ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​នៅ​កម្ពុជា បាន​រាយការណ៍​ថា ខ្លួន​បាន​ពង្រីក​ស្ថានីយ​ជាង ៣០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​ក្នុងអំឡុងពេល ៦ ​ខែ​ឆ្នាំ​ ២០២១ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការដែល​កើនឡើង​សម្រាប់​ការតភ្ជាប់​ដ៏រឹងមាំ និង​ទុកចិត្តបាន​។

ការដាក់​ពង្រាយ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្ដាញ​ទូរគមនាគមន៍​របស់​ខ្លួន​ដែល​មាន​តម្លៃ​ជាង ៩០ ​លាន​ដុល្លារ​លើ​ទីតាំង​បណ្ដាញ ៣០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ត្រឹម​ចុងឆ្នាំ​ ២០២១ ក្រុមហ៊ុន​គ្រោង​នឹង​បន្ថែម​ដល់​ទីតាំង ៣៥០ ​កន្លែង​ទៀត​។

ការវិនិយោគ​ដែល​បានប្រកាស​កាលពី​ខែមេសា​មាន​ឈ្មោះថា​៖ «​កម្មវិធី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ឆ្នាំ ២០២១» នឹងត្រូវ​ប្រើប្រាស់​ ដើម្បី​លើកកម្ពស់​បណ្ដាញ 4G LTE ដែលមាន​ស្រាប់​របស់ខ្លួន ដើម្បី​ផ្ដល់​សេវា​ទូទាំងប្រទេស និង​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​កាន់តែ​រលូន​ទៅ​សេវា​ឥត​ខ្សែ 5G និង «​ល្បឿន​អ៊ីនធឺណិត​ចល័ត​ដែល​ជំរុញ​ដោយ​តួប៊ីន​» ដែល​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល ដើម្បី​ដាក់ចេញ​សេវាកម្ម​ពាណិជ្ជកម្ម​ពេញលេញ​។ នេះ​បើតាម​ក្រុមហ៊ុន Smart ។

តាមរយៈ​បណ្ដាញ​ទូរគមនាគមន៍​ចំនួន ៣០០ ​ទីតាំង​ថ្មី​ទាំងអស់​នេះ​ធ្វើឱ្យ​សេវា​គ្របដណ្ដប់​បណ្តាញ 4G LTE និង​បទពិសោធ​នៃ​ការទំនាក់ទំនង​របស់​ក្រុមហ៊ុន Smart កាន់តែ​ប្រសើរឡើង​តាម​បណ្ដា​ខេត្ត​។

លោក Thomas Hundt នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata ឱ្យដឹងថា ខណៈពេល​បន្ត​ការវិនិយោគ​ជំរុញ​ល្បឿន​លឿន​ទៅលើ​សេវា 4G ទីតាំង​បណ្ដាញ​ទូរគមនាគមន៍​ថ្មីៗ​ជាច្រើន​ផ្សេងទៀត​នឹងដាក់​ពង្រាយ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។ ក្រុមហ៊ុន​កំពុង​រង់ចាំ​ជាមួយ​នឹង​ក្ដីរំភើប​ ដើម្បី​ដាក់​ដំណើរការ​សេវា​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្តថា​៖ «​ក្រុមហ៊ុន Smart សម្លឹង​ឃើញ​ខ្លួនឯង​ជា​ក្រុមហ៊ុន​ដ៏សំខាន់​ដែល​អាច​ជំរុញ​សក្ដានុពល​ឌីជីថល​នៅ​កម្ពុជា និង​ដែល​អាច​ធ្វើឱ្យ​ប្រព័ន្ធ​ទំនាក់ទំនង​លឿន​រហ័ស និង​មិន​លំបាក​សម្រាប់​អ្នកប្រើប្រាស់​ទោះ​ពួកគេ​រស់នៅ​ទីណា​ក៏ដោយ​»​។

ដោយមាន​ការទទួលយក 4G យ៉ាងរហ័ស​ដោយ​អតិថិជន Smart ក៏​កំពុង​បិទ​ជា​បណ្ដើរៗ​នូវ​ប្រព័ន្ធ 3G របស់ខ្លួន​ក្នុង​ឆ្នាំ​ ២០២១ តាមរយៈ​ការទទួល​យក​ការប្រើប្រាស់​វិសាលគមន៍​ហ្វ្រេកង់ស៍​ដែល​នៅសល់ ដែល​ប្រើប្រាស់​សម្រាប់​បណ្ដាញ 3G និង 4G​។

គិត​ត្រឹម​ចុងឆ្នាំ​ ២០២០ ក្រុមហ៊ុន បាន​វិនិយោគ ១,៨៨ ​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​កម្ពុជា​៕ LA