ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​គម្រោង​ចំនួន ៧០ ​ជាមួយ​នឹង​ទុនវិនិយោគ​សរុប ២ ៤២៨ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ​។ នេះ​បើតាម​ការគណនា​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះ​គម្រោង​ដែល​ត្រូវបាន CDC បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា ដល់​ដំណាច់​ខែមិថុនា ឆ្នាំ​ ២០២១​។

ក្នុងចំណោម​នេះ CDC បានអនុម័ត​គម្រោង​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ចំនួន ២៩ គម្រោង​ជាមួយ​នឹង​ទុនវិនិយោគ​សរុប ១៩៤,៧១ ​លាន​ដុល្លារ​។

CDC ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​គ្រឿង​បង្គុំ​ទោចក្រយាន​ចំនួន ១២ គម្រោង​ ដែលមាន​ទុនវិនិយោគ​សរុប ១១៦,៥ ​លាន​ដុល្លារ ព្រមទាំង​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​ចំនួន ៤ មាន​ទុនវិនិយោគ ៥៥,៦ ​លាន​ដុល្លារ​។

ទន្ទឹមនឹងនេះ CDC បានអនុម័ត​លើ​គម្រោង​ធំៗ​ចំនួន ៣ លើ​វិស័យ​ថាមពល​អគ្គិសនី រួមមាន​គម្រោង​កសាង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម អានុភាព ៧០០ ​មេហ្គាវ៉ាត់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ទី​ ១ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែលមាន​ទុនវិនិយោគ ១ ២៨៣ ​លាន​ដុល្លារ​។

គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ២០ ​មេហ្គាវ៉ាត់​នៅ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ក្រោម​ទុនវិនិយោគ​ ១៧,៦ ​លាន​ដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្ទាំង​កញ្ចក់​សូឡា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​គិរីសាគរ កោះកុង​មាន​ទុនវិនិយោគ​ ៧,៨ ​លាន​ដុល្លារ​។

បន្ថែម​ពីលើ​នេះ CDC ក៏បាន​អនុម័ត​គម្រោង​មួយចំនួនទៀត​លើ​វិស័យ​បដិសណ្ឋារកិច្ច រួមមាន​គម្រោង​សណ្ឋាគារ​ផ្កាយ​ ៥ រោងចក្រ​កែច្នៃ​អាហារ និង​​កែច្នៃ​ផលិតផល​កសិកម្ម​ជាដើម​។

អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង កត់សម្គាល់​ថា ក្នុង​អំឡុងពេល​នេះ កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​ឈានមុខ​គេ និង​តាម​ពីក្រោយ​ដោយ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​គ្រឿងបន្លាស់​យានយន្ត​។

លោក​បាន​ឱ្យដឹងទៀតថា បើទោះបី​កម្ពុជា​ត្រូវបាន​ព្យួរ EBA ២០ ​ភាគរយ​ពី​សហគមន៍​អឺរ៉ុប​ក៏​កម្ពុជា​នៅតែ​បានទទួល​គម្រោង​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ដើម្បី​ផលិត​នាំ​ចេញទៅ​សហគមន៍​អឺរ៉ុប​។ ម្យ៉ាងទៀត កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម GSP ពី​ចក្រភព​អង់គ្លេស​ដែល​នឹង​ជំរុញ​ឱ្យ​លំហូរ​វិនិយោគិន​ពី​បរទេស​ (FDI) ​មក​កម្ពុជា​កាន់តែ​ច្រើន​។

លោក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​ឱ្យបាន ១០ ​លាន​នាក់​នឹង​រួមចំណែក​ជំរុញ​កំណើន​វិនិយោគ​នៅ​កម្ពុជា ព្រោះ​វិនិយោគិន​មិន​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដល់​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​»​។

កាលពី​ឆ្នាំ​ ២០១៩ ការអនុម័ត​ការវិនិយោគ​បាន​កត់ត្រា​ចំនួន ៩,៤០ ​ពាន់​លាន​ដុល្លារ​ក្នុងនោះ ប្រទេស​ចិន​វិនិយោគ ២,៧៥ ​ពាន់​លាន​ដុល្លារ ក្រុង​ហុងកុង ៩១២,៥៥ លាន​ដុល្លារ និង​ជប៉ុន ២៩៨,៨៤ ​លាន​ដុល្លារ​។ ​នេះ​បើតាម CDC៕ LA