ភ្នំពេញៈ ក្រសួងបរិស្ថាន​បានចេញ​ប្រកាស​ស្តីពី​នីតិវិធី និង​ការអនុវត្ត​គោលការណ៍​ណែនាំ​សម្រាប់​តារាង​ផ្ទៀងផ្ទាត់​ក្នុង​ការរៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​លើ​គម្រោង​ស្ថានីយ​ប្រេងឥន្ធនៈ និង​ស្ថានីយ​រួម​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​។

ប្រកាស​នេះ​ចុះហត្ថលេខា​ដោយ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា ដែល​ដាក់ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

ប្រកាស​នេះ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​គម្រោង​ក្នុង​ការរៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង និង​ពន្លឿន​នីតិវិធី​នៃ​ការឯកភាព​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​លើ​គម្រោង​ស្ថានីយ​ប្រេងឥន្ធនៈ និង​ស្ថានីយ​រួម​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​។

ក្រសួង​បរិស្ថាន​បានឱ្យដឹងថា ប្រកាស​នេះ​មាន​គោលដៅ​ដាក់​ឱ្យ​ប្រើប្រាស់​នីតិវិធី​នៃ​ការរៀបចំ និង​ការឯកភាព​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង ព្រមទាំង​ការអនុវត្ត​គោលការណ៍​ណែនាំ​សម្រាប់​តារាង​ផ្ទៀងផ្ទាត់​ក្នុង​ការរៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​លើ​គម្រោង​ស្ថានីយ​ប្រេងឥន្ធនៈ និង​ស្ថានីយ​រួម​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​។

ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​នីតិវិធី និង​គោលការណ៍​ណែនាំ​សម្រាប់​តារាង​ផ្ទៀងផ្ទាត់​ក្នុង​ការរៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​លើ​គម្រោង​ស្ថានីយ​ប្រេងឥន្ធនៈ និង​ស្ថានីយ​រួម​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ អនុលោម​តាម​ប្រកាស​លេខ​ ០២១ ប្រក ប.ស្ថ ចុះ​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២០ ស្ដីពី​ចំណាត់ថ្នាក់​នៃ​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។

លោក ហុង វណ្ណៈ អ្នកសិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​រាជបណ្ឌិត្យសភា​កម្ពុជា​) បាន​និយាយថា ការវាយតម្លៃ​បរិស្ថាន និង​សង្គម​បឋម​លើ​គម្រោង​អភិវឌ្ឍន៍​នានា​គឺជា​ការចាំបាច់​មុន​ឈាន​ទៅ​រក​ការអនុវត្ត​គម្រោង​។ លោក​បន្តថា ប្រកាស​របស់​ក្រសួង​បរិស្ថាន​នេះ​នឹង​ជួយ​ពង្រឹង​ការអនុវត្ត​លើ​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​កាន់តែ​រឹងមាំ​មួយកម្រិត​ទៀត​។

លោក​ប្រាប់ថា​៖ «​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​វិនិយោគ​នីមួយៗ​ត្រូវតែ​ឱ្យ​ឆ្លើយតប​នឹង​ផល​វិជ្ជមាន​នៃ​ទំហំ​វិនិយោគ​នៃ​គម្រោង បើ​ផលប៉ះពាល់​ច្រើនពេក​នោះ​ក្រុមហ៊ុន​នឹង​មិន​ទទួល​បាន​អាជ្ញាប័ណ្ណ​ជាដើម​»​។

ប្រកាស​របស់​ក្រសួង​បរិស្ថាន​ឱ្យ​ដឹងទៀតថា ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ឯកជន និង​សាធារណៈ​ត្រូវ​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់ បរិស្ថាន និង​សង្គម​ដំបូង ដោយ​ខ្លួនឯង​ផ្ទាល់ និង​/​ឬ​ជួល​ទីប្រឹក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​នីតិបុគ្គល​/​រូបវន្តបុគ្គល អនុលោម​តាម​គោលការណ៍​ណែនាំ​សម្រាប់​តារាង​ផ្ទៀងផ្ទាត់​ក្នុង​ការរៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​។

របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង​លើ​គម្រោង​ស្ថានីយ​ប្រេងឥន្ធនៈ និង​ស្ថានីយ​រួម​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ តម្រូវឱ្យ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ និង​អាជ្ញាធរ​ភូមិ ឃុំ​សង្កាត់​ពាក់ព័ន្ធ​។ នៅក្នុង​ករណី​ចាំបាច់​ត្រូវ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​អន្តរក្រសួង​ផងដែរ​៕ LA