ភ្នំពេញៈ រោងចក្រ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​យ៉ាងហោច ១៥ ​បាន​ចូលរួម​ក្នុង​គម្រោង Switch Garment ដែលជា​គម្រោង​លើកកម្ពស់​ការអនុវត្ត​ថាមពល​ប្រកបដោយ​និរន្តរភាព និង​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ថាមពល​ស្អាត​នៅក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។

Switch Garment ត្រូវបាន​អនុវត្ត​រួមគ្នា​រវាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) និង​វិទ្យាស្ថាន​កំណើន​បៃតង​សកល​ (GGGI) និង​អង្គការ Geres Cambodia ដែល​បាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​ ១១ ខែ កញ្ញា ឆ្នាំ​ ២០២០​។

លោក លី តេកហេង អ្នកគ្រប់គ្រង​ទូទៅ GMAC និង​ជា​ប្រធាន​គម្រោង Switch Garment បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា សព្វថ្ងៃ​រោងចក្រ ១៥ ​បាន​ចូលរួម​អនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព​នៃ​គម្រោង Switch Garmen​។

លោក​ប្រាប់ថា​៖ «​យើង​កំពុង​ជ្រើសរើស​រោងចក្រ ៦ ​ថែមទៀត ដោយ​យើង​មាន​គោលដៅ​ដល់ ២០ រោងចក្រ ឬ​លើសពីនេះ​។ យើង​ឃើញ​ថា យីហោ​ម៉ាក​ល្បី​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ​គម្រោង​នេះ​ទាំង​រោងចក្រ​ផលិត​ឱ្យ​ម៉ាក​យីហោ​ល្បីៗ និង​រោងចក្រ​វិនិយោគ​ផ្ទាល់​បាន​សុំ​យើង​ចូលរួម​ក្នុង​គម្រោង​នេះ​តែម្តង​»​។

លោក​ឱ្យដឹងទៀតថា GMAC បាននិង​កំពុង​ជំរុញ​ឱ្យ​សមាជិក​ប្រើប្រាស់​ថាមពល​សូឡា​ដំឡើង​លើ​ដំបូលអគារ​ ប៉ុន្តែ​រដ្ឋ​មិន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ដោយផ្ទាល់​នោះទេ​។

លោក​និយាយថា​៖ «​គម្រោង​យើង​ទាក់ទង​នឹង​និរន្តរភាព​ថាមពល ដូចនេះ​ពួកគាត់​ជា​អ្នកវិនិយោគ​បានដឹង​ពី​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា ​គឺ​ថ្លៃ​ជាងគេ​នៅក្នុង​តំបន់ អ៊ីចឹង​ហើយ​គាត់​សម្លឹង​មើលថា តើ​ជម្រើស​ផ្សេង​អ្វីដែល​អាចជួយ​ដល់​ការវិនិយោគ​របស់គាត់ ដូចជា ការដំឡើង​ផ្ទាំង​ថាមពល​សូឡា​នៅលើ​ដំបូល និង​ការផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​អុស​ដុត​ឡក​ម្តៅ​ទៅជា​ជម្រើស​ថ្មី​ផ្សេងទៀត​ជាដើម​»​។

បើតាម​លោក តេកហេង គម្រោង​នេះ​មាន​រយៈពេល​ ៤ ​ឆ្នាំ ​គឺ​ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ​ ២០២៤ ដែលជា​ជំនួយ​របស់ Switch Asia នូវ​ថវិកា​ចំនួន ២ ៩៩៥ ៧៤៨ ​អឺរ៉ូ​៕ LA