ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង បាន​តែង​តាំង​លោក Simon Perkins ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សែលកាត ដោយ​ការ​តែង​តាំង​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ ២០២១។

លោក Simon Perkins គឺ​ជា​អ្នក​ជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ ដោយ​ទទួល​បាន​ភាព​ជោគ​ជ័យ កំណត់​ត្រា​ជាមួយ​ក្រុមហ៊ុន មីលខម (Millicom) ក្រុមហ៊ុន​អេស៊ាតា (Axiata) ក៏​ដូចជា​ក្រុមហ៊ុន ហាចជីសន (Hutchison) និង ក្រុមហ៊ុន​ទូរគមនាគមន៍​អង់គ្លេស។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន សែលកាត មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ធ្វើ​ការ​ទទួល​ស្គាល់​ភាព​ជោគ​ជ័យ​របស់ លោក Ian Watson អស់​រយៈពេល ៩ ឆ្នាំ​នៃ​ការ​ធ្វើការ​ជាមួយ​ខ្ញុំ និង​បម្រើ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ ដ៏​សំខាន់​មួយ​រូប។ លោក Ian កំពុង​ទន្ទឹង​រង់ចាំ​ត្រឡប់​ទៅ​អង់គ្លេស​វិញ។ ឥឡូវ​នេះ ក្រុមហ៊ុន​សែលកាត​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ល្អ​ទាំង​ក្នុង​ស្រុក​និង​ក្នុង​តំបន់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រ៊េន​ដែល​អាច​វិនិយោគ​បាន​ខ្លាំង»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​រីករាយ​ដែល លោក Simon Perkins បាន​ទទួល​យក​តំណែង​ជា​នាយក​ប្រតិបត្តិ ហើយ​ទន្ទឹង​រង់​ចាំ​ការ​រីក​ចម្រើន​របស់​សែលកាត​ក្នុង​អាណត្តិ​របស់​គាត់»។

លោក Simon Perkins

លោក Simon Perkins បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន សែលកាត និង​រ៉ូយ៉ាល់​គ្រុប។ ខ្ញុំ​ទន្ទឹង​រង់ចាំ​នូវ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​បន្ថែម​ទៀត និង​ចូល​រួម​ចំណែក​ដល់​ចក្ខុ​វិស័យ​របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជំរុញ​បន្ថែម​ឱ្យ​មាន​ការ​ត​ភ្ជាប់​ពេញ​លេញ និង​បម្រើ​ប្រព័ន្ធ ទូរគមនាគមន៍​ឌីជីថល​ទូទាំង​ប្រទស​កម្ពុជា»។

សែលកាត គឺ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​គ្រប់គ្រង​ដោយ​ជន​ជាតិ​កម្ពុជា ១០០ ភាគរយ។ ដោយ​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ១៩៩៦ ក្រុមហ៊ុន​សែលកាត គឺជា​បណ្តាញ​ទូរស័ព្ទ​ចល័ត​ដែល​ទទួល​បាន​ពាន​រង្វាន់​ច្រើន​ជាង​គេ​បំផុត គឺ​ពានរង្វាន់ ឧស្សាហកម្ម​ជាង ៣០ សម្រាប់​ឧត្តមភាព​បណ្តាញ​ក្រុមហ៊ុន រួម​ទាំង​ពាន​រង្វាន់ Ookla Speedtest ចំនួន ៦ ជាប់​គ្នា និង​ពាន​រង្វាន់​ជាច្រើន​ទៀត​ដែល​ឈ្នះ​ពី Opensignal រួម​ទាំង​ពាន​រង្វាន់​បទ​ពិសោធន៍​ហ្គេម (Best Games Experience) ល្អ​បំផុត​នៅខែ​កុម្ភៈ ឆ្នាំ ២០២០៕