ភ្នំពេញៈ ក្រសួង​ទេសចរណ៍​នឹង​ជំរុញ​ឱ្យ​មាន​ការប្រើ​បច្ចេកវិទ្យា​ឌីជីថល​លើ​ការទូទាត់​រហ័ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ដើម្បី​ជា​ការរួមចំណែក​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ស្រប​ពេលដែល​រដ្ឋាភិបាល​គ្រោង​នឹង​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​សម្រាប់​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំនេះ​។

ការលើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការស្តារ​ឡើងវិញ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដែលមាន​ការចូលរួម​ពី​វាគ្មិន​ពី​ស្ថាប័នរដ្ឋ ឯកជន តំណាង​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ និង​ភាគី​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ១ ខែកក្កដា​។

លោក ថោង រដ្ឋសក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា សិក្ខាសាលា​នេះ​ធ្វើឡើង​នៅក្នុង​គោលបំណង​ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ប្រមូល​ព័ត៌មាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ដើម្បី​ប្រែក្លាយ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូវីដ​ ១៩ ឱ្យ​ទៅ​ជា​ឱកាស​នៅក្នុង​វិស័យ​ទេសចរណ៍​។ ការពិភាក្សា​នេះ​ក៏មាន​លើក​ពី​ផែនការ​ទទួល​កញ្ចប់​ទេសចរណ៍​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ នៅ​ត្រីមាស​ទី​ ៤ ឆ្នាំនេះ​ផងដែរ​។

លោក​បន្ថែមថា​៖ «​ក្រសួង​នឹង​ជំរុញ​បច្ចេកវិទ្យា​ឌីជីថល​លើ​ការទូទាត់​រហ័ស​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ចាំបាច់​មាន​ការចូលរួម​ពី​វិស័យ​ឯកជន​ដែលជា​ភាគី​សំខាន់​ក្នុង​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ និង​នវានុវត្តន៍​សំដៅ​សម្រួល​ដំណើរ​ទេសចរណ៍​តាំងពី​ការចាប់ផ្តើម​ដំណើរ​រហូតដល់​បញ្ចប់​»​។

លោក​បន្ថែមថា ការពិភាក្សា​ក៏បាន​រំលេច​ពី​ភាពចាំបាច់​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទូទាត់​រហ័ស និង​ងាយស្រួល គឺមាន​ភាពចាំបាច់​ក្នុង​ដំណាក់កាល​រីករាលដាល​ជំងឺ​កូវីដ ​១៩ សំដៅ​កាត់បន្ថយ​ការប្រើ​ក្រដាសប្រាក់ និង​មាន​ភាពងាយស្រួល​ក្នុង​ការទូទាត់ គ្រប់គ្រង​ចរន្ត​សាច់ប្រាក់ និង​មាន​សុវត្ថិភាព​។

លោក Federic H.Proulx នាយក​ប្រតិបត្តិ AngkorpassTechnology Co.,Ltd ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​បង្កើត​កម្មវិធី App លើ​ទូរស័ព្ទ​ «Wonderpass» ដើម្បី​បម្រើឱ្យ​វិស័យ​ទេសចរណ៍ បានបង្ហាញ​ជំហរ​ថា ក្រុមហ៊ុន​លោក​នឹង​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ការទូទាត់​រហ័ស និង​ងាយស្រួល​នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នឹង​មាន​ការរីកចម្រើន​ខ្លាំង​នៅក្រោយ​វិបត្តិ​កូវីដ​ ១៩ ហើយ​ការទូទាត់​រហ័ស​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដែល​មិន​ត្រឹមតែ​ការទូទាត់​រហ័ស​ទេ ប៉ុន្តែ​វា​នឹង​អាច​ឈានដល់​ការគ្រប់គ្រង​ព្រឹត្តិការណ៍​ទេសចរណ៍ និង​កីឡា​ទេសចរណ៍​ជាដើម​»​។

ប្រព័ន្ធ​ទូទាត់​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តាមរយៈ​ការផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ផ្ទេរប្រាក់​ទូទាត់​ក្នុង​សកម្មភាព​ទិញ លក់ទំនិញ និង​សេវា និង​ការជួញដូរ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។ នេះ​បើតាម​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​។

របាយការណ៍​ឱ្យដឹងថា​៖ «​ប្រព័ន្ធ​ទូទាត់​បាន​ផ្តល់នូវ​មធ្យោបាយ​ងាយស្រួល សុវត្ថិភាព រហ័ស និង​មាន​កម្រៃ​សមរម្យ​សម្រាប់​ផ្ទេរ​មូលនិធិ​ជា​អេឡិចត្រូនិក​ក្នុង​ចំណោម​ភ្នាក់ងារ​សេដ្ឋកិច្ច​ដែល​បានរួម​ចំណែក​ឱ្យ​ដំណើរការ​ផ្គត់ផ្គង់​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បានឱ្យ​ដឹងថា ក្នុង​រយៈពេល ១ ​ខែមិថុនា​ពេញ ភ្ញៀវ​ក្នុង​ស្រុក​ចំនួន​ជាង ៣ ​សែន​នាក់​បាន​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​កើន ៧៨,៥៨ ភាគរយ​ធៀប​នឹង​ខែឧសភា​ឆ្នាំ​នេះ​។

លោក​ថ្លែងថា​៖ «​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ពិសេស​ខេត្តកំពត កែប និង​ខេត្ត​ព្រះសីហនុ ព្រមទាំង​គោលដៅ​អេកូទេសចរណ៍ ទេសចរណ៍​ធម្មជាតិ និង​កសិទេសចរណ៍ គឺជា​គោលដៅ​សំខាន់​ដែល​បាន​ស្រូប​ទាញយក​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​បាន​ច្រើន​»៕ LA