កំពតៈ ការប្រមូល​ផល​អំបិល​ក្នុង​ខេត្តកំពត ដែល​ជា​កន្លែង​ផលិត​អំបិល​ធំជាងគេ​នៅ​កម្ពុជា ឆ្នាំ​ ២០២១ នេះ​ទើប​សម្រេច​បាន​ប្រមាណ ៨០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​រដូវកាល​ប្រមូលផល​ស្ទើរតែ​បញ្ចប់ ១០០ ​ភាគរយ​ហើយ​។ ទោះបីយ៉ាងណា​អ្នក​ក្នុង​វិស័យនេះ​បាន​អះអាង​ថា កម្ពុជា​នឹងមិន​ចាំបាច់​នាំចូល​អំបិល​ពី​បរទេស​ដូច​ឆ្នាំ​ ២០១៩ ទៀតឡើយ​។

កាលពី​ឆ្នាំ​ ២០១៩ ទោះបីជា​ប្រទេស​កម្ពុជា​ទទួលរង​ឥទ្ធិពល​បាតុភូត​អាកាសធាតុ​ក្តៅ​ខ្លាំង El Nino ប៉ុន្តែ​ការផលិត​អំបិល​សម្រេចបាន​ជាង ៣ ​ម៉ឺន​តោន​ប៉ុណ្ណោះ ដោយសារ​តំបន់​ផលិត​អំបិល​បែរ​ជា​មាន​ភ្លៀង​ច្រើន​។

មិនមាន​តួលេខ​ចំនួន​ទឹកប្រាក់​នាំចូល​អំបិល​ក្នុង​ឆ្នាំ​ ២០១៩ នោះទេ ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០០៩ កម្ពុជា​បាន​នាំចូល​អំបិល ២ ម៉ឺន​តោន​ពី​ប្រទេស​ចិន ដោយ​ចំណាយ ២,២ ​លាន​ដុល្លារ​។

តាម​ការសិក្សា​ជា​មធ្យម​ក្នុង ១ ​ឆ្នាំ កម្ពុជា​ត្រូវការ​អំបិល​ប្រើប្រាស់​ពី ៨-១០ ​ម៉ឺន​តោន​។

លោក ប៊ុន ណារិន កសិករ​ផលិត​អំបិល​ក្នុង​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៦ ខែកក្កដា​ថា ការផលិត​អំបិល​នៅក្នុង​តំបន់​របស់លោក​បានបញ្ចប់​ជាង​ ១០ ​ថ្ងៃ​ហើយ ដោយ​ទិន្នផល​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំ​មុន​បន្តិចបន្តួច ព្រោះ​ទឹកភ្លៀង​បាន​ធ្លាក់​ខ្លះៗ​កាលពី​ខែឧសភា និង​ខែមិថុនា​។

នៅពេល​មាន​ភ្លៀង​ធ្លាក់ ផល​អំបិល​នៅក្នុង​ស្រែ​នឹងត្រូវ​ខូច ហើយ​គេ​ត្រូវការ​កម្តៅថ្ងៃ ដើម្បី​សម្ងួត​ដី និង​ចាប់ផ្តើម​ធ្វើឡើង​វិញ​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​ការប្រមូលផល​ឆ្នាំនេះ​ថយចុះ​ជាង​ឆ្នាំមុន ខណៈ​ផ្ទៃដី​ស្រែអំបិល និង​កម្លាំង​ពលកម្ម​មិនបាន​ប្រែប្រួល​ទេ​បើ​ធៀប​នឹង​ឆ្នាំមុន​។ លោក​បាន​បន្តថា សម្រាប់​តម្លៃ​អំបិល​នៅ​កន្លែង​ប្រមូលផល គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ផល​អំបិល​ឆ្នាំនេះ​អាច​ធ្លាក់​តិចតួច ប៉ុន្តែ​នឹងមិន​ខ្វះ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​ដែល​ទាមទារ​ឱ្យ​នាំចូល​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​កាលពី​ ២-៣ ​ឆ្នាំមុន​ឡើយ​»​។

លោក​បន្ថែមទៀត​ថា​៖ «​ទោះបី​បច្ចុប្បន្ននេះ​យើង​និយាយ​ថា អំបិល​ផលិត​បាន​អាច​ធានា​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​ក្នុងប្រទេស ប៉ុន្តែ​ជាក់ស្តែង​ការនាំចូល​អំបិល​ពី​ប្រទេស​ជិតខាង​គឺ​នៅតែមាន ជាពិសេស​អំបិល​លក់​នៅ​តាម​ផ្សារ​ធំៗ និង​អំបិល​ឧស្សាហកម្ម​ដែល​គេ​ប្រើ​សម្រាប់​ការបោកគក់​សម្លៀក​បំពាក់ និង​ផលិត​ទឹកកក​»​។

