ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​ពិនិត្យ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រកម្ពុជា​នៅថ្ងៃនេះ ខណៈ​ក្រុម​អ្នកវិនិយោគ​រំពឹងថា ច្បាប់​វិនិយោគ​ថ្មី​នឹង​ផ្តល់​ភាពអនុគ្រោះ​ច្រើន​បន្ថែមទៀត​ដល់​វិនិយោគិន​ទៅលើ​អ្វី​ដែលមាន​ស្រាប់​ក្នុង​ច្បាប់ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ទាក់ទាញ​ការវិនិយោគ​ពី​ក្រៅប្រទេស​មក​បន្ថែមទៀត​។

ទីស្តីការគណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែកក្កដា​នេះ​តាម​ប្រព័ន្ធ Zoom ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សភា​ពាណិជ្ជកម្ម គឺ​តួអង្គ​សំខាន់​ក្នុង​ការផ្តល់​ធាតុ​ចូលទៅក្នុង​ច្បាប់​ថ្មី​នេះ ដើម្បី​ទទួល​អត្ថប្រយោជន៍​បន្ថែម​ទៅលើ​អ្វី​ដែលមាន​ស្រាប់​ក្នុង​ច្បាប់​។

លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​អនុម័ត​ធាតុចូល​ដែល CCC បានផ្តល់​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នូវ​ការអនុញ្ញាត​ឱ្យ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត​អាច​អនុម័ត​គម្រោង​ដែលមាន​ទុនវិនិយោគ​ក្រោម ១០ លាន​ដុល្លារ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​នៅតាម​រាជធានី​ខេត្ត និង​បង្កើន​ភាពប្រកួតប្រជែង​របស់​រោងចក្រ សហគ្រាស​ក្នុងស្រុក​ផងដែរ​។

លោក​បន្ថែមថា បើ​ធាតុ​ចូល​នេះ​ត្រូវបាន​អនុម័ត វា​នឹង​ទាក់ទាញ​ឱ្យមាន​លំហូរ​ការវិនិយោគ​កាន់តែច្រើន​ទៅតាម​បណ្តា​ខេត្ត​ដែលជា​ប្រភព​ផលិត និង​នាំចូល​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ឱ្យ​រោងចក្រ​សហគ្រាស​។

លោក​ប្រាប់ថា​៖ «​យើង​ឃើញ​ហើយ​ថា រោងចក្រ សហគ្រាស​ជាច្រើន​ប្រមូលផ្តុំ​គ្នា​នៅ​ភ្នំពេញ​ដែល​ត្រូវ​ដឹកជញ្ជូន​វត្ថុធាតុដើម​មក​រោងចក្រ រួច​ផលិត​នាំចេញ​ទៅវិញ​ដែល​ត្រូវ​ចំណាយ​ថ្លៃដើម​ខ្ពស់ អ៊ីចឹង​ប្រសិនបើ​ថ្នាក់​ខេត្ត​អាច​អនុម័ត​ត្រឹម​ទុន​ក្រោម ១០ ​លាន​ដុល្លារ រោងចក្រ សហគ្រាស​ជាច្រើន​នឹង​ហូរ​ចូលទៅ​បណ្តា​ខេត្ត ហើយ​វា​ក៏​នឹង​ផ្តល់​ប្រយោជន៍​ដល់​កម្មករនិយោជិត​នៅ​ទីនោះ​ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក ហើយ​អាចជួយ​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាជន​ក្នុង​តំបន់​ផងដែរ​»​។

កន្លងមក​អនុគណៈ​កម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត​អាច​អនុម័ត​គម្រោង​វិនិយោគ​ក្រោម ២ ​លាន​ដុល្លារ ប៉ុណ្ណោះ​នៃ​ច្បាប់​ចាស់​។ នេះ​បើ​យោងតាម​លោក លឹម ហេង​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ (FASMAC) ​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការបង្កើត​ច្បាប់​វិនិយោគិន​ថ្មី​នេះ ដោយ​លោក​រំពឹងថា ច្បាប់​នេះ​នឹង​ជួយ​លើកកម្ពស់​ភាពប្រកួតប្រជែង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​បន្ថែមទៀត​។

លោក​និយាយ​ថា​៖ «​ទិសដៅ​របស់​រដ្ឋាភិបាល គឺ​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលជា​ឆ្អឹងខ្នង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​»​។

អ្នកស្រី កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លីលីហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី សង្ឃឹមថា ច្បាប់​ថ្មី​នឹង​ជួយ​អូសទាញ​អ្នកវិនិយោគ​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​នៅពេល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ជា​​ផ្លូវការ​នាពេល​ខាងមុខ​នេះ​។

អ្នកស្រី​ប្រាប់ថា​៖ «​ខ្ញុំ​សង្ឃឹមថានឹង​ផ្តល់ឱកាស​កាន់តែច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ផលិត​កែច្នៃ​វត្ថុធាតុដើម ឬ​ផលិតផល​ពាក់កណ្តាល​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ឧស្សាហកម្ម​ធំៗ​ដែល​នឹង​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រមទាំង​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ជួយ​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។

យោងតាម លោក លឹម ហេង ចំណុច​ពិសេស​របស់​ច្បាប់​វិនិយោគ​ថ្មី​នេះ​មាន​ការលើក​ទឹកចិត្ត​ច្រើនជាង​ច្បាប់​ចាស់​លើ​ការជំរុញ​ឱ្យ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដែល​សហគ្រាស​ធុនតូច និង​មធ្យម​ជាច្រើន​បាន​ផលិត​នាំចេញ​។

ច្បាប់​នេះ​ក៏​នឹង​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​លើ​ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​ដែល​វត្ថុធាតុដើម​មួយចំនួន​នឹង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋ ហើយ​ច្បាប់​នេះ​ក៏បានផ្តល់​ការលើក​ទឹកចិត្ត​ខ្លាំង​ទៅលើ​ការបណ្តុះបណ្តាល​ធនធានមនុស្ស​ផង​ដែរ​។ លោក​រំពឹងថា ច្បាប់​នេះ​អាច​នឹង​ចូល​ធរមាន​នៅ​ដំណាច់​ឆ្នាំ​ ២០២១ នេះ​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​ចំនួន ៧០ ​ជាមួយនឹង​ទុនវិនិយោគ​សរុប​ចំនួន ២ ៤២៨ ​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ការគណនា​របស់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ ចំពោះតែ​គម្រោង​ត្រូវបាន CDC បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា ដល់​ដំណាច់​ខែមិថុនា ឆ្នាំនេះ​៕ LA