ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ជា​ការចាំបាច់​សម្រាប់​មេដឹកនាំ​ទាំងអស់​ជុំវិញ​ពិភពលោក និង​តំបន់​ត្រូវ​រួមគ្នា​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច នៅពេល​ការរីករាលដាល​វីរុស​កូរ៉ូណា​មាន​ភាពធូរស្រាល​។

នេះ​គឺជា​ការលើកឡើង​របស់​លោក​ ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​កុម្មុយនីស្ដ​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភពលោក កាលពី​ល្ងាច​ថ្ងៃទី​ ៦ ខែកក្កដា​។

លោក​ថ្លែងថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ដែល​តម្រូវ​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់ និង​គណបក្ស​នយោបាយ​ទាំងអស់​ជុំវិញ​ពិភពលោក​ត្រូវ​រួមដៃគ្នា​សម្រាប់​មនុស្សជាតិ​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា​៖ «​នៅពេលដែល​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ថមថយ​នាពេល​ខាងមុខ​ការគិតគូរ​លើ​ការងើប​ឡើងវិញ​នៃ​សង្គម​សេដ្ឋកិច្ច គឺជា​ការណ៍​មួយ​ដ៏សំខាន់​ដែល​មិនអាច​ខ្វះ​បាន​។ កិច្ចការ​នេះ​នឹង​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​យន្តការ​ទ្វេភាគី និង​ពហុភាគី​និយម​ផ្សេងៗ​ដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ ដែលជា​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ឈ្នះ-ឈ្នះ​មួយ​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​សង្គម​សេដ្ឋកិច្ច និង​វិបុលភាព​នៃ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​សម្ដែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​នេះ​ក្នុង​ការនាំយក​នូវ​វិបុលភាព និង​សុភមង្គល​ជូន​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​ក្នុង​តំបន់​ក្នុង​បរិបទ​នៃ​ការងើបឡើង​វិញ​នៃ​សង្គម​សេដ្ឋកិច្ច ក្នុងអំឡុងពេល និង​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៧ ខែកក្កដា ថា ទោះ​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​កម្ពុជា​បានធ្វើ​អំណោយ​ម៉ាស់​មុខ​រាប់លាន​ដល់​បណ្ដា​ប្រទេស​ផ្សេងទៀត​ជាច្រើន​ក្នុង​តំបន់​ជា​លក្ខណៈ​មនុស្សធម៌​នៃ​សុខដុមរមនា​លើ​ពិភពលោក​។

លោក​បញ្ជាក់ថា​៖ «​ការសហការ​គ្នា​ពី​គ្រប់​មេដឹកនាំ​ជុំវិញ​ពិភពលោក និង​ក្នុង​តំបន់​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដើម្បី​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។ ខ្ញុំ​គាំទ្រ​នឹង​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ដ្រី ព្រោះ​បើ​យើង​មិន​រួមដៃ​គ្នា​ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​វីរុស​កូរ៉ូណា យើង​មិនអាច​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​បានទេ លើសពី​នេះ​ទៅ​ទៀត​កម្មវិធី​ចាក់​វ៉ាក់សាំង​រហ័ស​ផងដែរ​»​។

បើ​យោងតាម​របាយការណ៍​ធនាគារ​ពិភពលោក​ដែល​ចេញផ្សាយ​កាលពី​ខែមិថុនា ប្រទេស​កម្ពុជា​បាន​ទប់ស្កាត់​ការរីករាលដាល​វីរុស​កូរ៉ូណា​ប្រកប​ដោយ​ជោគជ័យ​រហូតដល់​ត្រីមាស​​ទី​ ១ ឆ្នាំ​ ២០២១​។ វា​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស​ជាច្រើន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​តិចតួច​បំផុត​នៅ​អាស៊ី​។ កម្ពុជា​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ឆ្នាំ​ ២០២១​។

ធនាគារ​ពិភពលោក​បន្ត​ថា​៖ «​ជា​ការឆ្លើយតប អាជ្ញាធរ​បាន​បង្កើន​ទំនាក់ទំនង​តាមដាន​តាមរយៈ​ការកំណត់​អត្តសញ្ញាណ​ដែល​អ្នកជំងឺ​កូវីដ​ ១៩ ​មាន​ទំនាក់ទំនង ការបើក​ដំណើរការ​អគារ​ធ្វើ​ចត្តាឡីស័ក​ថ្មីៗ បង្កើន​ចំនួន​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ដែល​កាន់តែ​កើនឡើង និង​បាន​ទិញ​សម្រាប់​ឧបករណ៍​វេជ្ជសាស្ត្រ និង​រថយន្ត​សង្គ្រោះបន្ទាន់​បន្ថែមទៀត​»​។

លោកនាយក​រដ្ឋមន្ដ្រី​ក៏​បាន​លើកឡើង​កាលពី​ថ្ងៃទី​ ៦ ខែកក្កដា​ថា វ៉ាក់សាំង​ចំនួន ៤ ​លានដូស​ផ្សេងទៀត​មកពី​ក្រុមហ៊ុន Sinovac នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១០ ខែកក្កដា​។ កាលពី​ខែសីហា លោក​បានឱ្យ​ដឹងថា កម្ពុជា​គ្រោង​នឹង​ទទួល​វ៉ាក់សាំង ៤ ​លានដូស​ផ្សេងទៀត​។ លោក​បន្តថា​៖ «​ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា​បានទទួល​រួមមាន​នៅ​ខែកក្កដា និង​ខែសីហា នឹង​ធ្វើឱ្យ​ចំនួន​សរុប​កើនឡើង​ដល់ ២០ ​លាន​ដូស​ស្រប​នឹង​ផែនការ​រដ្ឋាភិបាល​»​។

គិត​ត្រឹម​ថ្ងៃទី​ ៥ ខែកក្កដា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជិត ៤,៦ ​លាន​នាក់​ដែល​រួមទាំង​ជនបរទេស ស្មើនឹង​ជាង​ ៤៦ ​ភាគរយ​នៃ​ចំនួន ១០ ​លាន​នាក់​ដែល​កំណត់​ទិសដៅ នៅពេលនេះ​ទិសដៅ​នេះ​ជឿជាក់ថា នឹង​សម្រេចបាន​ត្រឹម​ខែតុលា ឬ​ដើមខែ​វិច្ឆិកា​ឆ្នាំនេះ​។

ធនាគារ​ពិភពលោក​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា បាន​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​កើន​ ៤,០ ​ភាគរយ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ធ្លាក់ចុះ ៣,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ដោយសារតែ​ការចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង​រហ័ស និង​ការស្ទុះ​ងើបឡើង​វិញ​តម្រូវការ​លើ​ពិភពលោក​។ ទោះយ៉ាងណា​ធនាគារ​មួយ​នេះ​ក៏​ផ្ដល់​សេណារីយោ​ធ្លាក់ចុះ ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ខាតបង់​សម្ទុះ​ខ្លាំង ហើយ​អម​ដោយ​ការបិទខ្ទប់​ជា​ញឹកញាប់ និង​រយៈពេល​យូរ​ទូទាំងប្រទេស​។ ស្ថិតក្រោម​សេណារីយោ​នេះ សេដ្ឋកិច្ច​ត្រូវ​ព្យាករ​ថា នឹង​កើន ១,០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១៕ LA