ភ្នំពេញៈ ខេត្ត​ហ៊ូប៉េ (Hubei) ដែលជា​មជ្ឈមណ្ឌល​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ដឹកជញ្ជូន​របស់​ប្រទេស​ចិន ចង់​បង្កើត​ចំណង​មេត្រីភាព​ (Sister City) ជាមួយ​ខេត្ត​ចំនួន ៣ របស់​កម្ពុជា​ដែលជា​ខេត្ត​មាន​សក្តានុពល​ទេសចរណ៍ និង​ពាណិជ្ជកម្ម ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​រវាង​គ្នា​នឹង​គ្នា​។

បើ​យោងតាម​លិខិត លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី ២ ខែកក្កដា ឱ្យដឹងថា ប្រទេស​ចិន​បាន​ស្នើសុំ​កម្ពុជា​បង្កើត​ចំណង​មេត្រីភាព​ (Sister City) ​រវាង​ខេត្ត​ Hubei ជាមួយ​ខេត្តសៀមរាប ខេត្តកំពត និង​ក្រុងព្រះសីហនុ​។

សំណើ​របស់​ប្រទេស​ចិន​ធ្វើឡើង​យោងតាម​លិខិត​លេខ ១៤៤/២១ សអក.ឆឈ ចុះ​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០២១ របស់​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ឆុងឈីង​។

លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា គឺ​ស្នើ​បន្តទៅ​កាន់​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយបាន​បញ្ជាក់ថា មន្ទីរ​ការបរទេស​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន​ ស្នើសុំ​បង្កើត​ចំណង​មេត្រីភាព​ (Sister City) ​រវាង​ខេត្ត​ហ៊ូប៉េ ប្រទេស​ចិន ជាមួយ​ខេត្ត​សៀមរាប ខេត្តកំពត និង​ក្រុង​ព្រះសីហនុ​ នៅក្នុង​គោលបំណង​ ដើម្បី​បង្កើត​ភាពស្និទ្ធស្នាល និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ខេត្ត​ខាងលើ​។

លិខិត​នេះ​បានឱ្យដឹង​ទៀតថា ខេត្ត​ហ៊ូប៉េ ជា​មជ្ឈមណ្ឌល​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ដឹកជញ្ជូន​របស់​ចិន និង​ជា​ខេត្ត​ដែល​ស្ថិតក្នុង​ផែនការអភិវឌ្ឍន៍​ខ្សែក្រវាត់ និង​ផ្លូវ​ផងដែរ​។ បន្ថែម​ពីនេះ​ក្រុមហ៊ុន​ធំៗ​នៅ​ខេត្ត​នេះ​ក៏​កំពុង​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន ថាមពល ជាដើម​។

លោក គី សេរីវឌ្ឍ អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​កត់សម្គាល់​ថា ខេត្តសៀមរាប ខេត្ត កំពត និង​ក្រុងព្រះសីហនុ គឺជា​តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ចំណែក​ខេត្ត​ហ៊ូប៉េ មាន​សក្តានុពល​ខ្លាំង​ផ្នែក​កសិកម្ម​ទំនើប​។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា តាមរយៈ​ការភ្ជាប់​តំបន់​ជា​បងប្អូន​គ្នា​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​យល់ថា ការភ្ជាប់​គ្នា​គឺជា​រឿង​ល្អ យើង​ឃើញថា​ខេត្តសៀមរាប​ គឺ​មាន​សក្តានុពល​ទេសចរណ៍វប្បធម៌ ហើយ​ខេត្ត​ហ៊ូប៉េ មាន​សក្តានុពល​កសិកម្ម​ទំនើប អ៊ីចឹង​យើង​អាច​ទទួលបាន​ផលប្រយោជន៍​នៅពេល​យើង​ភ្ជាប់​ជាមួយ​គ្នា​។ យើង​អាច​បាន​ផលប្រយោជន៍​លំហូរ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​ផង​ដែរ​»​។

លោក​បាន​បន្ថែមថា ចំពោះ​សក្តានុពល​ខេត្ត​ហ៊ូប៉េ គឺ​កសិករ​ចិន​ភាគច្រើន​ដាំ​ផ្កា​នៅ​ខេត្ត​នេះ ដូចនេះ​ផ្កា​នឹងមាន​លំហូរ​យ៉ាងច្រើន​មក​កម្ពុជា​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​។

លោក​លើកឡើង​ថា​៖ «​តំបន់​មួយចំនួន​នៅ​ខេត្តសៀមរាប គឺជា​តំបន់​វាលទំនាប​ដែល​អំណោយផល​ដល់​វិស័យ​កសិកម្ម ដូចនេះ​កសិកម្ម​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​តាមបែប​ទំនើប​ដែលមាន​បន្លែ​ផ្លែឈើ​សរីរាង្គ គឺ​សក្តានុពល​របស់​កម្ពុជា​នៅពេល​ភ្ជាប់​ជា​តំបន់​បងប្អូន​ជាមួយ​ខេត្ត​ហ៊ូប៉េ​»​។

តាមរយៈ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​លំហូរ​គម្រោង​វិនិយោគ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ដូចជា​គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ និង​គម្រោង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ជាដើម​។ នេះ​បើតាម​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​៕ LA