ភ្នំពេញៈ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា (ដក​មាស​ចេញ) ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៥ ខែ​ដើម​ឆ្នាំ ២០២១ មាន​តម្លៃ​ជិត ៦​ពាន់​លាន​ដុល្លារ កើនឡើង ១៤,១​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០ ខណៈ​ការ​នាំ​ចូល (ដក​មាសចេ​ញ)​ កើនឡើង ១៧ភាគរយ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម (Social-Economic Trends) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​កក្កដា​នេះ​ ឱ្យ​ដឹង​ថា ទោះបី​សេដ្ឋកិច្ច​កម្ពុជា​កំពុង​បន្ត​ទទួល​រង​ផល​ប៉ះពាល់ពី​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍ ២០ កុម្ភៈ ក៏​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​មិន​បាន​ធ្លាក់​ចុះ​ទេ​ដោយ​ទំហំ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ (ដក​មាស​ចេញ) ក្នុង​រយៈពេល ៥ខែ ដើម​ឆ្នាំ​២០២១ មាន​តម្លៃ​សរុប ១៤ ៦១៥ លានដុល្លារ។

ទិន្នន័យបង្ហាញថា ក្នុង​នោះ​ការ​នាំ​ចេញ​ទំនិញ (ដក​មាស​ចេញ) សម្រេច​បាន ក្នុង​ទំហំ​ទឹក​ប្រាក់ ៥ ៩៥០​លាន​ដុល្លារ (ស្មើ​នឹង ២០,៧​ភាគរយ​នៃ ផសស) កើន​ឡើង ១៤,១​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ដែល​រួម​ចំណែក​ភាគ​ច្រើន​ដោយ​កំណើន​នៃ​ការ​នាំ​ចេញ​កង់ និង​ទំនិញ​ផ្សេងៗ​ទៀត ក្រៅពី​ផលិតផល​វាយនភ័ណ្ឌ។ ចំណែក​ការ​នាំ​ចូល​ទំនិញ (ដក​មាស​ចេញ) មាន​ទឹក​ប្រាក់ ៨ ៦៦៤​លាន​ដុល្លារ (ស្មើ​នឹង ៣០,២​ភាគរយ នៃ​ផសស) កើនឡើង ១៧​ភាគរយ ដោយសារ​កំណើន​នៃ​ការ​នាំ​ចូល​ក្រណាត់ គ្រឿង​សំណង់ ប្រេង​ឥន្ទនៈ និង​ទំនិញ​ផ្សេងៗ។

បើតាម​របាយការណ៍​ខាងលើ ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ដែល​អូសបន្លាយ​មកដល់​ពេល​នេះ​កំពុង​បានដាក់​សម្ពាធ​លើ​សូចនាករ​សំខាន់ៗ​នៃ​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ទោះយ៉ាងណា​កម្ពុជា​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ខ្លួន​ឱ្យមាន​កំណើន​ល្អ​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

របាយការណ៍​បាន​បញ្ជាក់ថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​រំពឹងថា​នឹងមាន​កំណើន​វិជ្ជមាន​នៅក្នុង​ឆ្នាំ​ ២០២១ ដោយសារតែ​ការ​ងើបឡើង​វិញ​នៃ​ស្ថានភាព​សេដ្ឋកិច្ច សកល និង​សេដ្ឋកិច្ច​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា កំណើន​តម្រូវការ​ផលិតផល​កសិកម្ម និង​លទ្ធភាព​នៃ​ការបង្វែរ​ការបញ្ជា​ទិញ និង​រោងចក្រ​កាត់ដេរ​ពី​ប្រទេស​មីយ៉ាន់ម៉ា​មកកាន់​ប្រទេស​កម្ពុជា​»​។

សកម្មភាព​ម៉ាស៊ីន​លើក​ទូ​កុងតឺន័រ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។ ហេង ជីវ័ន