បើតាម​លោក ណារិន តម្លៃ​អំបិល​នៅ​កន្លែង​ប្រមូល​ផល​ឆ្នាំនេះ​មាន​ចាប់ពី ៨ ០០០-១២ ០០០ ​រៀល ​ក្នុង​ ១ ​បាវ​ទម្ងន់​ ៥០ ​គីឡូក្រាម ដោយ​អាស្រ័យ​ទៅតាម​ទីតាំង និង​គុណភាព​។

ជា​រៀងរាល់​ឆ្នាំ​ផល​អំបិល​ត្រូវបាន​ប្រមូល​ច្រើន ចន្លោះ​ពី​ខែមីនា ដល់​ខែមេសា ដែលជា​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​។

លោក សុខ គឹមជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត បាន​ប្រាប់ថា ទិន្នផល​អំបិល​ដែល​ខេត្តកំពត​ប្រមូលបាន​រហូតមកដល់​ពេលនេះ​មាន​ប្រមាណ ៦,៥ ​ម៉ឺន​តោន ស្មើនឹង​ប្រហែល​ ៨០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ការធ្លាក់ចុះ​នេះ​អាច​បណ្តាល​មក​រដូវភ្លៀង​ឆ្នាំនេះ​ឆាប់​ដល់​ជាង​ឆ្នាំមុន​។ លោក​បន្ថែមថា​៖ «​ទោះ​អាកាសធាតុ​នៅ​កន្លែង​ខ្លះ អាច​នៅ​ប្រមូលផល​អំបិល​បាន​បន្ថែម​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ទៀត ប៉ុន្តែ​វា​មិនមាន​ច្រើន​ទៀត​ទេ​»​។

លោក​ប្រាប់ទៀតថា ជាមួយ​នឹង​បរិមាណ​អំបិល​ក្នុង​ឃ្លាំង​ពេលនេះ​ប្រមាណ ៤០ ៨០០ ​តោន កម្ពុជា​នឹងមិន​ខ្វះ​អំបិល​បរិភោគ​ឡើយ​។ លោក​បញ្ជាក់ថា​៖ «​ទោះ​ទិន្នផល​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំមុន ប៉ុន្តែ​កម្ពុជា​នឹងមិន​ខ្វះ​អំបិល​ដូច​ឆ្នាំ​ ២០១៩»​។

បើតាម​លោក គឹមជឿន ក្នុង​ឆ្នាំ​ ២០២១ នេះ​ផ្ទៃដី​ធ្វើស្រែ​អំបិល​នៅ​ខេត្តកំពត​មិន​ប្រែប្រួល​ទេ​បើ​ធៀប​ឆ្នាំ​ ២០២០ ដោយមាន ៣ ៧២៦ ​ហិកតា​។ កាលពី​ឆ្នាំ​ ២០២០ ខេត្តកំពត​ផលិត​អំបិល​បាន​ប្រមាណ ៨៥ ០០០ តោន និង​ខេត្ត​កែប​ផលិត​បាន​ជាង ២០ ០០០ ​តោន​។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប​មាន​ទំហំ​សរុប ៤ ៧៤៨ ​ហិកតា​។ បើ​អាកាសធាតុ​អំណោយផល​ក្នុង ១ ​ហិកតា ​គេ​អាច​ផលិត​អំបិល​បានជា​មធ្យម ២០ តោន​ក្នុង​រយៈពេល ១ ​ឆ្នាំ​។

ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូលផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង ១ ​ឆ្នាំៗ​ជាង ១០ ​ម៉ឺន​តោន​។ ទោះយ៉ាងណា​ទិន្នផល​នេះ​បាន​ធ្លាក់ចុះ ៣ ​ឆ្នាំ​ជាប់​គ្នា​វិញ (២០១៧, ២០១៨ និង​ឆ្នាំ​ ២០១៩)​។

ក្រសួង​ឧស្សាហកម្ម​កាលពី​ឆ្នាំ​ ២០១៩ បានអនុញ្ញាត​ឱ្យ​នាំចូល​អំបិល ៣០ ០០០ ​តោន​ មក​បំពេញ​តម្រូវការ​ក្នុងស្រុក ប៉ុន្តែ​ជាក់ស្តែង​ការនាំចូល​ប្រហែល ១ ម៉ឺន​តោន​ប៉ុណ្ណោះ ដោយសារ​កម្ពុជា​អាច​ផលិត​អំបិល​បាន​នៅ​ដើមឆ្នាំ​ ២០២០​។ នេះ​បើតាម​លោក គឹមជឿន​៕ LA