ភ្នំពេញៈ សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ (EuroCham Cambodia) ​កំពុងធ្វើការ​ ដើម្បី​ដោះស្រាយ​ការអនុវត្ត​ច្បាប់​នៅពេល​ថ្មីៗ​លើ​ការយកពន្ធ​អាករ​លើ​តម្លៃបន្ថែម​ (VAT) ដោយ​សហភាព​អឺរ៉ុប​ (EU) លើ​ផែនការ​ហាង​លក់​ច្រកចេញចូល​តែមួយ​នាំចូល​ថ្មី​ (IOSS) និង​បញ្ចប់​ការកម្រិត​ការលើកលែង​ពន្ធ ២២ ​អឺរ៉ូ​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​ ១ ខែកក្កដា​នេះ ខណៈ​ច្បាប់​ថ្មី​នេះ​អាច​ប៉ះពាល់​ទៅដល់​ក្រុមហ៊ុន​អនឡាញ​ដែល​លក់​ផលិតផល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។

ការផ្លាស់ប្តូរ​វិធាន​អាករ​តម្លៃបន្ថែម​ចុងក្រោយ​បំផុត​ធ្វើឡើង​ក្នុងពេល​ដ៏ពិបាក​សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ទើបនឹង​ចាប់ផ្ដើម​ការនាំចេញ​ជាថ្មី បន្ទាប់ពី​ការធ្លាក់ចុះ​ដោយសារ​ជំងឺ​កូវីដ​ ១៩​។ នេះ​ជា​ឧបសគ្គ​ផ្សេងទៀត​សម្រាប់​​ក្រុមហ៊ុន​នៅ​កម្ពុជា បន្ទាប់ពី​ការព្យួរ EBA កាលពី​ឆ្នាំ​ ២០២០​។

ជា​ផ្នែក​មួយ​នៃ​គោលបំណង​របស់​សហភាព​អឺរ៉ុប​ក្នុង​ការធ្វើឱ្យ VAT មាន​លក្ខណៈសាមញ្ញ និង​ទំនើប​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​នៅក្នុង​ប្លុក​នេះ ដូចដែល​ប្រកាស IOSS និង​បញ្ចប់​ការកម្រិត​ការលើកលែង​ពន្ធ ២២ ​អឺរ៉ូ​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១ កក្កដា​។

យោងតាម EC ៖ «​ផែនការ​ហាង​ច្រកចេញចូល​តែមួយ​នៃ​ការ​នាំចូល​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​សម្រួល និង​ធ្វើឱ្យ​ងាយស្រួល​ដល់​ការប្រកាស និង​ទូទាត់ VAT សម្រាប់​ការលក់ទំនិញ​ពី​ចម្ងាយ​ដែល​នាំចូល EU ជាមួយ​នឹង​តម្លៃ​មិន​លើសពី ១៥០ ​អឺរ៉ូ​។ ប្រសិនបើ​អ្នក​ចុះបញ្ជី​សម្រាប់ IOSS អតិថិជន​របស់​អ្នកនឹង​ពេញចិត្ត ដោយ​តម្លៃ​ដែល​ពួកគេ​បង់ តំណាង​ឱ្យ​តម្លៃ​ចុងក្រោយ​ដែល​រួមទាំង VAT ដោយ​មិនមាន​ការគិត​ប្រាក់ ឬ​តម្លៃ​ដោយ​លាក់បាំង​នោះទេ​»​។

EC បន្តថា​៖ «​បើ​អ្នក​មិន​ចុះឈ្មោះ​សម្រាប់ IOSS, VAT នឹងត្រូវ​បង់​ដោយ​អតិថិជន​របស់​អ្នក​នៅពេល​ការនាំ​ចូល​ទំនិញ​ទៅក្នុង EU​។ ប្រតិបត្តិករ ឬ​អ្នកដឹកជញ្ជូន​ប្រៃសណីយ៍​អាច​គិត​ប្រាក់​ពី​អតិថិជន​ជា​តម្លៃបន្ថែម​ក្នុង​ការប្រមូល VAT និង​បំពេញបែបបទ​ចាំបាច់​មួយចំនួន​នៅពេល​នាំចូល​ទំនិញ​»​។

