ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) ​ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​គ្រោង​នឹង​បង្កើត​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ប្រទេស​ជប៉ុន​ក្នុងឆ្នាំនេះ ដើម្បី​ដើរតួនាទី​ក្នុង​ការផ្តល់​ព័ត៌មាន និង​ទំនាក់ទំនង ជាពិសេស​វិស័យ​ដែលមាន​សក្តានុពល​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

លោក លឹម ហេង អនុប្រធាន CCC បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ខែកក្កដា​ថា ដោយ​មាន​ការស្នើសុំ​ពី​វិនិយោគិន​ជប៉ុន និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​មក​ក្រសួង​ពាណិជ្ជកម្ម សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អំពី​ផែនការ​នៃ​ការបើក​ការិយាល័យ​តំណាង​នេះ​។

លោក​និយាយថា​៖ «​កន្លងមក​ខាង​ស្ថានទូត​ជប៉ុន និង​ធុរជន​ជប៉ុន​គាត់​បាន​ស្នើ​សុំឱ្យ​សភា​ពាណិជ្ជកម្ម​យើង​បើក​ការិយាល័យ​តំណាង​នៅ​ប្រទេស​គាត់​។ ក្រសួង​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ពិភាក្សា​គ្នា​រួចហើយ​នឹង​រៀបចំ​ទៅ​តាម​លទ្ធភាព​ ដើម្បី​បង្កើត​ការិយាល័យ​តំណាង​នេះ ហើយនឹង​ធ្វើការ​ជ្រើសរើស​ប្រធាន​តាមរយៈ​ការបោះឆ្នោត​ ដើម្បី​ឱ្យមាន​តម្លាភាព​ក្នុង​ការឈរ​ឈ្មោះ​តំណាង​ឱ្យ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​។ បច្ចុប្បន្ន​យើង​កំពុង​ពន្លឿន​នីតិវិធី​ដើម្បី​ចេញ​ឱ្យ​លឿន ដូច្នេះ​ភាគី​ទាំងសងខាង គឺ​ក្រសួង​ពាណិជ្ជកម្ម និង​ភាគី​ជប៉ុន​កំពុង​ជំរុញ​លើ​កិច្ចការ​នេះ​»​។

យោងតាម​លោក លឹម ហេង តាមពិត​ទៅ​សភា​ពាណិជ្ជកម្ម​កម្ពុជា គ្រោង​នឹង​បង្កើត​ការិយាល័យ​តំណាង​របស់ខ្លួន​តាំងពី​ដើមឆ្នាំ​ ២០២០ នៅក្នុង​ប្រទេស​កាណាដា​មុនគេ ប៉ុន្តែ​ដោយសារ​តែ​ត្រូវ​រៀបចំ​នីតិវិធី​ជ្រើសរើស​ប្រធាន និង​បញ្ហា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាហេតុ​ធ្វើឱ្យ​អ្វីៗ​ត្រូវ​ពន្យារពេល​ដល់​សព្វថ្ងៃនេះ​។

លោក​អះអាង​ថា​៖ «​ការបើក​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា នៅ​ជប៉ុន​នេះ​គឺ​យើង​ចង់​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការអភិវឌ្ឍ​របស់​ប្រទេស​យើង ច្បាប់​វិនិយោគ គោលការណ៍​ផ្សេង និង​បទប្បញ្ញត្តិ​នានា​ដែលជា​សក្តានុពល និង​កាលានុវត្តភាព​របស់​កម្ពុជា ដើម្បី​កៀរគរ​វិនិយោគិន​ជប៉ុន​ឱ្យ​មក​ប្រទេស​កម្ពុជា​បាន​កាន់តែ​ច្រើន​បន្ថែមទៀត​»​។

លោក​បន្ថែមថា តាម​ផែនការ ការិយាល័យ​តំណាង​នេះ​នឹង​បង្កើតឡើង​ក្នុងពេល​ឆាប់ៗ​។

លោក សុធា សម្បត្តិ ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​ (CBC) បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​ការិយាល័យ​តំណាង​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ដោយ​លោក​រំពឹងថា នឹង​រួមចំណែក​ដើរតួនាទី​នៅក្នុង​ការផ្សព្វផ្សាយ​អំពី​កម្ពុជា ការទាក់ទាញ​វិនិយោគ និង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ចកម្ពុជា ជប៉ុន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិត​ត្រេកអរ​ដែល​យើង​នឹងមាន​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​សភាពាណិជ្ជកម្ម នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​។ វា​មាន​ភាពចាំបាច់​ណាស់​ក្នុង​ការផ្តល់​ព័ត៌មាន​ជាក់លាក់ និង​ផ្សព្វផ្សាយ​ពី​កម្ពុជា​ដែល​ស្រប​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ការទូត​ដែល​រាជរដ្ឋាភិបាល​យើង​ទើប​ដាក់ចេញ​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ៦៣៣ ​លាន​ដុល្លារ កើន​ជិត ៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ នៅ​ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ ៤៨៩,៦២ ​លាន​ដុល្លារ កើន ២,៩ ​ភាគរយ​ពី​ចំនួន ៤៧៥,៧៦ ​លានដុល្លារ និង​ការនាំ​ចូល​ពី​ជប៉ុន​មានតម្លៃ ១៤៣,៥ ​លាន​ដុល្លារ​កើនឡើង ២៨,៥ ​ភាគរយ​ពី​ចំនួន ១១១,៧១ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។

ចាប់ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ​ ២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន ១៣៧ ​គម្រោង​មាន​ទឹកប្រាក់ ២ ៤៨៦ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​៕ LA