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៨ ខែកក្កដា​ថា នេះ​ជា​ទិន្នន័យ​ល្អ ព្រោះ​វា​បង្ហាញ​ពី​កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុងអំឡុងពេល​ដ៏លំបាក​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា ទោះ​កំណើន​នៃ​ការនាំចូល​បាន​ហក់​ឡើង​ខ្ពស់ ប៉ុន្តែ​ដោយសារ​ភាគច្រើន​ជា​វត្ថុធាតុ​ដើម​បម្រើឱ្យ​ចង្វាក់​ផលិតកម្ម​នាំចេញ ហេតុនេះ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​នៅពេល​ខាងមុខ​។

លោក​បន្ថែមថា កំណើន​នៃ​ការនាំចូល​វត្ថុធាតុដើម​បញ្ជាក់​ថា សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ចាប់ផ្តើម​មាន​ដំណើរការ​ឡើងវិញ​បណ្តើរៗ​ហើយ ព្រោះ​ទាល់​តែមាន​ការបញ្ជាទិញ ទើប​អ្នកវិនិយោគ​ធ្វើ​ការបញ្ជាទិញ​វត្ថុធាតុដើម​ពី​ក្រៅប្រទេស​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​មិនមាន​ការបារម្ភ​ពី​កំណើន​ការនាំចូល​ដែលមាន​រហូតដល់​ជិត ២០ ​ភាគរយ​នេះ​ទេ ព្រោះ​ភាគច្រើន​នៃ​ផលិតផល​នាំចូល​ទាំងអស់ គឺជា​វត្ថុធាតុដើម​សម្រាប់​ទ្រទ្រង់ ឬ​ចូលរួម​នៅក្នុង​ចង្វាក់​ផលិតកម្ម​សម្រាប់​ផលិត​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​វិញ​»​។ លោក​បន្ថែមថា​៖ «​តាមរយៈ​កំណើន​នៃ​ការនាំចូល​វត្ថុធាតុដើម ខ្ញុំ​សង្ឃឹមថា ការនាំចេញ​របស់​កម្ពុជា​ចាប់ពីពេលនេះ​ដល់​ចុងឆ្នាំ​នឹងមាន​អត្រាកំណើន​ល្អ​ជាង​ដើមឆ្នាំ​»​។

ជាមួយ​គ្នានេះ លោក​ក៏បាន​លើកឡើង​ដែរ​ថា វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​អូសបន្លាយ​ជាង ៥ ​ខែ​មកនេះ​ក៏​នឹង​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​បង្កើន​សមត្ថភាព​នាំចេញ​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់ថា នៅពេល​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​បង្ហាញ​ការនាំ​ចូល​មាន​ទំហំ​ធំ​ជាង​ការនាំចេញ គឺជា​សញ្ញា​អវិជ្ជមាន ប៉ុន្តែ​ក្នុងករណី​ដែល​ផលិតផល​នាំចូល​នោះ ជា​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​នាំចេញ​ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ​នោះ វា​ជា​ការល្អ​។ លោក​បន្តថា កំណើនការ​នាំ​ចូល​ក្រណាត់ និង​ប្រេងឥន្ធនៈ វា​អាចជា​សញ្ញា​ថា ការនាំចេញ​ផលិតផល​វាយនភណ្ឌ​នឹង​កើនឡើង​។

លោក​អះអាងថា​៖ «​ពាណិជ្ជកម្ម​អន្តរជាតិ​នៅពេលនេះ គឺ​បង្ហាញ​ពី​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច និង​ការនាំចេញ​នៅពេល​ខាងមុខ​ផងដែរ​»​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​កម្ពុជា​សម្រេចបាន​មានតម្លៃ​សរុប ៣៥ ៨០៥,៨៥ លាន​ដុល្លារ កើនឡើង ២,៥៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំចេញ​មាន ១៧ ២១៥, ៣៧ ​លាន​ដុល្លារ កើន ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ ​លាន​ដុល្លារ និង​នាំចូល ១៨ ៥៩០,៤៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,៨៤ ភាគរយ​ពី ២០ ១៧១,៨១ ​លាន​ដុល្លារ​៕LA