
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល
តម្លៃប្រេងកំពុងកើនឡើងខ្ពស់ជាង ៧៦ ដុល្លារ ក្នុង ១ បារ៉ែល និងកំពុងប្រែប្រួលក្នុងរង្វង់ ៧២ ទៅ ៧៧,២០ ដុល្លារ នៅសប្តាហ៍នេះ។ បញ្ហាកិច្ចប្រជុំរបស់អង្គការ OPEC+ ដែលបញ្ចប់ទៅដោយ គ្មានកិច្ចព្រមព្រៀងណាមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះធ្វើឱ្យតម្លៃប្រេងត្រូវបានគេរំពឹងថានឹងបន្តកើនឡើងទៀត។
យោងតាមគេហទំព័រ Oilprice.com កិច្ចប្រជុំ អង្គការ OPEC+ ដែលមានភាពចម្រូងចម្រាស ដោយសារអារ៉ាប់ប៊ីសាអ៊ូឌីត និងសហភាព អារ៉ាប់រួម មានទំនាស់លើសំណើកាត់បន្ថយផលិតកម្មប្រេងដោយថា វាជារឿង «អយុត្តិធម៌»។ លោកស្រី Julianne Geiger អ្នកនិពន្ធ និងអ្នកស្រាវជ្រាវជំនាញរបស់ Oilprice.com បាននិយាយថា៖ «តម្លៃប្រេងកំពុងរក្សាលំនឹងយ៉ាងរឹងមាំបន្ទាប់ពីមានការពន្យារពេលនៃកិច្ចប្រជុំ OPEC+ ហើយវានៅតែមានទំនោរកើនឡើង ជាពិសេសនៅពេលដែលមានការបរាជ័យក្នុងកិច្ចប្រជុំនេះ»។
ម្យ៉ាងវិញទៀត យោងតាមគេហទំព័រ Bloomberg ការបោះបង់ចោលការប្រជុំដោយគ្មានកិច្ចព្រមព្រៀងរបស់អង្គការ OPEC+ ធ្វើឱ្យទីផ្សារប្រេងប្រឈមមុខនឹងការខ្វះខាតលើការផ្គត់ផ្គង់ និងការកើនឡើងតម្លៃ ខណៈតម្រូវការមានការកើនឡើង ដោយសារតែការស្ទុះងើបឡើងវិញយ៉ាងខ្លាំងរបស់ប្រទេសប្រើប្រាស់ថាមពលច្រើនដូចជា សហរដ្ឋអាមេរិក និងចិន។
តាមលក្ខណៈបច្ចេកទេសវិញ តម្លៃប្រេងកំពុងស្ថិតនៅក្នុងទិសដៅកើនឡើងឆ្ពោះទៅរកតម្លៃ ៨០ ដុល្លារក្នុង ១ បារ៉ែល។ ដូច្នេះ សម្រាប់ការវិភាគលើតម្លៃជួញដូរនៅសប្តាហ៍នេះ វិនិយោគិន គួរតែដើរតាមនិន្នាការ និងចាប់ឱកាសក្នុងការទិញប្រេងចាប់ពីតម្លៃ ៧២ ដុល្លារ ដោយកំណត់មុខងារកាត់យកប្រាក់ចំណេញនៅតម្លៃ ៧៧ ដុល្លារ៕
វិភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល