ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រំពឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) កម្ពុជា-ចិន ដែល​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ បាន​ចុះហត្ថលេខា​កាលពីដើម​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២០ នឹងត្រូវ​រដ្ឋសភា​ផ្តល់​សច្ចាប័ន​ក្នុងពេល​ឆាប់ៗ ខណៈ​កម្ពុជា​សង្ឃឹមថា ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឱ្យ​ទីផ្សារ​នាំ​ចេញពី​កម្ពុ​ជាមាន​ទំហំ​កាន់​ធំ ពិសេស​ផលិតផល​កសិកម្ម​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ ចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន លោក Zhong Shan តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ​ ២០២០ ដោយមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក Wang Yi ជា​សាក្សី​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែកក្កដា​ថា បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​ចិន​រួចមក បច្ចុប្បន្ន​ក្រសួង​កំពុង​ខិតខំ​មួយ​ជំហាន​ទៀត​ទាក់ទង​នឹង​ការរៀបចំ​ឯកសារ និង​នីតិវិធី​ផ្សេងៗ ដើម្បី​ត្រៀមខ្លួន​ចូលទៅ​បំភ្លឺ​នៅ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា មុននឹង​ឈានទៅ​ទទួល​ការអនុម័ត​ពី​រដ្ឋសភា​។

លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​ការស្នើសុំ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន ដែល​ចុះហត្ថលេខា​កាលពី​ខែតុលា ២០២០ ក្រសួង​ពាណិជ្ជកម្ម​បានរៀបចំ​ឯកសារ​តាម​នីតិវិធី ដោយបាន​ឆ្លង​គណ:រដ្ឋមន្ត្រី និង​ផ្ញើ​ទៅ​រដ្ឋសភា​។ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ត្រៀមខ្លួន​នឹង​ចូល​បំភ្លឺ​នៅ​គណៈកម្មការ​ជំនាញ ក៏ដូចជា​កិច្ចប្រជុំ​ពេញអង្គ​តាម​ការកោះអញ្ជើញ​ពី​រដ្ឋសភា​»​។

លោក​បាន​បន្តថា នៅពេល​ប្រទេស​ទាំង​ ២ ផ្តល់​សច្ចាប័ន កម្ពុជា​រំពឹង​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ការទទួលបាន​ទីផ្សារ​កាន់តែ​ធំ​ដោយសារ​មានកម្ម​វិធី​បញ្ចុះ​ពន្ធ​ដែល​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ច្រើនជាង​អ្វីដែល​កម្ពុជា​ផ្ដល់ឱ្យ​ភាគី​ចិន​, លំហូរ​ទំនិញ​ពី​កម្ពុជា​នឹង​មាន​ភាពងាយស្រួល​ជាង​មុន និង​ឱកាស​ទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ចូលមក​វិនិយោគ ព្រមទាំង​រួមចំណែក​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​។

លោក​អះអាងថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​ចំណេញ​ច្រើន​ក្នុង​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក ជាពិសេស​វិស័យ​កសិកម្ម​មួយចំនួន​ដូចជា ចេក ស្វាយ ដំឡូង មៀន ស្វាយចន្ទី ជាដើម​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ចិន​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ល្អ និង​មាន​ទីផ្សារ​ធំ ហេតុនេះ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ចូល​ជា​ធរមាន វា​នឹង​ជួយ​ធ្វើឱ្យ​វត្តមាន​ផលិតផល​កម្ពុជា​មាន​កាន់តែ​ច្រើន​នៅលើ​ទីផ្សារ​ប្រទេស​ចិន ពិសេស​ផលិតផល​កសិកម្ម​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​ក៏​នឹង​ទទួល​បាន​ការវិនិយោគ​ផ្ទាល់​ដើម្បី​នាំ​ចេញទៅ​ប្រទេស​ចិន ក៏ដូចជា​ទីផ្សារ​ធំៗ​ផ្សេងៗ​ទៀត​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​នឹង​ទទួលបាន​ភាពវិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​កំណើន​ការ​ចូលមក​បណ្តាក់ទុន ការបង្កើត​ការងារ​ថ្មីៗ និង​ការកើនឡើង​សមត្ថភាព​នាំចេញ​»​។

កាលពីដើម​ខែមិថុនា នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​នៅ​ប្រទេស​ចិន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បាន​សន្យា​រួមគ្នា​ថា នឹង​ខិតខំ​ពន្លឿន​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដើម្បី​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​ដែលជា​ប្រទេស​ផលិត​ស្បៀង អាច​បង្កើន​ការនាំចេញ​កសិផល​ចូលទៅ​ទីផ្សារ​ចិន​បាន​កាន់តែច្រើន​។ លោក​បន្ថែមថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​រំពឹងថា ការនាំ​ចេញពី​កម្ពុជា​ទៅ​ចិន នឹងមាន​កំណើន​ប្រមាណ ២៥ ​ភាគរយ បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ធ្លាប់​អះអាងថា ទំនិញ​កម្ពុជា​ជាង ៣០០ ​មុខ​អាច​នាំទៅ​ចិន ដោយ​មិន​គិត​ពន្ធ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ចូល​ជា​ធរមាន​។ ក្នុងចំណោម​មុខទំនិញ​ជាង​ ៣០០ ​នេះ គឺ​ផលិតផល​កសិកម្ម ៩៥ ​ភាគរយ​ត្រូវ​រួច​ពន្ធ​សម្រាប់​ការនាំចេញ​។

កម្ពុជា និង​ចិន គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ ១០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣ ខាងមុខនេះ​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បង្ហាញថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៨ ១១៨,០៧ ​លាន​ដុល្លារ ធ្លាក់ចុះ ៥,២ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​មាន​តម្លៃ ១ ០៨៦,២៦ ​លាន​ដុល្លារ កើនឡើង ៨,១១ ​ភាគរយ និង​ការនាំចូល​មានតម្លៃ ៧ ០៣១,៨១ ​លាន​ដុល្លារ​ធ្លាក់ចុះ ៦,៩៧ ​ភាគរយ​៕ LA