លោក TassiloBrinzer ប្រធាន EuroCham Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា អត្ថប្រយោជន៍​រដ្ឋបាល​នៃ IOSS ជា​សម្ពាធ​រយៈពេល​វែង​នៃ​ផលប៉ះពាល់​លើ​ការខាតបង់​ការលើកលែង VAT និង​ភាពបត់បែន​នៅពេលនេះ​ដែល​បាន​ស្នើសុំ​ពី​បណ្ដា​ក្រុមហ៊ុន​នានា​។ លោក​ថ្លែងថា​៖ «​អតិថិជន​នឹង​ដឹង​ពីអ្វី​ដែល​ពួកគេ​ត្រូវ​បង់ បើ​អ្នកលក់​ត្រូវបាន​ចុះបញ្ជី​ស្ថិតក្រោម IOSS នឹង​លែងមាន​ការធ្វើឱ្យ​ភ្ញាក់ផ្អើល​ដោយ​ការយកពន្ធ​នៅពេល​ទទួល​បង្កាន់ដៃ​។ ការជឿទុកចិត្ត​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ពាណិជ្ជកម្ម​អនឡាញ​»​។

លោក​បាន​ពន្យល់ថា ពាណិជ្ជករ​អាច​ប្រកាស​ពន្ធ VAT តែម្ដង​សម្រាប់ EU ទាំងមូល និង​ការទូទាត់​ពន្ធ​តែម្ដង​ប៉ុណ្ណោះ ដែលជា​អត្ថប្រយោជន៍​ដ៏ធំ​ផងដែរ​។ អ្នកលក់​ប្រើប្រាស់​ទីផ្សារ​អនឡាញ ដូចជា​ទីផ្សារ​ជាច្រើន​ទៀត គួរតែ​ដឹងថា បំណុល VAT នៅពេល​នេះ​ជា​បន្ទុក​ទីផ្សារ ដែល​ប្រមូល និង​រាយការណ៍ VAT ដូច្នេះ​គឺ​លែង​ជា​ការទទួល​ខុសត្រូវ​ដោយផ្ទាល់​របស់​ពួកគេ​ទៀតហើយ​។ វា​នឹង​តម្រូវឱ្យមាន​ការផ្លាស់ប្តូរ​មួយចំនួន ប៉ុន្តែ​វិធានការ​ថ្មី​ទាំងនេះ​ច្បាស់​ណាស់​គឺ​ច្រើនជាង​ការខាតបង់​ការលើកលែង VAT ហើយនឹង​បង្កើត​ផល​វិជ្ជមាន​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​យើង​កំពុង​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​គណៈកម្មាធិការ ICT របស់​យើង និង​គណៈកម្មាធិការដឹកជញ្ជូន និង​ឡូជីស្ទិក​របស់​យើង ដើម្បី​ពិភាក្សា​ពី​វិធាន​ថ្មីៗ​ជាមួយ​សមាជិក​យើង និង​របៀប​ដែល​ពួកគេ​អាច​គោរព​តាម​»​។

នាយក eCommerceatShip24.com ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ ដែល​គាំទ្រ​ e-tailers និង​ពាណិជ្ជករ​ទីផ្សារ​អនឡាញ លោក Darren Sun បានឱ្យដឹងថា កម្មវិធី IOSS នឹង​មាន​ផលប៉ះពាល់​ដ៏ធំ​មួយ​ទៅលើ​ក្រុមហ៊ុន​កម្ពុជា ដែល​លក់ eCommerce ដល់​អ្នកទិញ​នៅ EU​។

លោក​លើកឡើងថា​៖ «​បញ្ហា​សម្រាប់​ពាណិជ្ជករ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កម្ពុជា គឺថា​ពួកគេ​នឹងត្រូវ​ការចុះឈ្មោះ​ជាមួយ​អន្តរការី​សារពើពន្ធ IOSS ដែលមាន​មូលដ្ឋាន​នៅ EU ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដែល​កម្មវិធី IOSS ផ្ដល់ជូន​។ នេះ​បណ្ដាលឱ្យ e-tailers កម្ពុជា​ពិបាក​យល់​ពី​របៀប​ក្នុង​ការចុះឈ្មោះ​សម្រាប់​តំណាង IOSS»​។

ការនាំចេញ​របស់​កម្ពុជា ៤៥ ​ភាគរយ មាន EU ជា​ដៃគូ​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​គណៈកម្មការ​អឺរ៉ុប ​(EC) ​។ ការ​នាំទៅ​ទីផ្សារ​អឺរ៉ុប ៩៥,៧ ​ភាគរយ​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ EBA​។

កាលពី​ថ្ងៃទី​ ១២ ខែសីហា ឆ្នាំ​ ២០២០ EC បាន​ព្យូរ​មួយផ្នែក​នៃ​ផែនការ EBA ពី​ប្រទេស​កម្ពុជា​។ ការផ្អាក​នេះ​បាន​ប៉ះពាល់​ ១ ​ភាគ​ ៥ ឬ​ ១ ​ពាន់​លាន​អឺរ៉ូ​នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​កម្ពុជា​ទៅ​ប្លុក​ដែលមាន​ប្រទេស​ ២៧ ជា​សមាជិក​មួយ​នេះ​៕LA