារ​បរិក្ខា​ផលិតកម្ម និង​ធាតុ​ចូល​ផលិតកម្ម​របស់​គម្រោង​វិនិយោគឯកជន​នានា​។ ទំនិញ​នាំចូល​ជា​កម្មវត្ថុ​នៃ​ការបង់ពន្ធ​អាករ​ដែល​មាន​តម្រូវការ​បន្ទាន់ ឬ​ចាំបាច់ ប៉ុន្តែ​ពុំទាន់​មាន​ការឯកភាព​គ្នា​លើ​ទិដ្ឋភាព​បច្ចេកទេស​គយ ដូចជា តម្លៃ​គិត​ពន្ធគយ ចំណាត់ថ្នាក់​ទំនិញ ឬ​ដើមកំណើត​ទំនិញ ជាដើម​។

ទំនិញ​ដែល​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​លើ​ការតវ៉ា ឬ​ទំនិញ​ដែល​ត្រូវបាន​ឃាត់ទុក​បណ្តោះអាសន្ន និង​ទំនិញ​ផ្សេងៗ​ទៀត​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លើកលែងតែ​មាន​ការសម្រេច​ដោយឡែក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការអនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុនពេល​បញ្ចប់​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ មិនត្រូវ​អនុញ្ញាត​ចំពោះ​ការនាំ​ចូល​ទំនិញ​មួយចំនួន រួមមាន ទំនិញ​ហាមឃាត់ និង​ជាប់​កម្រិត​កំណត់​ដែល​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​នាំចូល​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ថា ការអនុវត្ត​នីតិវិធី​នេះ​នឹង​ជួយ​សម្រួល​ពេលវេលា​ឱ្យបាន​ឆាប់​នៃ​ការទទួល​យក​ទំនិញ​ពី​គយ ពិសេស​ការកំណត់​រយៈពេល ៩០ ​ថ្ងៃ​សម្រាប់​ធ្វើការ​បំពេញបែបបទ​សង ដែលជា​ពេលវេលា​មួយ​សមល្មម​សម្រាប់​អ្នក​នាំចេញ​។ នេះ​ជា​វិធានការ​ល្អប្រសើរ​ដើម្បី​បន្ធូរបន្ថយ​នីតិវិធី​ដល់​អ្នក​នាំចេញ ព្រោះ​ទំនិញ​មួយចំនួន​គេ​ត្រូវការ​ប្រញាប់​យកមកប្រើ​ប្រាស់​។

លោក​និយាយថា​៖​ «​ក្នុងនាម​ប្រធាន​សមាគម​ខ្ញុំ​សូម​សាទរ​ដែល​ក្រសួង​សេដ្ឋកិច្ច បាន​គិតគូរ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​។ ខ្ញុំ​គិតថា ក្រសួង​ដាក់ចេញ​គោលការណ៍​នេះ​គឺ​ជួយ​សម្របសម្រួល​យ៉ាងច្រើន​ពាក់ព័ន្ធ​ការនាំចូល​ទំនិញ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​»​។

សេចក្តី​ណែនាំ​នេះ​ឱ្យ​ដឹងទៀតថា ការអនុញ្ញាត​ឱ្យ​យក​ទំនិញ​ពី​គយ​មុនពេល​បញ្ចប់​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ត្រូវបាន​ផ្តល់ជូន​ក្នុង​រយៈពេល​ចំនួន ៩០ ​ថ្ងៃក្រោយ​ពេល​ទទួល​ទំនិញ ឬ​គិត​ចាប់ពី​ថ្ងៃ​ចុះ​បញ្ជិកា​ប្រតិវេទន៍​គយ​ចំពោះ​ទំនិញ​នាំចូល​ក្រសួង ស្ថាប័នរដ្ឋ និង​ទំនិញ​នាំចូល​ជា​សម្ភារ​សាងសង់ បរិក្ខារ​សំណង់ សម្ភារ​បរិក្ខារ​ផលិតកម្ម និង​ធាតុ​ចូល​ផលិតកម្ម​របស់​គម្រោង​វិនិយោគឯកជន​នានា​។

ការអនុញ្ញាត​ក្នុង​រយៈពេល ៤៥ ថ្ងៃ ក្រោយ​ពេល​ទទួល​ទំនិញ ឬ​គិត​ចាប់ពី​ថ្ងៃ​ចុះ​បញ្ជិកា​ប្រតិវេទន៍​គយ​ចំពោះ​ទំនិញ​ដែល​ត្រូវ​រង់ចាំ​សេចក្តីសម្រេច​លើ​ការតវ៉ា ឬ​ទំនិញ​ដែល​ត្រូវបាន​ឃាត់ទុក​បណ្តោះអាសន្ន និង​ទំនិញ​ផ្សេងៗ​ទៀត​ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​៕ LA

វីដេអូ៖