ភ្នំពេញៈ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) បានឱ្យដឹងថា កម្ពុជា​នឹងធ្វើ​ពិពិធកម្ម​ទីផ្សារ​អង្ករ​ដោយ​ផ្តោតលើ​ទីផ្សារ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​តំបន់​អាស៊ាន​។

ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នេះ​ត្រូវបាន​ធ្វើឡើង​ បន្ទាប់ពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដោយហេតុថា កង្វះ​កុងតឺន័រ​នាំឱ្យ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ឡើង​ថ្លៃ​ខ្ពស់​ក្នុង​រយៈពេល​ជាង ១ ​ឆ្នាំ​ នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក សុង សារ៉ន ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា រដ្ឋាភិបាល និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​គិតគូរ​ពី​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ដោយ​ផ្តោតលើ​ទីផ្សារ​អាស៊ី​គឺ​ប្រទេស​ចិន​ (​ហុងកុង និង​ម៉ាកាវ​) ​ដែល​ជា​ទីផ្សារ​ធំជាងគេ​។

លោក​បន្តថា កម្ពុជា​នឹង​បន្ត​ជំរុញ​ដល់​ភាគី​ចិន​ឱ្យ​បង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា​បន្ថែមទៀត ក៏ដូចជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​អង្ករ​ទៅកាន់​បណ្តា​ប្រទេស​តំបន់​អាស៊ាន​ផងដែរ​។

លោក​ថ្លែងថា​៖ «​សហព័ន្ធ​ស្រូវ​អង្ករ​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​សមាជិក ដើម្បី​រក​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ផែនការ​បន្ទាប់ ទាំង​ការគិតគូរ​លើ​សន្និធិ​ស្រូវ ដើម្បី​រក្សា​តម្លៃ​ស្រូវ​នៅពេល​ប្រមូលផល​ខាងមុខ និង​ជួយ​ដល់​សមាជិក​ក្នុង​ទុន​បង្វិល​ទិញស្រូវ ដើម្បី​លើក​ស្នើ​ដល់​រដ្ឋាភិបាល​ក្នុង​គោលបំណង​​ ដើម្បី​ជួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​»​។

លោក​បន្ថែមថា ដំណោះស្រាយ​ធំ​បន្ទាប់ គឺ​ជួយ​ទំនុកបម្រុង និង​គាំទ្រ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​លើ​ទុន​ក្នុង​ការទិញស្រូវ ដើម្បី​រក្សា​សន្និធិ​ស្រូវ​អង្ករ​ត្រៀមខ្លួន​សម្រាប់​ការនាំចេញ​នៅ​ឆមាស​ទី​ ២ នៅពេល​បញ្ហា​កង្វះ​កុងតឺន័រ​លើ​ពិភពលោក​វិលត្រឡប់​មក​ប្រក្រតី​ឡើងវិញ​។

លោក​ប្រាប់ថា​៖ «​ចំពោះ​បញ្ហា​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​សហព័ន្ធ​សង្ឃឹមថា ដំណោះស្រាយ​មួយ​ដ៏សមរម្យ​ទាក់ទង​នឹង​វិបត្តិ​ដឹកជញ្ជូន​នេះ​នឹង​ច្បាស់​ជាមាន ដោយសារ​តែ​ប្រទេស​ធំៗ​ក្នុង​សកលលោក​ក៏​នឹង​ចាប់ផ្តើម​សកម្មភាព​ក្នុង​ការដោះស្រាយ​»​។

រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ពន្លឿន​ការចរចា​ជាមួយ​ភាគី​ចិន​ឱ្យ​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា ១០ ​ម៉ឺន​តោន​ទៀត ខណៈ​រដ្ឋាភិបាល​រំពឹងថា​នឹង​សម្រេចបាន​នៅ​ចុង​ឆ្នាំនេះ​។ ​សព្វថ្ងៃ​ចិន​បាន​ផ្តល់​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ៤០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។ ​នេះ​បើតាម លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

លោក ស៊ាង ថៃ បាន​និយាយថា​បច្ចុប្បន្ន​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ៤៤ របស់​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ដោយ​អគ្គរដ្ឋបាល​គយ​ចិន​លើ​សមត្ថភាព​បទដ្ឋាន​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រទេស​ចិន​។ លោក​ប្រាប់ថា​៖ «​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​កំពុងមាន​កិត្តិនាម​ល្អ​នៅ​ប្រទេស​ចិន ជាក់ស្តែង​ក្រសួង​ពាណិជ្ជកម្ម​បាន​យកចិត្ត​ទុកដាក់​ផ្តល់​អាទិភាព​លើ​ការផ្សព្វផ្សាយ​អង្ករ​កម្ពុជា​នៅ​ទីផ្សារ​ប្រទេស​ចិន​»​។

ចិន​បាន​យល់ព្រម​ផ្តល់​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់​ចាប់ពី ២០ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០១៧ ដល់ ៤០ ម៉ឺន​តោន​នៅ​ឆ្នាំ​ ២០១៩​។

CRF ឱ្យដឹងថា ទីផ្សារ​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​នាំមុខ​ក្នុង​ឆមាស​ទី​១ គឺ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ាកាវ ៥១,៩%, បារាំង ១០,៥០%, និង​ហ្គាបុង ៧,៩៣%៕ LA

វីដេអូ៖